ព័ត៌មានជាតិ
ពលរដ្ឋជិត១០ភូមិ ផ្ទុះការតវ៉ា ខណៈក្រុមហ៊ុនកាយប្រឡាយបិទផ្លូវមិនឲ្យចូលកាយយកដីផលិតចង្ក្រានឆ្នាំងចិញ្ចឹមជីវិតបាន
ប្រជាពលរដ្ឋជាង៨០គ្រួសារមកពីជិត១០ភូមិ ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បាននាំគ្នាទៅតវ៉ានៅចំណុចអន្លង់ភ្លង ក្នុងឃុំជ្រៃបាក់ ថាក្នុងពេលថ្មីៗប៉ុន្មានថ្ងៃ នេះក្រុមហ៊ុនបានជីកប្រឡាយបិទផ្លូវជាថ្មីម្ដងទៀត មិនអនុញ្ញាតឲ្យពួកគាត់ចូលជីកយកដីឥដ្ឋមកផលិតចង្ក្រានឆ្នាំងឡើយ ដែលអាចធ្វើឲ្យមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់ជួបការលំបាក ។
ប្រជាពលរដ្ឋខាងលើនេះបានបញ្ជាក់ថា ពួកគាត់ជាអ្នកប្រកបមុខរបរផលិតចង្ក្រានឆ្នាំងចិញ្ចឹមជីវិតតាំងពីដូនតាមក រស់ក្នុងភូមិត្រពាំងគរ ភូមិអូររោងភូមិ អូរកណ្ដោល ភូមិព្រៃលាក់នាង ភូមិអូរកំណប់ ភូមិអាឡែង ភូមិឃ្លៃ ភូមិត្រពាំងអន ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ កន្លងមកធ្លាប់នាំគ្នាមកជីកយកដីឥដ្ឋនៅចំណុចអន្លង់ភ្លងនេះ ទៅផលិតធ្វើចង្ក្រានឆ្នាំងដើម្បីលក់ដូរចិញ្ចឹមជីវិត។
ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា កន្លងទៅកាលពីប្រមាណជាង៣ឆ្នាំមុន ក្រុមហ៊ុនបានបិទផ្លូវមិនឲ្យគាត់ចូលមកជីកយកដីឥដ្ឋនៅតំបន់នេះម្ដងហើយ ។ ក្រោយពីពួកគាត់បានតវ៉ាកាលណោះដោយមានការសម្របសម្រួលរបស់អាជ្ញាធរ ខាងក្រុមហ៊ុនក៏បានអនុញ្ញាតឱ្យដីទំហំ៤ហិកតាសម្រាប់ជីកយកដីឥដ្ឋផលិតចង្រ្កានឆ្នាំង ។ ប៉ុន្តែក្រោយមកការជីកយកដីឥដ្ឋនៅក្នុងដីទំហំ៤ហិកតានេះទៅផលិតចង្រ្កានឆ្នាំងចេះតែផ្ទុះខូច ពុំអាចផលិតចង្ក្រានឆ្នាំងយកទៅលក់ដូរបានឡើយ ។ បន្ទាប់មកពួកគាត់ក៏ចេះតែចូលមកជីកយកដីនៅកន្លែងផ្សេងៗរបស់ក្រុមហ៊ុនទៅ ហើយខាងក្រុមហ៊ុនក៏មិនដែលរករឿងអ្វីឡើយ ព្រោះក្រុមហ៊ុនក៏បានចូលយកដីគ្រួសបាយក្រៀមក្នុងតំបន់ដី ៤ហិកតារបស់ប្រជាពលរដ្ឋដែរ ។ ប៉ុន្តែក្នុងពេលថ្មីៗនេះពេលក្រុមហ៊ុនឈប់យកដីគ្រួសបាយក្រៀមក្នុងតំបន់ដីរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុនក៏បានជីកកាយប្រឡាយបិទផ្លូវមិនឱ្យប្រជាពលរដ្ឋចូលយកដីឥដ្ឋក្នុងតំបន់ដីរបស់ក្រុមហ៊ុនទៀតឡើយ ។ ដូច្នេះនៅថ្ងៃនេះប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរស្រុក ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាជួយសម្របសម្រួលដោះដូរដីចាស់ទំហំ ៤ ហិកតារបស់គាត់ សុំដូរយកក្នុងទីតាំងដីរបស់ក្រុមហ៊ុនដែលមានដីឥដ្ឋល្អអាចយកដីឥដ្ឋទៅផលិតចង្ក្រានឆ្នាំងលក់ដូរបានផងចុះ ។
ដោយឡែកនៅព្រឹកនេះដែរ លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ក៏បានមកជួបប្រជាពលរដ្ឋជាអ្នកតវ៉ា និងបានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មានថា គាត់នឹងទទួលយកសំណូមពររបស់ប្រជាពលរដ្ឋខាងលើនេះ រាយការណ៍ទៅអាជ្ញាធរស្រុក និងខេត្ត ដើម្បីសុំសម្របសម្រួលជាក្រុមហ៊ុន ស្នើសុំដោះដូរដីទំហំ៤ ហិកតាដែលមានដីឥដ្ឋល្អអាចយកទៅផលិតចង្ក្រានឆ្នាំងបានជូនប្រជាពលរដ្ឋ។ ប៉ុន្តែត្រង់ថា អាចដោះដូរបាន ឬមិនបានយ៉ាងណានោះ លោកមិនហ៊ានសន្យានោះទេ ។
ដូច្នេះដើម្បីអោយការផលិតចង្រ្កានឆ្នាំង និងវត្ថុអនុស្សាវរីយ៍ពីដីឥដ្ឋ ដែ លជាមរតកពីដូនតាខ្មែរ និងដែលជាអត្តសញ្ញាណរបស់ខេត្តកំពង់ឆ្នាំងឲ្យបានគង់វង្ស ប្រជាពលរដ្ឋនិងអា ជ្ញាធរឃុំ គោរពស្នើសុំអាជ្ញាធរស្រុក ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាជួយសម្របសម្រួល ដោះស្រាយសំ ណូមពរខាងលើនេះជូនប្រជាពល រដ្ឋដោយអនុគ្រោះផងចុះ ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ