ព័ត៌មានជាតិ
គណៈរដ្ឋមន្ត្រីអនុម័ត និងបន្ថែមពាក្យពេចន៍មួយចំនួនលើ សេចក្តីព្រាងច្បាប់ ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែតុលានេះ បានសម្រេចអនុម័ត និងបន្ថែមពាក្យពេចន៍មួយចំនួនលើ “សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន”។ នេះបើតាមការឲ្យដឹងពីលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សូមជម្រាបថា កាលពីឆ្នាំ២០១៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានការអនុញ្ញាតដើម្បីដឹកមុខលើការងាររៀបចំក្របខណ្ឌគោលនយោបាយ យុទ្ធសាស្រ្ត និងគតិយុត្តសម្រាប់គ្រប់គ្រង រៀបចំ និងអនុវត្តគម្រោងវិនិយោគសាធារណៈ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលហៅកាត់ថា “ភ.រ.ជ” នៅកម្ពុជា។ ក្នុងចំណោមវិធានការគោលនយោបាយគន្លឹះៗ ដែលបានដាក់ចេញក្នុងឯកសារគោលនយោបាយនេះវិធានការនេះ វិធានការគន្លឹះមួយ គឺការពិនិត្យឡើងវិញលើច្បាប់ស្តីពីសម្បទាន និងរៀបចំក្របខណ្ឌគតិយុត្ត និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគម្រោង (Standard Operating Procedures-SOPs)។
នៅក្នុងកិច្ចដំណើរការរៀបចំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសេចក្តីព្រាងច្បាប់នេះ ដោយទទួលបានការគាំទ្របច្ចេកទេសពីជំនាញការផ្នែកច្បាប់របស់ ADB ចាប់តាំងពីឆ្នាំ២០១៧មក និងបានអនុវត្តកម្មវិធីឆ្លងការជាបន្តបន្ទាប់ ដោយក្នុងនោះ៖ បានដាក់សេចក្តីព្រាងច្បាប់ស្តីពីភ.រ.ជ នេះ បានពិនិត្យ និងផ្តល់យោបល់លើជំពូកចំនួន ៤ នៃសេចក្តីព្រាងច្បាប់នេះពាក់ព័ន្ធនឹង៖ (១) ការដោះស្រាយវិវាទ (២)ទោសប្បញ្ញត្តិ (៣) អន្តរប្បញ្ញត្តិ និង (៤) អវសានប្បញ្ញត្តិ ព្រមទាំងបានដាក់សេចក្តីព្រាងច្បាប់ចុងក្រោយនេះផងដែរ។
១.បរិការណ៍នេះការរៀបចំ និងគោលបំណងនៃសេចក្តីព្រាងច្បាប់ស្តីពីភ.រ.ជ
សេចក្តីព្រាងច្បាប់ស្តីពីភ.រ.ជ គឺត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍៖ (១) ការថយចុះហិរញ្ញប្បទានឥតសំណងលើ សកលលោក និងការបាត់បង់ជាបណ្ដើរៗនូវឥណទានសម្បទានកម្រិតខ្ពស់របស់កម្ពុជានាពេលអនាគត, នេះម្យ៉ាង និងម្យ៉ាងទៀត, ប្រភពធនធានថវិកាជាតិនៅមានកម្រិតនៅឡើយ, ប៉ុន្តែតម្រូវការទុនវិនិយោគសាធារណៈកាន់តែមានទំហំធំឡើងជាលំដាប់ ()វិបត្តិជំងឺកូវីដ-១៩ កំពុងយាយីនិងបង្កផលប៉ះពាល់អវិជ្ជមាន ដល់សមិទ្ធផលសង្គម-សេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាននាពេលកន្លងមក និងបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជា ជាពិសេសអាចនឹងពន្យាពេលនៃការឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ (៣) កិច្ចខិតខំប្រែងក្នុងការបញ្ចៀសកម្ពុជាកុំឱ្យធ្លាក់ផុងទៅក្នុង “អន្ទាក់នៃថ្លៃ” ដែលអាចកើតឡើងតាមរយៈការចុះកិច្ចសន្យាដែលមានរយៈពេលវែង ដោយមិនមានការពិនិត្យ និងវាយតម្លៃត្រឹមត្រូវ និងហ្មត់ចត់ និង (៤) ការជំរុញកំណើន និងការរក្សាជីវភាពសេដ្ឋកិច្ចកម្ពុជា ដោយផ្អែកលើមូលដ្ឋានប្រភពធនធាន និងនវានុវត្តន៍ពីវិស័យឯកជន ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការផ្តល់សេវាសាធារណៈ។
សេចក្តីព្រាងច្បាប់នេះ នឹងបង្កើតក្របខណ្ឌគតិយុត្តមួយ ដែលមានភាពច្បាស់លាស់ ប្រកបដោយតម្លាភាព និងគណ នេយ្យភាព និងបំពេញបន្ថែមនូវនីតិវិធី និងគោលការណ៍ណែនាំចាំបាច់មួយចំនួនទៀត ដែលច្បាប់ស្តីពីសម្បទានមិនមានចែង ដោយម្យ៉ាង គឺដើម្បីធានាបានថា ដំណើរការរៀបចំអភិវឌ្ឍគម្រោង តាមយន្តការភ.រ.ជ ប្រព្រឹត្តទៅដោយអនុលោមតាមក្របខណ្ឌនិងនីតិវិធីរួមមួយ ដែលបានផ្តល់និង/ឬសន្យានឹងផ្តល់ការគាំទ្ររបស់រដ្ឋជាផ្នែកហិរញ្ញវត្ថុនិង/ឬការគាំទ្រផ្សេងទៀត សម្រាប់គម្រោង។
សេចក្តីព្រាងច្បាប់នេះ ក៏ដាក់ចេញផងដែរនូវនីតិវិធីលទ្ធកម្មជ្រើសរើសដៃគូឯកជនដើម្បីអនុវត្តគម្រោងភ.រ.ជ ទីប្រឹក្សាគាំទ្រដល់ការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោងភ.រ.ជ ក្របខណ្ឌសម្រាប់គ្រប់គ្រង និងតាមដានការអនុវត្តគម្រោងភ.រ.ជ និងយន្តការគាំទ្រហិរញ្ញវត្ថុ ព្រមទាំងការលើកទឹកចិត្តវិនិយោគសម្រាប់គម្រោងភ.រ.ជ។
ក្នុងន័យនេះ សេចក្តីព្រោងច្បាប់ស្តីពីភ.រ.ជ នេះ នឹងក្លាយជាក្របខណ្ឌគតិយុត្តដ៏សំខាន់មួយ ក្នុងការបង្កើតបរិស្ថានអំណោយផល ដើម្បីបន្តជំរុញការចូលរួមរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ សំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលដែលវិបត្តិនៃជំងឺកូវីដ-១៩ថមថយ និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។
២.ទម្រង់នៃសេចក្តីព្រាងច្បាប់ស្តីពីភ.រ.ជ
សេចក្តីព្រាងច្បាប់ស្តីពីភ.រ.ជ នេះ ជាច្បាប់ថ្មី ជំនួសឱ្យច្បាប់ស្តីពីសម្បទាន ហើយក៏ពុំមែនជាច្បាប់ស្តីពីវិសោធនកម្មនោះទេ។ ទន្ទឹមនេះ ដើម្បីអនុវត្តតាមបទបញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះ ឱ្យបានពេញលេញ និងមានលក្ខណៈជាប្រព័ន្ធ ស្របតាមចក្ខុវិស័យដូចមានចែងនៅក្នុងឯកសារគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការភ.រ.ជ សម្រាប់ការគ្រប់គ្រងគម្រោង វិនិយោគសាធារណៈ ២០១៦-២០២០ ។
៣. អត្ថប្រយោជន៍នៃសេចក្តីព្រាងច្បាប់ស្តីពីភ.រ.ជ
កិច្ចលទ្ធកម្មគម្រោងវិនិយោគសាធារណៈ តាមយន្តការភ.រ.ជ គឺមានភាពខុសគ្នាជាមួយនឹងកិច្ចលទ្ធកម្មសាធារណៈ និងកិច្ចលទ្ធកម្មពីប្រភពថវិកាដៃគូអភិវឌ្ឍន៍។ ភាពខុសគ្នានេះ ទាមទារឱ្យមានការទទួលយកនូវអភិក្រមថ្មី និងបង្កើនជំនាញសមត្ថភាពការវិភាគ និងវាយតម្លៃ នៅក្នុងវិស័យសាធារណៈ ព្រមទាំងយល់ដឹងពីតម្រូវការមុខចំណាយថ្មីទៀត មានជាអាទិ៍៖ ការបំពេញផលហិរញ្ញវត្ថុគម្រោង, កិច្ចធានារបស់រដ្ឋ និងវិភាគទានទ្រព្យសម្បត្តិរដ្ឋជាដើម។
សេចក្តីព្រាងច្បាប់នេះ ផ្តល់នូវអត្ថប្រយោជន៍គន្លឹះចំនួន ២ដូចខាងក្រោម៖
– ការពង្រីកលំហហិរញ្ញវត្ថុសាធារណៈ ៖ តាមរយៈការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូល និងការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយភាពហ្មត់ចត់ និងប្រយ័ត្នប្រយែងខ្ពស់, លទ្ធភាពបង្កើនចំណាយសាធារណៈ ក្នុងការរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលជាឃ្នាស់នៃកំណើនសេដ្ឋកិច្ច និងពង្រីកវិសាលភាពសេវាសាធារណៈឱ្យកាន់តែប្រសើរ និងខិតជិតប្រជាពលរដ្ឋ។
– ប្រសិទ្ធភាព និងនវានុវត្តន៍នៃការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោងរបស់វិស័យឯកជន ៖ បច្ចុប្បន្នការរៀបចំ និងអនុវត្តគម្រោងវិនិយោគសាធារណៈ តាមកិច្ចលទ្ធកម្មសាធារណៈពីប្រភពថវិកាជាតិ និងប្រភពធនធានហិរញ្ញប្បទានកៀរគរបានពីដៃគូអភិវឌ្ឍន៍ ផ្តោតសំខាន់លើលក្ខណៈបច្ចេកទេស តាមយថាប្រភេទ និងបរិមាណនៃទំនិញ ការងារសាងសង់ ការងារជួសជុល ឬសេវាកម្ម ឬហៅថាបទដ្ឋានយថាប្រភេទធាតុចូល (Input Specifications) ។ដោយឡែក កិច្ចលទ្ធកម្មតាមយន្តការភ.រ.ជ គឺផ្តោតលើបទដ្ឋានយថាប្រភេទធាតុចេញ (Output Specifications) នៃការសាងសង់ និងការងារប្រតិបត្តិការ ដែលផ្តល់លទ្ធភាពឱ្យវិស័យឯកជនអាចប្រើប្រាស់នូវចំណេះដឹង ចំណេះធ្វើរបស់ខ្លួន ក្នុងការរៀបចំអភិវឌ្ឍ និងអនុវត្តគម្រោងភ.រ.ជ ដែលគ្របណ្ដប់ពេញវដ្ដគម្រោងរួមមាន៖ ការងារពាក់ព័ន្ធនឹងការរចនាប្លង់វិស្វកម្ម ការសាងសង់ ហិរញ្ញប្បទានគម្រោង ការធ្វើប្រតិបត្តិការ និងការថែទាំទ្រព្យសម្បត្តិគម្រោង ដើម្បីឆ្លើយតបនឹងតម្រូវការអ្នកប្រើប្រាស់និងភាគីរដ្ឋ ដែលជាគូភាគីនៃកិច្ចសន្យា ប៉ុន្តែនៅតែទទួលបានផលចំណេញហិរញ្ញវត្ថុសមរម្យ ផ្អែកលើសមិទ្ធិកម្មការងារក្នុងអនុវត្តគម្រោង។
សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាក្របខណ្ឌគតិយុត្តដ៏សំខាន់មួយ នឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទញចំពោះវិស័យឯកជនពីបរទេសនិងក្នុងស្រុក ដើម្បីចូលរួម និងជំរុញការអភិវឌ្ឍគម្រោងវិនិយោគសាធារណៈ តាមយន្តការភ.រ.ជ ដែលជាតម្រូវការចាំបាច់ក្នុងការទ្រទ្រង់ចីរភាពកំណើនសេដ្ឋកិច្ចរយៈពេលវែង, ការបង្កើនសមត្ថភាពប្រកួតប្រជែង, និងការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត