Connect with us

ព័ត៌មានជាតិ

គ្រូបង្រៀន​ជាង​​១ពាន់​នាក់​ទៀត​មិន​ទាន់​​ធ្វើ​តេស្ត

បានផុស

នៅ

ភ្នំពេញ៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានឱ្យដឹងនៅព្រឹកនេះថា ក្រុមការងារនៅតាមសាលានីមួយៗនៅក្នុងរាជធានីភ្នំពេញនឹងបន្តយកសំណាករកជំងឺកូវីដ១៩ដល់លោកគ្រូអ្នកគ្រូប្រមាណជាង១ពាន់នាក់ទៀត ដែលនៅសេសសល់មិនទាន់​បានធ្វើតេស្ត។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបាន​ឲ្យ​ដឹងថា អ្នកគ្រូលោកគ្រូជាង១ពាន់នាក់ទៀត ដែលនៅមិនទាន់បានធ្វើតេស្តដោយសារពួកគាត់ទៅលេងស្រុកកំណើតនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅមិនទាន់បានវិលត្រឡប់មក​វិញ​នៅឡើយទេ ព្រោះថាពួកគាត់មិនត្រូវថ្ងៃដែលត្រូវបង្រៀន។ ដូច្នេះពួកគាត់ត្រូវធ្វើតេស្តនៅថ្ងៃទី១១ខែតុលានេះមុននឹងចូលបង្រៀន ហើយបើរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ មន្ទីរនឹងបញ្ជួនទៅព្យាបាលតាមផ្ទះឬតាមមណ្ឌលព្យាបាលនានាទៅតាមស្ថានភាពជំងឺជាក់ស្តែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តទៀតថា លោកគ្រូអ្នកគ្រូចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ដែលត្រូវធ្វើតេស្តមានប្រមាណ៧ពាន់នាក់ ដោយចាប់ផ្តើមធ្វើតេស្តពីថ្ងៃទី៨និងទី៩តុលា ហើយជាលទ្ធផលក្រុមការងារបានធ្វើតេស្តរកជំងឺកូវីដ១៩ដល់លោកគ្រូអ្នកគ្រូប្រមាណជិត៦ពាន់នាក់ ក្នុងនោះបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ចំនួន១១នាក់ ។

ក្នុងចំណោមអ្នកជំងឺ១១នាក់មាន១០នាក់ បានស្ម័គ្រចិត្តព្យាបាលជំងឺនៅតាមផ្ ទះនិង១នាក់ទៀតបានបញ្ជួនទៅព្យាបាល​ជំងឺនៅតាមមណ្ឌលព្យាបាល ដោយសារគាត់មានបញ្ហាជំងឺផ្ទាល់ខ្លួន។

លោក ប្រធានមន្ទីរបានឱ្យដឹងទៀតថា សាលារាជធានីភ្នំពេញបានផ្តល់ឧបករណ៍តេស្តចំនួន៧៣០០តេស្ត សម្រាប់ធ្វើតេស្តដល់គ្រូចាប់ពីថ្នាក់ទី៧ដល់ទី១២ចំនួន៧០០០នាក់ មុនអនុញ្ញាតឱ្យចូលបង្រៀន។ ចំណែកសាលាឯកជនក៏តម្រូវធ្វើតេស្តដល់គ្រូដែរ តែសាលានីមួយៗត្រូវទិញឧបករណ៍តេស្តសម្រាប់ធ្វើតេស្តដោយខ្លួនឯង។

លោក ហែម ស៊ីណារ៉េត បានបញ្ជាក់ថា ចំណែកសិស្សានុសិស្សវិញមន្ទីរអប់រំលើកទឹកចិត្តឱ្យធ្វើតេស្តដោយខ្លួនឯងបើសិនជាមានលទ្ធភាពហើយក្នុងករណីសង្ស័យថាមានឆ្លងជំងឺកូវីដ១៩សូមទៅស្វែងរកកន្លែងពិនិនិត្យសំណាកដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម