ព័ត៌មានជាតិ
តើគោទាំងនេះ មានទំនាស់អ្វី ទើបប្រើថ្នាំបំពុលឲ្យងាប់ពេញដីយ៉ាងនេះ ?
សត្វគោជាច្រើនក្បាលរបស់ប្រជាពលរដ្ឋ ត្រូវបានងាប់ដោយសាពុលថ្នាំគីមីនៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីអំឡុងថ្ងៃបុណ្យភ្ជុំ ប៉ុន្តែរហូតមកដល់ពេលនេះ ពលរដ្ឋម្ចាស់គោទាំងនោះ នៅមិនទាន់ទទួលបានដំណោះស្រាយកក់ក្តៅពីសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។
លោក ហួត វណ្ណី បានថ្លែងប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៣ ខែតុលា នេះថា សត្វគោទាំងនោះពិតជាត្រូវស្លាប់ដោយសាថ្នាំគីមីពុលមែន។

លោកបញ្ជាក់យ៉ាងនេះថា “និយាយរួមទៅ គឺវាស្លាប់ដោយសារជាតិគីមីមែន ដោយសារទី១ ពេលដែលប្រជាពលរដ្ឋចុះទៅទាន់ហ្នឹង គឺទាន់ពេលដែលគេកំពុងបាញ់ថ្នាំពីលើអាត្រាក់ គ្នាគេ៣នាក់ ដោយម្នាក់ជាអ្នកបើកអាត្រាក់ និងពីរនាក់ជាអ្នកបាញ់ថ្នាំអូសរម៉កពីក្រោយ ។ ដីនេះជាដីរបស់ឈ្មោះ ឆេង ផល្លី ជាឪពុករបស់ ឆេង បូរ៉ា ប៉ុន្តែឈ្មោះ ឆេង បូរ៉ា នេះ ជាអ្នកកាន់កាប់ ហើយ ឆេង បុរ៉ា នេះគាត់មានអាស័យដ្ឋាននៅភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ គាត់ជាទាហានស័ក្តិ៤កន្លះ មិនដឹង ស័ក្តិ៥ មិនដឹង ប៉ុន្តែយើងមិនហ៊ានសួរគេ ពីព្រោះគេមានអំណាច គាត់ជាទាហាននៅខេត្តកំពង់ធំ”។
បើតាមលោក ហួត វណ្ណី “តំបន់នោះគេហៅថា តំបន់អាងតាអាង គឺជាឈ្មោះ ឆេង ផល្លី នេះឯង តែគេហៅ តាអាងៗ តំបន់ហ្នឹងគេហៅ តំបន់គ្រោះក្រោម ស្ថិតនៅក្នុងឃុំស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ”។ លោកថា តំបន់ទាំងនោះ តាមប្រវត្តិពីដូនតាមក គឺជាដីកន្លែងឃ្វាលគោរបស់ប្រជាពលរដ្ឋ ហើយកន្លងមកមានប្រជាពលរដ្ឋប្រមាណ៦ ទៅ៧ ភូមិ បានទៅអាស្រ័យផលនៅតំបន់នោះ ដែលអ្នកខ្លះមានដីមួយហិកតា ពីរហិកតា បីហិកតាជាដើម ប៉ុន្តែលោក ឆេង បូរ៉ា បានត្រូវរ៉ូវគ្នាជាមួយថ្នាក់ខេត្តកាលជំនាន់មុន ប្ដឹងផ្តល់ និងដេញប្រជាពលរដ្ឋចេញ ហើយក្រសោបយកដីទាំងនោះ ដែលមានទំហំប្រមាណពី៣០០ ទៅ៤០០ ហិកតា រយៈពេល ៧ ឬ៨ ឆ្នាំមកហើយ។

លោក ហួត វណ្ណី បានអះអាងថា គោដែលងាប់ទាំងនោះ សរុបចំនួន១៧ក្បាល ដោយឡែកខ្លួនលោកមានគោចំនួន២១ក្បាល បានប៉ះពាល់ករណីថ្នាំពុលនេះ ហើយមិនទាន់ទទួលបានការដោះស្រាយនោះទេ ចំណែកប្រជាពលរដ្ឋមួយចំនួន ដោយសារតែខ្លាចអំណាចលោក ឆេង បូរ៉ា បានទទួលយកសំណងក្នុងគោមួយចំនួន២ លានរៀល។
លោក ហួត វណ្ណី បានបញ្ជាក់ថា នៅពេលទទួលបានព័ត៌មានអំពីករណីគោងាប់ដោយសាថ្នាំពុលគីមីនេះ នៅថ្ងៃទី០៦ ខែតុលា ដែលជាថ្ងៃភ្ជុំបិណ្ឌធំ លោកបាននាំពេទ្យសត្វ និងមេប៉ុស្តិ៍ ព្រមទាំងប្រជាការពារ ចុះទៅមើលដល់ទីតាំងកើតហេតុ ពេលនោះពេទ្យសត្វបានបញ្ជាក់ថា គោងាប់នេះ មិនអាចហូបបានទេ ពីព្រោះវាពុលដោយថ្នាំពុលហើយ។ ស្រាប់តែកាលពីម្សិលមិញ (ថ្ងៃទី១២ ខែតុលា) លោកបានទៅសុំដកហូតលិខិតបញ្ជាក់ពីមន្ទីរពេទ្យសត្វ បែរជានិយាយថា គាត់មិនអាចទទួលខុសត្រូវលើពាក្យដែលគាត់និយាយនោះបានទេ ដោយគាត់ថា ការងាប់របស់គោទាំងនេះ គឺស្ថិតនៅក្នុងការសង្ស័យ។

លោកថា “គាត់បាននិយាយលំអៀងរហូត ហើយទីបំផុតបាននិយាយប្រាប់ខ្ញុំថា កុំចង់វែងឆ្ងាយ សម្រួលទៅ ប្តឹងដល់ណាក៏មិនឈ្នះគេដែរ។ នៅកន្លែងប៉េអឹម បានគាបសង្កត់ឲ្យប្រជាពលរដ្ឋទទួលយកសំណងចំនួន២លានរៀល ហើយប្រជាពលរដ្ឋមួយចំនួន ក៏បានទទួលយកសំណងនេះ នៅតែលោកចំនួនពីរនាក់ប៉ុណ្ណោះ ដែលមានសត្វគោងាប់សរុបចំនួន១១ ក្បាល ហើយកំពុងតែព្យាបាល២១ ក្បាល។
ទាក់ទងបញ្ហានេះ លោក សុក ហៃ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ បានអះអាងថា “ករណីនោះដូចជាពុលថ្នាំ” និងបានឲ្យសួរទៅខាងកសិកម្មខេត្ត ប៉ុន្តែខាងកសិកម្មមិនមានអ្នកទទួលទូរស័ព្ទនោះទេ។
ចំណែកលោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទបានអះអាងថា ករណីនោះ ជាករណីរំលោភយកអាងទឹកសាធារណៈរបស់រដ្ឋ និងប្រើថ្នាំគីមីបំពុលគោរបស់អ្នកស្រុក ហើយលោកបានហៅជនអ្នកប្រព្រឹត្តនោះថា ជាជនឧក្រិដ្ឋ។
លោក សួន សេរីរដ្ឋា បានបញ្ជាក់យ៉ាងដូច្នេះថា “បុគ្គលដែលរំលោភយកអាងទឹក (មេទឹក) សាធារណៈរបស់រដ្ឋ ទៅធ្វើជារបស់ខ្លួន រួចប្រើថ្នាំគីមី (ថ្នាំពុល) ដាក់ចូលអាងទឹកបំពុលគោរបស់អ្នកស្រុក ដែលផឹកទឹកអាងឲ្យស្លាប់ គឺជាជនឧក្រិដ្ឋ ដែលមានទោសរំលោភប្លន់យកសម្បត្តិរដ្ឋផង និងដាក់ថ្នាំបំពុលសម្លាប់សត្វគោជាទ្រព្យឯកជនរបស់ប្រជាពលរដ្ឋផង”។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា “វេទិកាសន្តិភាពកម្ពុជា ដែលមានសមាជិកជាច្រើនគ្រួសារបានរងគ្រោះបាត់បង់សត្វគោជាច្រើនក្បាលនៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយសារអំពើទុច្ចរឹត (ឈ្មោះ ឆេង ផល្លី និង ឆេង បូរ៉ា) ដាក់ថ្នាំគីមី (ថ្នាំពុល) ក្នុងអាងទឹកនេះ អំពាវនាវឲ្យសមត្ថកិច្ច សូមធ្វើការស្រាវជ្រាវចាត់ការតាមច្បាប់លើជនល្មើស និងត្រូវឲ្យជនល្មើសសងសំណងដល់ម្ចាស់គោវិញ ឲ្យបានសមរម្យតាមតម្លៃទីផ្សារ”។
បើតាមលោក សួន សេរីរដ្ឋា “ច្បាប់ មិនអនុញ្ញាតឲ្យជនល្មើសណាម្នាក់រួចខ្លួនទេ ! ដូចនេះអាជ្ញាធរអ្នកអនុវត្តច្បាប់ ត្រូវតែអនុវត្តច្បាប់ឲ្យស្មើរភាព និងមានប្រសិទ្ធិភាព ដើម្បីផ្តល់យុត្តិធម៌ឲ្យប្រជាពលរដ្ឋម្ចាស់គោទាំងអស់ ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ