ព័ត៌មានជាតិ
ក្រសួងអប់រំ អនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនតូច បើកដំណើរការសាកល្បងឡើងវិញ
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍នៅថ្ងៃទី១៨ ខែតុលានេះថា រហូតមកដល់ពេលនេះ ក្រសួងបានអនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួនតូច បើកដំណើរការសាកល្បងឡើងវិញ។ លោក រស់ សុវាចា បានបន្តថា«មានមួយចំនួនតូច បានដាក់ពាក្យស្នើសុំបើកសាកល្បង និងបានទទួលការអនុញ្ញាត ឲ្យបើកសាកល្បងមួយចំនួនហើយដែរ»។

លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី១៨ ខែតុលានេះថា មានសាកលវិទ្យាល័យច្រើនគួរសម បានដាក់សំណើស្នើសុំក្រសួងអប់រំ បើកដំណើរការសាលាឡើងវិញ ហើយកំពុងរៀបចំឯកសារស្នើសុំទៅក្រសួងអប់រំ ព្រោះថា មានឯកសារជាច្រើនដែលត្រូវបំពេញ ហើយមុននឹងបើកត្រូវរៀបចំឯកសារ ឲ្យវាស៊ីជាមួយអ្វីដែលយើងបាន រៀបចំទៅតាមស្តង់ដារ អេស អូ ភី ស្របទៅតាមវិធានសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡា។
លោកបណ្ឌិត ហេង វ៉ាន់ដា បានបន្តថា ម្យ៉ាងទៀត មុននឹងបើកដំណើរការឡើងវិញ គ្រឹះស្ថានឧត្តមសិក្សានីមួយៗ ត្រូវចុះ អឹមអូយូ ជាមុនសិន ជាមួយក្រសួងអប់រំ ទើបអាចបើកបាន។ ប៉ុន្តែពេលបើកដំបូង ក្រសួងឲ្យបើកជាលក្ខណៈសាក សល្បងទេ ដើម្បីទប់ស្កាត់ហានិភ័យណាមួយ ពេលកំពុងបើកដំណើរការនោះ។

លោកបណ្ឌិត ហេង វ៉ាន់ដា បានបន្តទៀតថា មកដល់ពេលនេះ មានគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួនបានបើកដំណើរការសាកល្បង។ ក្នុងនោះ មានគ្រឹះស្ថានឯកជនចំនួន ៣ រួមមាន៖ ១-វិទ្យាស្ថានវ៉ាន់ដា ២-សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ៣-សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ។ ចំណែកគ្រឹះស្ថានរដ្ឋវិញ មានចំនួន ២រួមមាន៖ ១-សាកលវិទ្យាល័យជាតិបាត់ដំបង ២-សាកលវិទ្យាល័យជាតិគ្រប់គ្រង។
លោកបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅក្នុងសេចក្តីណែនាំស្តីពី ការបើកដំណើរការឡើងវិញ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ចុះថ្ងៃទី២៧កញ្ញាថា មុននឹងបើកដំណើរការសាលារៀនឡើងវិញ គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ត្រូវដាក់ពាក្យស្នើសុំមកក្រសួង។បន្ទាប់មកចុះអនុស្សារណៈ នៃការយោគយល់ ជាមួយគ្នាជាមុនសិន ទើបអាចដំណើរការបាន ប្រសិនបើគ្រឹះស្ថានឧត្តមសិក្សានោះ បានបំពេញទៅតាមលក្ខខណ្ខ ដែលក្រសួងបានដាក់ចេញ។
បើតាមលោករដ្ឋមន្ត្រី គ្រឹះស្ថានឧត្តមសិក្សា ត្រូវរៀបចំយន្តការរៀន និងបង្រៀននៅក្នុងថ្នាក់រៀន ផែនការសិក្សា ដូចជា៖ ការបែងចែកម៉ោងចូលរៀន ម៉ោងសម្រាក ម៉ោងចេញពីគ្រឹះស្ថាន បំណែងចែកនិស្សិតតាមចំនួន កំណត់ហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង សម្រាប់ដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធ អនឡាញ ពិធីសារនៃការអនុវត្តប្រតិបត្តិ នៅក្នុងមន្ទីរពិសោធន៍ ឬសាលសហសិក្សា ពិធីសារនៃដំណើរការស្រាវជ្រាវឯកសារ ស្តីពី វិសាលភាពផែនការអនុវត្ត ដោយមានកាលបរិច្ឆេទកំណត់ នឹងលំដាប់លំដោយ នៃការបង្រៀននិងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ ទៅតាមកម្មវិធីបណ្ដុះបណ្ដាល ឆ្នាំសិក្សា ឬក្រុមនិស្សិតប្រសិនបើចាំបាច់។
លោករដ្ឋមន្ត្រីបានបន្តទៀតថា គ្រប់ឯកសារទាំងអស់ ដែលពាក់ព័ន្ធនឹងការស្នើសុំបើកដំណើរការបង្រៀន និងរៀន ការអនុវត្ត ប្រតិបត្តិ និងការស្រាវជ្រាវ របស់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវចម្លងជូនរដ្ឋបាលរាជធានី ខេត្តឲ្យបានជ្រាបជាព័ត៌មាន។ មិនតែប៉ុណ្ណោះក្រសួង បានណែនាំឲ្យមានការធ្វើតេស្តកូវីដ-១៩ ដល់សាស្ត្រាចារ្យ និងនិស្សិតគ្រប់រូប ប្រសិន បើមានលទ្ធភាព មុនពេលចាប់ដំណើរការ និងក្នុងពេលសាកល្បងបង្រៀន និងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ ។
ក្នុងករណីមានការផ្ទុះឡើង ឬការឆ្លងរាលដាលជំងឺកូដ-១៩ ចំពោះបុគ្គលណាមួយ ដែលធ្លាប់មាន ឬកំពុងមានវត្តមាន នៅក្នុងបរិវេណនៃគ្រឹះស្ថានសិក្សានីមួយៗ គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាត្រូវ ចាត់វិធានការឆ្លើយតបជាបន្ទាន់ ដូចជា៖ ការផ្អាកដំណើរការគ្រឹះស្ថានសិក្សា ជាបណ្ដោះអាសន្ន និងធ្វើចត្តាឡីស័ក ១៤ថ្ងៃ ចំពោះអ្នកពាក់ព័ន្ធ និងការស្វែងរកដំណោះស្រាយណាមួយ ដោយមានការណែនាំពីភ្នាក់ងារសុខាភិបាល និងត្រូវផ្ដល់ព័ត៌មានជូនក្រសួងអប់រំ យុវជន និងកីឡា។
យោងតាមរបាយការណ៍ របស់ក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន ១២៨។ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋមានចំនួន ៤៨ និងគ្រឹះស្ថានឧត្តមសិក្សាឯកជនមានចំនួន ៨០ នៅតាមរាជធានីខេត្តចំនួន ២០នៅទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ