ព័ត៌មានជាតិ
កម្ពុជាបញ្ជួននិស្សិតកសិកម្ម ២០០នាក់ទៀត ទៅធ្វើកម្មសិក្សានៅអ៊ីស្រាអែល
កម្ពុជានឹងបញ្ជួននិស្សិតផ្នែកកសិកម្មចំនួន ២០០ នាក់បន្ថែមទៀត ទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល នាពេលខាងមុខ ដើម្បីសិក្សារៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើវិស័យកសិកម្មទាំងក្នុងថ្នាក់ ក្នុងមន្ទីរពិសោធន៍ និងនៅកសិដ្ឋានផ្ទាល់។

លោក ង៉ោ ប៉ុនថាន សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានឱ្យដឹងថា កម្មវិធីហាត់ការនៅប្រទេសអ៊ីស្រាអែលនេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) បានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្មតាំងពីឆ្នាំ២០០៨ មកម្លេះ ក្នុងគោលបំណងលើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ដល់និស្សិតសម្រាប់ រយៈពេល១១ខែ ហើយកិច្ចសហប្រតិបត្តិការនេះមានអាយុ ១៤ឆ្នាំហើយ។
លោកបានបន្តថា សរុបទាំង១៤ ជំនាន់ RUA បានបញ្ជូននិស្សិតចំនួន ១.៤៦៩ នាក់ហើយ។ ដោយឡែកឆ្នាំនេះ មាននិស្សិត ២០០នាក់ ក្នុងនោះ RUA មាននិស្សិតចំនួន ១៦៥នាក់ (នារី ៦៦នាក់) វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម មាននិស្សិតចំនួន ១៨នាក់ សាកលវិទ្យាល័យស្វាយរៀង មាននិស្សិតចំនួន ១១នាក់ (នារី៤) និងសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ មាននិស្សិតចំនួន ៦នាក់។

លោក ង៉ោ ប៊ុនថាន បានបន្តទៀតថា ក្នុងរយៈពេល ១១ខែ និស្សិតត្រូវធ្វើការសិក្សានៅក្នុងថ្នាក់ មានទ្រឹស្តី និងការងារស្រាវជ្រាវ ព្រមទាំងការអនុវត្តផ្ទាល់នៅក្នុងកសិដ្ឋាន។ ចំពោះមុខវិជ្ជាដែលត្រូវសិក្សារួមមាន៖ ១. ស្តង់ដារកសិកម្មអន្តរជាតិ ២. សេដ្ឋកិច្ចកសិកម្ម ៣. ការការពារដំណាំ ៤. គម្រោងស្រាវជ្រាវ ៥. អភិរក្សធនធានដី ៦. មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប ៧. បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ និងផ្លែឈើ ៨. ការធ្វើកសិកម្មឈើហូបផ្លែ និង ៩. និរន្តរភាពកសិកម្ម។ ចំណែកឯជំនាញដែលបានអនុវត្តនៅកសិដ្ឋានរួមមាន៖ ១. ការចិញ្ចឹមមាន់ ២. សាកវប្បកម្ម ៣. ការប្រមូលផល និងការវេចខ្ចប់ ៤. ដំណាំផ្កា ៥. ការបណ្តុះផ្សិត និង៦. គ្រាប់ពូជ ជាដើម។
មានមតិសំណេះសំណាលជាមួយនិស្សិតផ្ទាល់ចំនួន ១០នាក់តំណាងឱ្យនិស្សិត ២០០នាក់ (ក្រៅពីនេះជួបតាមប្រព័ន្ធ Zoom) កាលពីរសៀលថ្ងៃទី១៣ ខែតុលា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា និស្សិតហាត់ការទាំងអស់នឹងទទួលបានឱកាសល្អសម្រាប់អភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការសិក្សាទ្រឹស្តី និងហាត់ការផ្ទាល់នៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ និងពូជដំណាំ ថ្នាលពិសោធន៍ និងកសិដ្ឋានទំនើបៗដែលពាក់ព័ន្ធនឹងវិស័យកសិកម្មតែម្តង។

លោករដ្ឋមន្ត្រីបានធ្វើការអប់រំទូន្មាន និងណែនាំបន្ថែមដល់និស្សិត ដោយត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងប្រតិបត្តិ ចែករំលែកបទពិសោធន៍ ប្រកាន់ខ្ជាប់នូវក្បួនច្បាប់ វិន័យ សីលធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ត្រូវមានអំណត់ អត់ធន់ដើម្បីអភិវឌ្ឍ និងកសាងខ្លួនឯងឱ្យក្លាយជានិស្សិតឆ្នើម និងមានតម្លៃ រួចបំពេញប្រយោជន៍ឱ្យខ្លួនឯង ជាពិសេសសង្គមជាតិក្រោយពីត្រឡប់មកមាតុភូមិវិញ។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា កម្ពុជាអាចសម្រេចតាមចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០ បានដរាបណាយើងមានធនធានមនុស្សគ្រប់ផ្នែកក្នុងវិស័យកសិកម្មពោរពេញដោយសក្តានុពល ទាំងចំណេះជំនាញ និងពោរពេញដោយបទពិសោធន៍ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ និស្សិតគ្រប់រូបអាចឆ្លៀតយកឱកាសដ៏ល្អនេះ ត្រូវខិតខំស្រូបយកនូវរាល់ចំណេះ ជំនាញដែលជាទុនពុទ្ធិយ៉ាងរឹងមាំ ដើម្បីរួមគ្នាគិតគូដោះស្រាយឱ្យបានសមស្រប ទាន់ពេលវេលា និងមាន ប្រសិទ្ធភាព ឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាព ទំនើបកម្មកសិកម្ម មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍ និងជាពិសេសដើម្បីចូលរួមចំណែកជាកំលាំងចលករក្នុងការទ្រទ្រង់ខឿនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ