ព័ត៌មានជាតិ
អ្នកវិភាគ ៖ ការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលជាតិ គឺជាគំនិតផ្ដួចផ្ដើមមួយដ៏ត្រឹមត្រូវ
អ្នកវិភាគបញ្ហានយោបាយ បានលើកឡើងថា គំនិតផ្ដួចផ្ដើម ដែលចង់ឲ្យកំណត់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ ត្រូវតែមាន “សញ្ជាតិខ្មែរតែមួយគត់” នោះ គឺជាគំនិតផ្ដួចផ្ដើមមួយដ៏ត្រឹមត្រូវ ហើយក៏អាចធ្វើឲ្យអ្នកនយោបាយមានការទទួលខុសត្រូវ ចំពោះប្រជាជាតិខ្លួនឯង និងចំពោះមុខច្បាប់ផងដែរ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយ មានប្រសាសន៍នៅថ្ងៃទី៨ ខែតុលានេះថា គំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ដែលចង់ឲ្យកំណត់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ ត្រូវតែមាន “សញ្ជាតិខ្មែរតែមួយគត់” នោះ គឺជាគំនិតផ្ដួចផ្ដើមមួយដ៏ត្រឹមត្រូវ ហើយឆ្លុះបញ្ចាំងអំពីតម្រូវការសម្រាប់ប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ មានគំនិតជាតិនិយមពិតប្រាកដ ដើម្បីកុំឲ្យមានបញ្ហាទំនាស់ផលប្រយោជន៍។
ត្រង់ចណុចនេះ លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា «ប្រសិនបើមេដឹកនាំកំពូលទាំង ៤ស្ថាប័ន ដូចដែលមានក្នុងគំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោហ្នឹង ហើយជាប់ពាក់ព័ន្ធនឹងសញ្ជាតិដទៃ វាអាចនិងមានបញ្ហា ទី១ គឺពាក់ព័ន្ធជាមួយនឹងភាពជាតំណាងនៃប្រទេសកម្ពុជា ហើយទី២ វាអាចទំនាស់ផលប្រយោជន៍ ឧបមាថា បើគាត់ជាតំណាងឲ្យកម្ពុជាផង ឬគាត់តំណាងឲ្យជាតិសាសន៍ផ្សេងដទៃទៀត សួរថាតើ ការការពារផលប្រយោជន៍កម្ពុជា នៅពេលដែលផលប្រយោជន៍នោះ វាទាក់ទងជាមួយផលប្រយោជន៍ប្រទេសផ្សេងទៀត ដែលគាត់កំពុងតែមានសញ្ជាតិដែរ អាហ្នឹងវាទៅជាយ៉ាងណា!»។

អ្នកវិភាគបញ្ហានយោបាយរូបនេះ បានលើកឡើងបន្តថា គំនិតផ្ដួចផ្ដើមខាងលើនេះ ក៏អាចធ្វើឲ្យអ្នកនយោបាយមានការទទួលខុសត្រូវ ចំពោះប្រជាជាតិខ្លួនឯង ចំពោះប្រជាជនកម្ពុជា និងចំពោះមុខច្បាប់ ហើយដើម្បីកុំឲ្យអ្នកនយោបាយដែលមានសញ្ជាតិពីរ នៅពេលប្រព្រឹត្តបទល្មើសផ្សេងៗ រួចគេចខ្លួនពីសំណាញ់ច្បាប់ របស់ប្រទេសកម្ពុជា ទៅជ្រកកោននៅប្រទេសមួយផ្សេងទៀត ដែលខ្លួនមានសញ្ជាតិដែរនោះ។
បើតាមលោកបណ្ឌិត គិន ភា ការកំណត់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ ត្រូវតែមាន “សញ្ជាតិខ្មែរតែមួយគត់” នោះ ទោះតិច ឬច្រើន ក៏នឹងរួមចំណែកធ្វើឲ្យប្រទេសកម្ពុជា រក្សាបាននូវស្ថិរភាពនយោបាយ ហើយមិនមានការជ្រៀតជ្រែក ឬក៏ការចូលអន្តរាគមន៍ពីបរទេសណាមួយ តាមរយៈការកំណត់ដោយច្បាប់បែបនេះ។
«ហើយចុងក្រោយ! ខ្ញុំគិតថា គំនិតផ្ដួចផ្ដើមនេះ គឺជាការបិទបញ្ចប់នូវសង្ស័យទាំងឡាយ ពាក់ព័ន្ធទៅនឹងការកាលដែលចោទប្រកាន់ ដោយគ្មានមូលហេតុ ដោយគ្មានភស្ដុតាង ដោយគ្មានទឡ្ហីករត្រឹមត្រូវ របស់ សម រង្ស៊ី ទៅលើសម្ដេចតេជោ ថាមានទិញលិខិតឆ្លងដែនបរទេស ឬក៏ទិញសញ្ជាតិបរទេសជាដើមអញ្ចឹង»។ នេះជាការលើកឡើងបន្ថែមពីលោកបណ្ឌិត គិន ភា។
លោកបណ្ឌិតអ្នកវិភាគដដែលនេះ បានលើកឡើងទៀតថា ទោះបីជាសារព័ត៌មាន The Guardian បានកែសម្រួលនូវចំណុចខុសឆ្គង របស់ខ្លួនក៏ដោយ ក៏បុគ្គល សម រង្ស៊ី ហាក់ដូចជាមិនបានផ្លាស់ប្ដូរនូវឥរិយាបទរបស់ខ្លួន ចំពោះការចោទប្រកាន់បែបញុះញង់ បែបបង្កចលាចលដល់សន្តិសុខសង្គមនៅឡើយទេ ពោលគឺបុគ្គលរូបនេះ នៅតែព្យាយាមប្រឌិត និងបង្កើតព័ត៌មានផ្សេងៗទៀត។
លោកបន្ថែមទៀតថា សម្រាប់ប្រជាជាតិខ្មែរទាំងមូល គាំទ្រនូវគំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោខាងលើនេះ ហើយតាមរយៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែតុលានេះ បានលេចចេញជារូបរាងបណ្ដើរៗហើយ ដោយសមាជិកពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័ត និងកែសម្រួលពាក្យពេចន៍មួយចំនួន លើ “សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣និង មាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ”។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី៦ ខែតុលានេះថា ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា «ខ្ញុំបានប្រគល់ការងារជូនឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សារៀបចំ ធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ