ព័ត៌មានជាតិ
លោក ហោ ណាំហុង ៖ ជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងផ្តល់អាទិភាពលើការពង្រឹងឯកភាពអាស៊ាន និងរក្សាឲ្យបាននូវស្ថិរភាពក្នុងតំបន់
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី៣ នៅឆ្នាំ២០២២ខាងមុខ កម្ពុជានឹងផ្តល់អាទិភាព លើការពង្រឹងឯកភាពអាស៊ានតួនាទីស្នូល របស់អាស៊ាន និងធានារក្សាឱ្យបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយលោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា អាស៊ាន និងចិន នឹងអាចសំរេចបាន “ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង(COC)” ដើម្បីជៀសវាងជម្លោះនៅសមុទ្រចិនខាងត្បូង។
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងខណ:លោកបានអនុញ្ញាតិអោយលោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំនៅកម្ពុជា ដើម្បីជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។
ក្នុងឱកាសជំនួបពិភាក្សានោះ លោក ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំនៅកម្ពុជា បានអរគុណកម្ពុជា ដែលបានគាំទ្រកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្ដ្រាលីលើកទី១ ដែលគ្រោងប្រព្រឹត្តិទៅនៅខែតុលា ឆ្នាំ២០២១នេះ។ ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតបានលើកថា នៅពេលអនាគតឆាប់ខាងមុខ អូស្ត្រាលី នឹងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប៉ុន្ដែមិនបំពាក់អាវុធនុយក្លេអ៊ែរទេ។
ចំណែកបញ្ហាសមុទ្រចិនខាងត្បូង លោកឯកអគ្គរដ្ឋទូតបានផ្តល់អនុសាសន៍អោយគ្រប់ភាគីជម្លោះទាំងអស់ដោះស្រាយតាមច្បាប់អន្ដរជាតិ UNCLOS ។ ដោយឡែកអំពីបញ្ហានៅប្រទេសមីយ៉ាន់ម៉ារ លោកឯកអគ្គរដ្ឋទូត បានលើកយកឧទាហរណ៍របស់កម្ពុជាក្នុងការដោះស្រាយជម្លោះក្រោម គោលនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ដើម្បីជួយដោះស្រាយ វិបត្តិបនៅមីយ៉ាន់ម៉ារ។ ដោយសារឆ្នាំក្រោយកម្ពុជាធ្វើជាប្រធានអាស៊ាន លោកឯកអគ្គរដ្ឋទូតបានលើកថា បេសកជនពិសេសរបស់កម្ពុជាមានតួនាទីសំខាន់ណាស់។
ជាការឆ្លើយ លោកនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណអូស្រ្តាលី ដែលតែងតែបានផ្តល់ជំនួយមកកម្ពុជា និងអាស៊ាន ជាពិសេសការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ។ លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន លើកទី៣នៅឆ្នាំ២០២២ កម្ពុជានឹងផ្តល់អាទិភាពលើការពង្រឹងឯកភាពអាស៊ានតួនាទីស្នូល របស់អាស៊ាន និងធានារក្សាឱ្យបាននូវ សន្តិភាព និងស្ថេរភាពក្នុងតំបន់ ព្រមទាំងដើម្បីពង្រឹងនិម្មាបន កម្មតំបន់អាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា អាស៊ាន និងចិនអាចសំរេចបាន “ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង(COC)” ដើម្បីជៀសវាងជម្លោះនៅសមុទ្រចិនខាងត្បូង។
ក្នុងឱកាសកិច្ចប្រជុំកំពូលនេះដែរ អាស៊ានអាចនឹងចេញសេចក្ដីរំលឹកខួបអនុស្សាវរីយ៍២០ឆ្នាំនៃ “សេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង(DOC)”។ លោកឧបនាយករដ្ឋមន្ត្រី បានពន្យល់ពីការខិតខំរបស់កម្ពុជានៅឆ្នាំ២០០២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី១ សម្រេចបាន DOC ដើម្បីជៀសវាងជម្លោះនៅសមុទ្រចិនខាងត្បូង ដែលសព្វថ្ងៃ២០ឆ្នាំក្រោយ ភាគីពាក់ព័ន្ធនៅតែទាមទារអនុវត្តន៍ DOC នេះ អោយបានពេញលេញ។
បើតាមលោកឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង នៅឆ្នាំ២០១២ ពេលកម្ពុជាធ្វើប្រធានអាស៊ានលើកទី២ យើងខិតខំអោយមានការចាប់ផ្ដើម ការចរចា “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់” ដែលពាក្យកាត់ហៅថា RCEP ដែលមានប្រទេសអាស៊ានទាំង១០ និងអូស្រ្តាលី ចិន ជប៉ុន កូរ៉េ និងញូវហ្សឺលែន។ RCEP នឹងផ្តល់ផលប្រយោជន៍ដ៏មានសក្តានុពលក្នុងធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងបណ្តាប្រទេសដែលចូលរួម RCEP នេះ ដើម្បីឱ្យធុរកិច្ចអាចដំណើរការកាន់តែប្រកបដោយប្រសិទ្ធិភាព និងសមត្ថភាព ទូទាំងតំបន់។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង លើកឡើងដែរថា បញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាយល់ឃើញថា សមុទ្រចិនខាងត្បូងគួរជាសមុទ្រប្រកបដោយសន្តិភាព និងស្ថេរភាព ដោយមានសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ នៅតំបន់សមុទ្រចិនខាងត្បូង។ បណ្តាប្រទេសដែលទាមទារអធិបតេយ្យភាពក្នុងសមុទ្រចិនខាងត្បូង គួរតែដោះស្រាយបញ្ហាទាមទារអធិបតេយ្យភាពដោយសន្ដិភាពស្របតាមច្បាប់អន្ដរជាតិ។ សង្ឃឹមថា អាស៊ាន និងចិន បន្តការចរចា ដើម្បីសំរេចបាន COC ក្នុងពេលឆាប់ៗ ដែលការចរចាបានសម្រេចជិតបញ្ចប់ហើយ។
ចំពោះបញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិក លោកឧបនាយករដ្ឋមន្ត្រីបានលើកថា កម្ពុជាគំាទ្រ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (ASEAN Outlook on Indo-Pacific) ដើម្បីធានានូវសន្តិភាព ស្ថេរភាព និងសន្តិសុខ ក្នុងតំបន់និងជាគំនិតផ្ដួចផ្ដើមបរិយាប័ន្ន និងបំពេញបន្ថែមលើនិម្មាបនកម្មតំបន់អាស៊ាន(ASEAN Regional Architecture)។
ទាក់ទងនឹងបញ្ហានាវាមុជទឹកនុយក្លេអ៊ែរនៅអូស្រ្ដាលី (AUKUS) ថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា នឹងមិនបណ្ដាលអោយមានការរត់ប្រណាំងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់អាស៊ីទេ៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ