ព័ត៌មានជាតិ
សហភាពអឺរ៉ុប ផ្តល់ប្រាក់ផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ-១៩ នៅអាស៊ាន
ការបញ្ជាក់ពីការផ្តល់ថវិកាពីអឺរ៉ុបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាព អឺរ៉ុប លើកទី២៣ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នេះ ដែលភាគីកម្ពុជា ចូលរួមដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
តាមលទ្ធផលពីកិច្ចប្រជុំបានឲ្យដឹងថា កិច្ចប្រជុំបានកត់សម្គាល់អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ តាមរយៈការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប(ឆ្នាំ២០១៨-២០២២)។ កិច្ចប្រជុំក៏បានធ្វើការ ផ្លាស់ប្ដូរទស្សនៈគ្នាផងដែរ លើមធ្យោបាយនិងវិធីសាស្ត្រ ដើម្បីធ្វើយ៉ាងណាឱ្យតំបន់ទាំងពីរអាចមានលទ្ធភាពបង្កើនកិច្ចសហការក្នុងការដោះស្រាយបញ្ហាប្រឈមបន្ទាន់រួម ដូចជាការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ និងគ្រោះអាសន្នសុខភាពសាធារណៈនានា ការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតសកល ព្រមទាំងពង្រឹងថែមទៀតនូវភាពជាដៃគូដែលមានស្រាប់។
នៅក្នុងកិច្ចប្រជុំនោះដែរ បណ្ដាប្រទេសសមាជិកអាស៊ាន បានស្វាគមន៍ការបន្តគាំទ្ររបស់សហភាពអឺរ៉ុប ចំពោះមជ្ឈភាពអាស៊ាន និងការកសាងសហគមន៍អាស៊ាន និងសេចក្តីប្រកាសរបស់សហភាពផ្តល់ថវិកាចំនួន២០លានអឺរ៉ូ ដើម្បីគាំទ្រ “កម្មវិធីសុខាភិបាលឆ្លើយតប និងការត្រៀមលក្ខណៈចំពោះជំងឺរាតត្បាតនៅអាស៊ីអាគ្នេយ៍” ដើម្បីជួយតំបន់នេះត្រៀមខ្លួនឱ្យបានកាន់តែប្រសើរថែមទៀតសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈនាពេលអនាគត។
បណ្ដាប្រទេសសមាជិកអាស៊ាន ក៏បានទទួលស្គាល់ផងដែរ អំពីសារៈសំខាន់នៃវិភាគទានរបស់សហភាពអឺរ៉ុប ដែលមានទឹកប្រាក់រហូតដល់៥០០លានអឺរ៉ូ គាំទ្រដល់យន្តការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ សាកល (COVAX) ដើម្បីពន្លឿន និងពង្រីកការអភិវឌ្ឍ និងការផលិតវ៉ាក់សាំងសាកល សម្រាប់ផ្គត់ផ្គង់ដល់មនុស្សជាតិគ្រប់ៗគ្នា។
កិច្ចប្រជុំបានអនុម័ត សេចក្តីប្រកាសរួមរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ស្តីពីការតភ្ជាប់ ហើយបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកលទ្ឋភាពធ្វើសំយោគរវាង “ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥” និងយុទ្ធសាស្ត្រអឺរ៉ុបស្តីពី “ការតភ្ជាប់អឺរ៉ុបនិងអាស៊ី” ។ កិច្ចប្រជុំ ក៏បានឯកភាពគ្នា ធ្វើការឆ្ពោះទៅសម្រេចឱ្យបានឆាប់នូវកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសគ្រប់ជ្រុងជ្រោយអាស៊ាន-សហភាពអឺរ៉ុប (CATA) ផងដែរ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរតួនាទីយ៉ាងសកម្មរបស់សហភាពអ៊ឺរ៉ុប ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងកាត់បន្ថយផលវិបាកសេដ្ឋកិច្ច-សង្គម ដែលបង្កឡើងដោយសារជំងឺនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារៈសំខាន់នៃការ គាំទ្ររបស់សហភាពអឺរ៉ុបចំពោះគំនិតផ្តួចផ្តើមបច្ចុប្បន្នទាំងឡាយរបស់អាស៊ាន ដើម្បីពង្រឹងការត្រៀមលក្ខណៈសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈនានា នៅក្នុងពេលអនាគត៕
អត្ថបទ ៖ កោះកែវ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត