ព័ត៌មានជាតិ
ខេត្តរតនគិរីត្រៀមវិធានការឆ្លើយតបគ្រោះមហន្តរាយជំនន់ទឹកភ្លៀង
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានមានប្រសាសន៍ថា អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចនូវវិធានការ មធ្យោបាយសរុប ដើម្បីឆ្លើយតបក្នុងករណីមានគ្រោះមហន្តរាយជំនន់ទឹកភ្លៀង។ ការថ្លែងនេះ ធ្វើឡើងនៅក្នុងឱកាសលោករួមនឹងប្រធានមន្ទីរជំនាញពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរ ជាហេតុបណ្តាលឱ្យទឹកទន្លេស្រែពក កំពុងហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន។

លោកអភិបាលខេត្តបានដាក់ចេញនូវបទបញ្ជា ក៏ដូចជាអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមាត់ទន្លេទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកទន្លេ ដែលកំពុងបន្តហក់ឡើងខ្លាំង និងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងមនុស្សចាស់ព្រមទាំងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀតអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីស្ថានភាពទឹក ក៏ដូចជា ស្ថានភាពរបស់ប្រជាពលរដ្ឋ ដើម្បីត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា។

គួរបញ្ជាក់ថា កម្ពុជាបានរងនូវឥទ្ធិពលនៃព្យុះទី១៨ សម្ពាធទាប ធ្វើឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឱ្យទឹកទន្លេស្រែពក និងទន្លេសេសាន ហក់ឡើងជាបន្តបន្ទាប់ជិតដល់ចំណុចប្រកាសអាសន្ន។
ហេតុនេះទាមទារឱ្យប្រជាពលរដ្ឋក្នុងខេត្ត ពិសេសស្រុកដែលនៅតាមមាត់ទន្លេទាំងពីររួមមាន ស្រុកលំផាត់ ស្រុកកូនមុំ ស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស ស្រុកតាវែង និងស្រុកវើនសៃ ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន និងត្រៀមបង្ការនូវមធ្យោបាយ សម្ភារចាំបាច់នានា កាត់បន្ថយបាននូវហានិភ័យពីករណីជំនន់ទឹកភ្លៀងដែលអាចកើតឡើងជាយថាហេតុ។

ជាក់ស្តែងទឹកទន្លេស្រែពកទឹកទន្លេ គិតត្រឹមម៉ោង៤ រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ទឹកមានកម្ពស់ ១១.៧៤ ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន ១២.៥០ ម៉ែត្រ។ ទន្លេសេសាន ទឹកមានកម្ពស់ ៦.៥៧ ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន ៨.៥០ ម៉ែត្រ៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ