Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ យើងត្រូវតែ​ រៀនរស់ រៀនធ្វើការ ក្នុងស្ថានភាពដែលកូវីដ វានៅរាតត្បាត

បានផុស

នៅ

«យើងត្រូវតែ រៀនរស់ រៀនធ្វើការ ក្នុងស្ថានភាពដែលកូវីដវានៅរាតត្បាត»។ នេះជាការលើកឡើង របស់​សម្ដេច​ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច​អភិបាល​ខេត្ត​ស្ទឹងត្រែងថ្មី នាព្រឹក​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅមិនទាន់ចប់នៅឡើយទេ ទោះបី​ថា មានការថយចុះ ទាំងក្នុងក្របខណ្ឌពិភពលោក ក្នុងតំបន់ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ។ តាមសម្ដេច​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានការថយចុះ ដោយថ្ងៃនៅថ្ងៃនេះ តួលេខដែល​សម្ដេច​ទទួលបានគឺមិនដល់ ២០០នាក់នោះទេ តែចំនួនអ្នកស្លាប់នៅតួលេខ ២ខ្ទង់ដដែល។ ការណ៍នេះសម្ដេច​ក្រឡា​ហោម បានអំពាវនាវឲ្យយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់នូវការរាលដាលនៃជំងឺនេះ ដោយថា មិនត្រូវ​មាន​ការ​មើលស្រាលនោះទេ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់កូវីដនេះដែរ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងជាក់ស្ដែងដូចកម្មវិធី​ប្រកាសផ្ទេរភារកិច្ចអភិបាលខេត្តស្ទឹងត្រែងថ្មីនៅថ្ងៃនេះ គឺការរៀបចំនៅទីវាល មានខ្យល់ចេញចូលគ្រប់ ហើ​យ​មានការអង្គុយរក្សាគម្លាតគ្នាជាដើម ដែលនេះជាផ្នែកមួយនៃការរៀនរស់ជាមួយកូវីដ។

តាមសម្ដេចក្រឡាហោម ស ខេង «ត្រូវរស់ជាមួយកូវីដ ពីព្រោះបើវាមិនបាត់ វានៅតែមានអញ្ចឹង ដូច្នេះយើងមិ​នអាចអង្គុយរង់ចាំ​ ឲ្យវាបាត់ហើយ បានយើងធ្វើការទេ ការងាររបស់យើងវាជាន់កែងទៅហើយ ដូច្នេះយើងត្រូវ​តែរៀនរស់ រៀនធ្វើការ ក្នុងស្ថានភាពដែលកូវីដវានៅរាតត្បាត ទោះបីវាមិនខ្លាំងដូចពីមុនក្ដី»។

សម្ដេចឧបនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ទាំងអ្នកវិទ្យាសាស្រ្ដ ក៏ដូចជាអ្នកប្រាជ្ញ មិនទាន់អាចទស្សន៍ទាយថា ជំងឺកូវីដ-១៩​ នឹងត្រូវបញ្ចប់នៅឆ្នាំនេះ ឬឆ្នាំក្រោយជាក់លាក់នោះដែរ។ ដូច្នេះយើងត្រូវរៀនរស់នៅ ក្នុងស្ថាន​ភា​ព​នេះ បន្តរាតត្បាត។  

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានស្វែងរកវ៉ាក់សាំង និងចាក់វ៉ាក់សាំងជូនប្រជាជន​បានច្រើន​ជា​គេ ជាពិសេសនៅរាជធានីភ្នំពេញ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម