ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីជួយគាំទ្រវិស័យកសិកម្មបន្ថែមទៀត
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីជួយគាំទ្រដល់វិស័យកសិកម្មដើម្បីជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ការស្នើសុំរបស់លោករដ្ឋមន្ត្រីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ក្នុងឱកាសដែលលោកបានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ដើម្បីជម្រាបលា ក្រោយបញ្ចប់បេសកកម្មអស់រយៈពេលបីឆ្នាំនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណជូនចំពោះធនាគារអភិវឌ្ឍអាស៊ី ក្រោមការដឹកនាំរបស់លោកស្រីកន្លងមក ដែលបានយកចិត្តទុកដាក់ជួយគាំទ្រគម្រោងជាច្រើននៅក្នុងវិស័យកសិកម្ម។
លោករដ្ឋមន្ត្រី បានជម្រាបលោកស្រីថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មនៅតែចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច។ ជាក់ស្តែងនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីតនេះ ផលិតកម្មកសិកម្ម ក៏ដូចជាការនាំចេញផលិតផលកសិកម្មនៅតែរក្សាបាននូវកំណើន និងបានចូលរួមសម្រាលនូវការរងផលប៉ះពាល់ពីសម្ពាធនៃជំងឺកូវីដ។

លោករដ្ឋមន្ត្រីបានបន្ថែមថា វិស័យកសិកម្មនៅកម្ពុជាមានសក្តានុពលជាច្រើន ដែលដៃគូអភិវឌ្ឍអាចបន្តផ្តល់ការគាំទ្របន្ថែម ជាពិសេសការពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែម ដែលអាចជួយបង្កើនចំណូលបន្ថែមដល់កសិករ និងកំណើនសេដ្ឋកិច្ចផងដែរ។
លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនបន្ថែមថា ក្រសួងកសិកម្ម កំពុងគិតគូរពីការជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីពង្រីកកំណើនសេដ្ឋកិច្ចពីវិស័យកសិកម្ម។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានស្នើដល់ធនាគារអភិវឌ្ឍអាស៊ី បន្តផ្តល់ការគាំទ្រនូវគម្រោងអភិវឌ្ឍក្នុងវិស័យកសិកម្មបន្ថែមទៀត ជាពិសេសលើការដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធនឹងរបាំងបច្ចេកទេសសម្រាប់ការនាំចេញ ការគាំទ្រផ្នែកឥណទានដល់វិស័យឯកជនក្នុងការបោះទុនវិនិយោគបន្ថែមលើការវេចខ្ចប់ កែច្នៃ និងឃ្លាំងស្តុក និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់មន្ត្រីលើការស្រាវជ្រាវ និងអភិវឌ្ឍ ផ្នែកការពារដំណាំ និងគុណភាពផលិតផលកសិកម្ម។
លោកស្រី Sunniya Durrani-Jamal បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ត្រី និងសហការីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយខាងធនាគារក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នៅក្នុងវិស័យកសិកម្ម។
លោកស្រីសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម៧ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកស្រុកតំបន់អង្គរ បន្ដធ្វើពិធីចាប់ត្រីរួមគ្នាតាមទំនៀមទម្លាប់ពីដូនតា សម្រាប់ប្រារព្ធពិធីឡើងមាឃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៧ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត