ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ ការកំណត់សញ្ជាតិខ្មែរតែមួយ មិនបានសំដៅលើបុគ្គលណាម្នាក់ ឬក្រុមណាមួយនោះទេ
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា សម្រាប់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិនោះ មិនបានសំដៅលើបុគ្គលណាម្នាក់ ក្រុមណាមួយ ឬក៏អ្នកនយោបាយណាមួយនោះទេ ពោលគឺកំណត់តែទៅលើមុខតំណែងកំពូលៗ របស់ជាតិចំនួន ៤រូបតែប៉ុណ្ណោះ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍នៅព្រឹកថ្ងៃទី១២ ខែតុលាថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ មិនបានសំដៅដល់បុគ្គលណាមួយ ក្រុមណាមួយ ឬអ្នកនយោបាយណាម្នាក់នោះទេ តែចង់កំណត់ទៅលើមុខតំណែងប៉ុណ្ណោះ។ មុខតំណែងនោះ គឺជាប្រធានស្ថាប័នកំពូលៗ របស់ជាតិទាំង ៤រូប ដែលរួមមាន៖ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី, និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
លោក ជិន ម៉ាលីន មានប្រសាសន៍បន្តថា «អញ្ចឹងគេអត់កំណត់ ឬក៏សំដៅលើបុគ្គលណាមួយ ពលរដ្ឋណាមួយ ក្រុមណាមួយ ឬក៏អ្នកនយោបាយណាមួយនោះទេ គឺគេកំណត់ទៅលើមុខតំណែង អញ្ចឹងជនទាំងឡាយណា ដែលមានសញ្ជាតិលើសពីមួយហ្នឹង សញ្ជាតិផ្សេងលើសពីមួយហ្នឹង គឺថា ប្រសិនបើចង់ក្លាយជាថ្នាក់ដឹកនាំកំពូលទាំងនោះ គឺត្រូវតែលាលែង ហើយទុកតែសញ្ជាតិខ្មែរពីកំណើតមួយតែប៉ុណ្ណោះ»។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ មានប្រសាសន៍បន្តទៀតថា សម្រាប់អ្នកដទៃទៀត ដែលមិនចង់ក្លាយជាថ្នាក់ដឹកនាំកំពូលនៃស្ថាប័នទាំង ៤ខាងលើនេះ មិនចាំបាច់លាលែងពីសញ្ជាតិផ្សេង ដែលខ្លួនមាននោះទេ ហើយការកំណត់យ៉ាងដូច្នេះ មិនមានការរំលោភទៅលើសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋនោះទេ ពីព្រោះតែគេមិនបានកំណត់ទៅលើបុគ្គល ទៅលើក្រុម ឬក៏គោលដៅណាមួយនោះទេ គឺគេកំណត់តែទៅលើមុខតំណែងប៉ុណ្ណោះ។
លោករដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឲ្យដឹងដែរថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិនោះ គឺជាកិច្ចការសំខាន់របស់ជាតិ ក្នុងចំណោមកិច្ចការសំខាន់ៗ ផ្សេងទៀត ដែលរាជរដ្ឋាភិបាល បាននឹងកំពុងតែធ្វើ និងយកចិត្តទុកដាក់។ ការធ្វើវិសោធនកម្ម គឺពិតជាមានសារៈសំខាន់ ដើម្បីធានានូវប្រក្រតីភាព នៃស្ថាប័នកំពូលរបស់ជាតិ ដែលតម្រូវឲ្យថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ ប្រកាន់ខ្ជាប់នូវឧត្ដមគតិជាតិ ផលប្រយោជន៍ជាតិ និងដើម្បីទប់ស្កាត់ការជ្រៀតជ្រែកពីបរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលអាចនាំមកនូវមហន្តរាយ ឬក៏វិនាសកម្ម ដូចពីអតីតកាលដ៏ជូរចត់របស់យើង នាពេលកន្លងមក។
ជាមួយគ្នានេះលោក ជិន ម៉ាលីន ក៏បានបញ្ជាក់ដែរថា ការយកព្រះករុណា ព្រះមហាក្សត្រ ទៅភ្ជាប់នឹងរឿងកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិនោះ គឺជារឿងមិនត្រឹមត្រូវ និងមិនសមហេតុផល ហើយក៏មិនស្របទៅនឹងរដ្ឋធម្មនុញ្ញនោះដែរ ពីព្រោះព្រះមហាក្សត្រ ព្រះអង្គ ទ្រង់គ្រងរាជ្យ តែមិនកាន់អំណាចនោះទេ។
លោកបានពន្យល់បន្តថា «បានន័យថា ព្រះមហាក្សត្រ ព្រះអង្គមិនពាក់ព័ន្ធ ទៅនឹងកិច្ចការនយោបាយ ឬក៏ការដឹកនាំស្ថាប័នកំពូលជាតិណាមួយដែរ ហើយរដ្ឋធម្មនុញ្ញ បានប្បញ្ញត្តិថា ព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យ តែមិនកាន់អំណាច អញ្ចឹងការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ ដោយកំណត់ឲ្យថ្នាក់ដឹកនាំកំពូល ដែលមានសញ្ជាតិតែមួយនេះ គឺសំដៅទៅលើថ្នាក់ដឹកនាំកំពូល ដែលកាន់អំណាច ដែលដឹកនាំស្ថាប័នកំពូលជាតិធំៗ ដើម្បីធានានូវប្រក្រតីភាព នៃស្ថាប័នកំពូល របស់ជាតិទាំងអស់នោះ។
សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយល់ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ ដើម្បីកំណត់ឲ្យថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ «សញ្ជាតិខ្មែរតែមួយគត់»។
យោងតាមព្រះរាជសារ របស់ព្រះមហាក្សត្រ ដែលត្រូវបានផ្សព្វផ្សាយនៅយប់ថ្ងៃទី១១ ខែតុលា បានបញ្ជាក់ថា «ខ្ញុំសូមប្រគល់ជូន សម្ដេចអគ្គមហាសេនាបតីតេជោ នូវលិខិតរបស់ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញខាងលើនេះ ដើម្បីចាត់ការតាមនីតិវិធី»។
ចំណែកឯគណៈរដ្ឋមន្ត្រី ក៏បានបញ្ជូនសំណើធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ទៅកាន់រដ្ឋសភារួចរាល់ហើយដែរ កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត