ព័ត៌មានជាតិ
រដ្ឋាភិបាលអូស្ត្រាលី បន្តផ្តល់ជំនួយនូវទឹកប្រាក់ចំនួន២លានដុល្លារ ដល់សាលាក្តីខ្មែរក្រហម
នេះជាការបញ្ជាក់របស់លោក ប៉ាប្លូ ជីហូ កាង (Pablo Chiho Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងជំនួបជាមួយលោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។
នៅក្នុងជំនួបនោះ លោក ប៉ាប្លូ ជីហូ កាង បានជម្រាបជូនលោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ដោយផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់រឹងមាំបន្ថែមទៀត រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងអូស្ត្រាលី ក្នុងនោះក៏បានលើកឡើងពីគំនិតផ្តួចផ្តើម ដែលប្រកាសដោយរដ្ឋាភិបាលអូស្ត្រាលី នូវអ្វីដែលបានអះអាងថា ក្នុងភាពជាដៃគូរវាងអូស្ត្រាលី ជាមួយបណ្តាប្រទេសទាំង៥ នៃតំបន់ទន្លេមេគង្គ ក្នុងគោលបំណងលើកកម្ពស់វិស័យសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្ម វិនិយោគ និងបរិស្ថានជាដើម។
ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏បានលើកឡើងអំពីការត្រៀមនឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ឱ្យបានទទួលការសិក្សានៅប្រទេសអូស្ត្រាលី ដើម្បីការកសាងធនធានមនុស្ស និងការបណ្តុះបណ្តាលក្នុងភាពជាអ្នកដឹកនាំផងដែរ បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ទៅវិញនាពេលខាងមុខ។ ជាមួយគ្នានេះដែរ លោក ប៉ាប្លូ ជីហូ កាង មានប្រសាសន៍ពាក់ព័ន្ធនឹងដំណើរការ និងសមិទ្ធផលនានារបស់សាលាក្តីខ្មែរក្រហម អ.វ.ត.ក និងបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីបន្តជួយ អ.វ.ត.ក នូវទឹកប្រាក់១ លានដុល្លារសម្រាប់ឆ្នាំនេះ និង១លានដុល្លារទៀតសម្រាប់ឆ្នាំក្រោយ និងចង់ឱ្យមានការបង្វែរប្រាក់ជំនួយនេះទៅចំណាយមួយផ្នែកលើសកម្មភាពចូលរួមរបស់ជនរងគ្រោះ និងការរក្សាកេរ្តិ៍ដំណែលរបស់ អ.វ.ត.ក។
មានប្រសាសន៍ក្នុងជំនួបនេះ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ អង្គជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម បានបញ្ចប់ជាស្ថាពរនូវសំណុំរឿងសំខាន់ៗចំនួន៤រួចហើយ និងបានគាំទ្រនូវការចូលរួមរបស់អូស្ត្រាលី ក្នុងការចង់រក្សាកេរ្តិ៍ដំណែលរបស់ អ.វ.ត.ក ដោយបានចាត់ទុកថា ជាកត្តាសំខាន់ក្នុងការថែរក្សាទុកសម្រាប់អ្នកជំនាន់ក្រោយឱ្យមានការចងចាំ ក៏ដូចជាការអប់រំទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ជាពិសេស ដំណើរការនីតិវិធីតុលាការ និងការជំនុំជម្រះក្តីនៅ អ.វ.ត.ក បានចូលរួមដល់ការពង្រឹងនីតិរដ្ឋ និងដំណើរការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាមរយៈការផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ការងារនានាជាច្រើន។
លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី គឺជាប្រទេសលំដាប់ទី៣ ដែលបានផ្តល់ថវិកាសរុបចំនួនជិត៤០លានដុល្លារអាមេរិកហើយ សម្រាប់ដំណើរការរបស់អង្គជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម ក្នុងនោះទឹកប្រាក់ចំនួន៣១ លានដុល្លារសម្រាប់ជួយដល់ភាគីអន្តរជាតិ និងក្រៅពីនេះគឺទឹកប្រាក់សម្រាប់ការជួយដល់ភាគីកម្ពុជា។ ទន្ទឹមនឹងនោះដែរ លោកកិត្តិនីតិកោសលបណ្ឌិតក៏បានសំណូមពរឱ្យអូស្ត្រាលីជួយផ្តល់ថវិកាដល់ភាគីជាតិ នៃអ.វ.ត.ក. នៅឆ្នាំ២០២២ ដែលជាឆ្នាំចុងក្រោយដែល អ.វ.ត.ក គ្រោងនឹងបញ្ចប់សំណុំរឿងទាំងអស់ ដែលនៅសេសសល់ ហើយនឹងបន្តជួយនៅឆ្នាំបន្តបន្ទាប់ទៀតសម្រាប់អនុវត្តមុខងារសេសសល់ផ្នែកយុត្តាធិការនិងមិនមែនយុត្តាធិការក្រោមកិច្ចព្រមព្រៀងបន្ថែម។
លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការបានវាយតម្លៃខ្ពស់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី គឺមានភាពល្អប្រសើរតាំងពីយូរយារណាស់មកហើយ ហើយការចូលរួមផ្តល់ថវិការបស់រដ្ឋាភិបាលអូស្ត្រាលី សម្រាប់សាលាក្តីខ្មែរក្រហម គឺជាមរតក និងជាគុណសម្បត្តិដ៏ធំធេងរបស់អូស្ត្រាលីដែលបានជួយជ្រោមជ្រែង៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ