ព័ត៌មានជាតិ
បើករឿងក្តីឲ្យពលរដ្ឋជម្លោះតទល់គ្នា រូបភាពនៅតែចងចាំអតីតអភិបាលខេត្តពោធិ៍សាត់
អភិបាលខេត្តជាច្រើនរូប ត្រូវបានរដ្ឋាភិបាលសម្រេចសម្រួលភារកិច្ចថ្មី។ យ៉ាងណាការចាកចេញរបស់ឯកឧត្ដម ម៉ៅ ធនិន អតីតអភិបាលខេត្តពោធិ៍សាត់ ហាក់ធ្វើឲ្យមានការចាប់អារម្មណ៍ជាងគេ។
ខណៈមន្រ្តីខេត្តរូបនេះបានសាងភាពលេចធ្លោជាពិសេស ការដោះស្រាយរឿងក្តីក្តាំង តាមរយៈវេទិកាទល់មុខជាមួយប្រជាពលរដ្ឋស្ទើររៀងរាល់សប្តាហ៍ ហើយសម្រេចក្តីដោយលើកយកហេតុនិងផល សម្របសម្រួលពីរឿងធំទៅរឿងតូច ទទួលបានការគាំទ្រនិងល្បីរហូតត្រូវបានមហាជនប្រសិទ្ធិនាមថាប៉ាវចិនខ្មែរទៀតផង។ ជារឿយៗ ឯកឧត្តមតែងតែកោះប្រជុំមន្ត្រីរដ្ឋបាលតាមស្រុកតាមមូលដ្ឋានជុំវិញខេត្ត ជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែលមានវិវាទនឹងគ្នា រាប់ចាប់តាំងពីវិវាទគ្រួសារដល់វិវាទដីធ្លី។
ចាប់តាំងពីឆ្នាំ២០១៤ មក លោក ម៉ៅ ធនិន តែងតែចំណាយពេលដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរាប់ពាន់ករណី តាមរយៈវេទិកាចំហរទល់មុខគ្នានៅសាលពន្លាជ័យក្នុងសាលាខេត្តពោធិ៍សាត់ មិនថារឿងទំនាស់ក្នុងគ្រួសារ និងបណ្ដឹងតវ៉ាផ្សេងៗទៀតទូទាំងខេត្ត។

ជម្លោះក្នុងគ្រួសារមានទាំងឪពុកម្តាយក្មេកឈ្លោះប្រកែកជាមួយកូនប្រសារ រឿងគ្រួសារប្តីប្រពន្ធ ទំនាស់ព្រំដីធ្លីពលរដ្ឋតាមមូលដ្ឋាន ត្រូវបានលើកយកមកដោះស្រាយទល់មុខគ្នា ដោយមានថ្នាក់ដឹកនាំខេត្តនិងមន្រ្តីមូលដ្ឋានដឹងឮរួមគ្នាដោះស្រាយ។
ឯកឧត្តម ម៉ៅ ធនិន បានបង្ហើបពីវិធីសាស្ត្រដោះស្រាយគឺទី១ កុំឈរនៅខាងណា ទី២ កុំឈរលើផលប្រយោជន៍ និងទី៣ ឋានានុក្រម ដោយប្រើយន្តការណ៍ច្បាប់ និងប្រើឋានានុក្រមគ្រួសារ។ ក្រៅពីបើកវេទិកាដែលពលរដ្ឋជាប់ពាក់ព័ន្ធក្តីអាចមកជួបតវ៉ាក្តីចំពោះមុខគ្នា អភិបាលខេត្តរូបនេះក៏ទៅដោះស្រាយបញ្ហាដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ។
លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មាននិងជាមន្រ្តីអ្នកនាំពាក្យខេត្តពោធិ៍សាត់បានប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ក្នុងអណ្ណតិតាំងពីឆ្នាំ ២០១៤ មក អតីតអភិបាលខេត្តលោកម៉ៅ ធនិន បានបង្កើតភាពស្និទ្ធិស្នាលជាមួយប្រជាពលរដ្ឋទូទាំងខេត្ត រួមទាំងមន្រ្តីគ្រប់លំដាប់ថ្នាក់ ជាពិសេសការចូលខ្លួនទៅសម្របសម្រួលដោះស្រាយរឿងក្តីប្រជាពលរដ្ឋតាមមូលដ្ឋាន និងការសាងសមិទ្ធផលអភិវឌ្ឍសម្រាប់ប្រជាជនខេត្តពោធិសាត់។


ទំនាស់ដែលលោកបានចូលខ្លួនសម្របសម្រួលដោះស្រាយមានទាំងរឿងក្នុងគ្រួសារដូចជាជម្លោះប្តីប្រពន្ធ ឪពុកម្តាយក្មេក ទំនាស់បែងចែកទ្រព្យសម្បត្តិ រឿងព្រំរបងដីរបស់ប្រជាពលរដ្ឋ រួមទាំងជម្លោះមានពាក់ព័ន្ធក្រុមហ៊ុនអភិវឌ្ឍ និងករណីផ្សេងៗមួយចំនួនទៀត។
លោកបានបន្តថា ក្នុងអណ្ណិតលោកកាន់តំណែង បានដោះស្រាយសំណុំរឿងមិនក្រោម ៣០០០ ករណីតាមរយៈវេទិកាជាមួយប្រជាពលរដ្ឋ និងការទៅដោះស្រាយតាមមូលដ្ឋានផ្ទាល់តែម្តង។ ពេលខ្លះមួយអាទិត្យលោកបើកវេទិកា ៣ ដង ក៏មានដែរតាមសំណុំរឿងច្រើនឬតិចដែលដាក់ពីប្រជាពលរដ្ឋ។
លោក លាង ទិតដ្ឋានបានបន្តថា រាល់ការដោះស្រាយលោកប្រើយន្តការសម្របសម្រូល ភាពឈ្លាសវៃ និងទេពកោសល្យ ពិសេសការយករឿងទាំងមូលមកដាក់ក្នុងបេះដូង ដោយឈរលើហេតុនិងផល រួមទាំងច្បាប់ផងដែរ។

អ្វីដែលពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ចងចាំមិនភ្លេចនោះ ថ្នាក់ដឹកនាំខេត្តរូបនេះក៏តែងតែរៀបចំកម្មវិធីផ្តល់ស្បៀងអាហារចែកដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតនៅក្នុងខេត្តពោធិ៍សាត់ជាទៀងទាត់។
ទាក់ទងស្នាដៃអភិវឌ្ឍក្នុងខេត្តវិញ លោកបានយកចិត្តទុកដាក់ក្នុងការសាងសង់ទំនប់ប្រឡាយ ហេដ្ឋារចនាសម្ព័ន្ធរាប់មិនអស់ ជាពិសេសអគារសាលាខេត្តក៏ជាស្នាដៃរបស់លោកដែរ។
លោក លាង ទិតដ្ឋាន បានញ្ជាក់ថា ទោះបីលោកអភិបាលខេត្តត្រូវចាកចេញ តែរាល់រូបភាពនិងសមិទ្ធផលដែលលោកបានខិតខំលះបង់គ្រប់បែបយ៉ាង នឹងជាការចងចាំសម្រាប់ពលរដ្ឋខេត្តពោធិ៍សាត់ជារៀងរហូត។
ថ្មីៗនេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ទេរភារកិច្ចអភិបាលខេត្ត និងតែងតាំងមុខតំណែងថ្មីចំនួន ៨រូប។ ក្នុងនោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នឹងផ្លាស់ទៅកាន់តំណែងជាអភិបាលខេត្តកំពតជំនួសលោក ជាវ តាយ ដែលក្លាយជាអភិបាលខេត្តពោធិ៍សាត់វិញ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់