ព័ត៌មានជាតិ
ក្រសួងវប្បធម៌ រកឃើញម្ចាស់ជ័យលាភីមហោស្រពចាប៉ីដងវែង ទូទាំងប្រទេសឆ្នាំ២០២១
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរកឃើញម្ចាស់ជ័យលាភីមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២១ចំនួន៣រូប បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញរួចមក។

ថ្លែងក្នុងពិធីបិទមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២១ កាលពីរសៀលថ្ងៃទី១៧ ខែតុលា លោក ឈាង ឆដាភ័ក្ត្រ ប្រធានស្តីទីនាយកដ្ឋានសិល្បៈទស្សនីយភាព បានឲ្យដឹងថា មហោស្រពដែលរៀបចំតាមអនឡាញនេះ បានរៀបចំឡើងមាន៣វគ្គ ក្នុងនោះ៖ វគ្គទី១តម្រូវឱ្យបេក្ខជនផ្ញើស្នាដៃវីដេអូដើម្បីចូលរួមប្រកួតតាមរយៈអនឡាញ។ ដោយមានបេក្ខជនចំនួន១៨រូបមកពី១៣រាជធានី-ខេត្តបានដាក់ពាក្យ។ វគ្គទី២ជាវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្ររកបានបេក្ខជនចំនួន១៥រូប និងវគ្គទី៣ គឺជាវគ្គផ្តាច់ព្រ័ត្រ មានបេក្ខជនចំនួន ៥រូប មកប្រឡងផ្ទាល់នៅនាយកដ្ឋានសិល្បៈទស្សនីយភាព ដោយតម្រូវឱ្យច្រៀងជាគូដោយចាប់ឆ្នោតរើសប្រធានបទដែលគណៈមេប្រយោគ ផ្តល់ជូន។

លោកបានបន្តថា ជាលទ្ធផលយើងបានរកឃើញបេក្ខជនជ័យលាភីឆ្នើមលេខ១បានទៅលើ លោក មូល សុដា មកពីខេត្តបន្ទាយមានជ័យ ទទួលបានពានរង្វាន់ចាប៉ីមាស អមដោយបណ្ណជ័យលាភី និងទឹកប្រាក់ ៦លានរៀល។
បេក្ខជនជ័យលាភី លេខ២បានទៅលើលោក សារី សិលា មកពីខេត្តព្រៃវែង ទទួលបានពានរង្វាន់ចាប៉ីប្រាក់អមដោយបណ្ណជ័យលាភី និងថវិកា៤លានរៀល។ បេក្ខជនជ័យលាភីលេខ៣ លោក អ៊ួង សឿន មកពីខេត្តពោធិ៍សាត់ ទទួលបានពានរង្វាន់ចាប៉ីសំរឹទ្ធមួយ អមដោយថវិកា២លានរៀល។ បេក្ខជន សាត វណ្ណាមកពីរាជធានីភ្នំពេញទទួលបានបណ្ណកិត្តិយស អមដោយថវិកា១លានរៀល។ បេក្ខជន ម៉ម ភិរក្ស មកពីខេត្តប៉ៃលិន ទទួលបានបណ្ណកិត្តិយស អមដោយថវិកា១លានរៀល និងលោក ហោ ពៅ ជាបេក្ខជនកិត្តិយស មកពីខេត្តត្បូងឃ្មុំ ទទួលបានបណ្ណកិត្តិយសអមដោយថវិកា ១លានរៀល។

លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ និងជាសមាជិកគណៈកម្មការរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២១ បានលើកឡើងថា ជាប្រវត្តិសាវតា នៃអង្គមហោស្រពសិល្បៈចាប៉ីដងវែងចាប់ពីក្រោយទសតវត្សឆ្នាំ៩០ មកដល់បច្ចុប្បន្ននេះ គឺជាលើកទីមួយហើយដែលអង្គមហោស្រពសិល្បៈចាប៉ីដងវែង ប្រារពធ្វើឡើងតែឯង ហើយតាមលក្ខណៈអនឡាញជាលើកដំបូង ដោយពុំមានទម្រង់សិល្បៈ អាយ៉ៃ ខ្សែដៀវខ្សែ១ និងនិទានរឿង ដែលជាសិល្បៈប្រភេទប្រជាប្រិយដូចគ្នាហើយធ្លាប់បានប្រារព្ធធ្វើរួមគ្នាតាំងពីឆ្នាំ១៩៩១រហូតមក បានចំនួន១២លើករួចមកហើយ ដែលបានរៀបចំដោយអង្គភាពនាយកដ្ឋានសិល្បៈទស្សនីយភាព។
ក្នុងពិធីបិទមហោស្រព លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតំណាងដ៏ខ្ពង់ខ្ពស់របស់លោកស្រីបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា មហោស្រពចាប៉ីដងវែងនេះ មិនគ្រាន់តែជាវេទិកាប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែគឺជាទីកន្លែងជួបជុំសិក្សាស្វែងយល់ ចែករំលែកបទពិសោធន៍ និងចំណេះដឹងផងដែរ។

ដូចនេះគោលដៅសំខាន់នៃការរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស គឺដើម្បីផ្តល់ឱកាសសិក្សាលើផ្នែកធនធានមនុស្ស និងបច្ចេកទេសនៃការសំដែងសិល្បៈផ្នែកចាប៉ី សំដៅពង្រឹងសមត្ថភាព និងលើកកម្ពស់សិល្បៈចាប៉ីដងវែង ដើម្បីបន្តការពារ ថែរក្សា និងលើកស្ទួយមរតកវប្បធម៌អរូបីមួយនេះឲ្យបានគង់វង្ស និងកាន់តែមានប្រជាប្រិយភាពនៅក្នុងស្រទាប់ប្រជាជនគ្រប់វ័យ ជាពិសេសក្នុងស្រទាប់យុវជន។
លោកមានជំនឿយ៉ាងមុតមាំថា តាមរយៈការប្រារព្ធមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២១នេះពិតជាអាចផ្តល់នូវសារប្រយោជន៍កាន់តែច្រើនថែមទៀតសម្រាប់ជាបទពិសោធន៍ និងបានរួមចំណែកក្នុងការថែរក្សាការពារ ពង្រឹងនូវអត្តសញ្ញាណជាតិលើកកម្ពស់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ជាតិ សំដៅប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជាណាចក្រនៃវប្បធម៌៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ