ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ នាំអំណោយ និងថវិកា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់បុគ្គលិកដោះមីន ចំនួន២៩នាក់ ដែលមានវិជ្ជមានកូវីដ-១៩ និងកំពុងធ្វើចត្តាឡីស័កនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់បុគ្គលិកដោះមីន ដែលបម្រើការងារនៅអង្គការ Halo Trust ចំនួន ២៩នាក់ ក្នុងនោះមានវិជ្ជមានកូវីដ-១៩ចំនួន ២៤នាក់ និងកំពុងជាប់ធ្វើចត្តាឡីស័ក ចំនួន ០៥នាក់ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន លោក ហេង សុភាណា អភិបាលស្រុកភ្នំក្រវាញ លោកស្រី ប៊ុត រតនា នាយិកាមូលនិធិ Sir Bobby Charlton ប្រចាំកម្ពុជា និងកងកម្លាំងប្រដាប់អាវុធស្រុក។
គ្រឿងឧបភោគ បរិភោគដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន៖ អង្ករ, ទឹកបរិសុទ្ធ, ភេសជ្ជៈ, ទឹកស៊ីអ៉ីវ, មី, ត្រីខកំប៉ុង, ម៉ាស់ និងអាកុល ព្រមទាំងថវិកាឧបត្ថម្ភបុគ្គលិកអង្គការ Halo Trust ក្នុងម្នាក់២០ម៉ឺនរៀល ផងដែរ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានពាំនាំសេចក្ដីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនអ្នកដោះមីនទាំងអស់ ព្រមទាំងបានបញ្ជាក់បន្ថែមថា «សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិប៉ុណ្ណោះទេ ថែមទាំងជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតជំងឺកូវីដ១៩ទៀតផង តាមរយៈការខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានជាបន្តបន្ទាប់ដោយឥតគិតថ្លៃ»។

ជួសមុខឱ្យបុគ្គលិកដោះមីនកម្ពុជាទាំងអស់ លោកទេសរដ្ឋមន្ត្រី លី ធុជ បានសម្ដែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់អាណិតអាសូរ និងគិតគួរដល់សុខទុក្ខ របស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការឧបត្ថម្ភគាំទ្រដល់បុគ្គលិកដោះមីនទាំងអស់ រាល់ទុក្ខលំបាក និងគ្រប់ពេលវេលា ជាពិសេសថ្មីៗនេះ បងប្អូនអ្នកដោះមីនទាំងអស់បានទទួលនូវវ៉ាក់សាំងបង្ការកូវីដ-១៩ គ្រប់ៗគ្នា។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានលេីកឡេីងថា៖ «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីបាននាំមកនូវសុខសន្តិភាព និងស្ថេរភាពនយោបាយពាសពេញផ្ទៃប្រទេស ជូនជាតិមាតុភូមិរួចហើយ អញ្ចឹងបងប្អូនអ្នកដោះមីន ដែលជាក្មេងជំនាន់ក្រោយពិតជាមានភារកិច្ចយ៉ាងសំខាន់ ក្នុងការចូលរួមជាមួយសម្តេចតេជោ ដល់កិច្ចគាំពារសន្តិភាព សម្រាប់ជនរួមជាតិ ព្រមទាំងចូលរួមប្រែក្លាយទឹកដីអតីតសមរភូមិ និងមានការគំរាមកំហែងខ្ពស់ដោយសារមីន ទៅជាដីដែលមានសុវត្ថិភាព និងការអភិវឌ្ឍ»។
បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារបោសសម្អាតមីននៅកម្ពុជា នៅតែបន្តទៅមុខជានិច្ចទោះបី មានការរីករាលជំងឺកូវីដ១៩ ក៏ដោយព្រមទាំងបានណែនាំឱ្យបុគ្គលិកអ្នកដោះមីនទាំងអស់ ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់រក្សាអនាម័យ និងថែរក្សាសុខភាព ជាពិសេសត្រូវបន្តអនុវត្តន៍តាមវិធានការណែនាំរបស់សម្តេចតេជោ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា អង្គការ HALO Trust បានបម្រើការងារសកម្មភាពមីនមនុស្សធម៌ នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១ ហើយបច្ចុប្បន្ននេះ មានបុគ្គលិកចំនួន ១,២១៥ នាក់ ក្នុងនោះបុគ្គលិកបរទេសចំនួន ៣នាក់ ប្រតិបត្តការបោសសម្អាតមីន នៅក្នុងខេត្តចំនួន៧ រួមមានខេត្តពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប ។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ អង្គការ HALO Trust បានរំដោះផ្ទៃដីមានមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ ៤០៨ គីឡូម៉ែត្រក្រឡា រកឃើញ និងកម្ទេចមីនប្រឆាំងមនុស្សបានចំនួន ៣០០,៥២១ គ្រាប់មីនប្រឆាំងរថក្រោះ ៤,៩៣៩ គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះ ២០៩,៤៦៨ គ្រាប់ ព្រមទាំងមានអ្នកទទួលផលប្រមាណ ១ លាននាក់៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ