ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ ការរើសអើងអ្នកជំងឺកូវីដ គឺច្បាស់ជាខុសតែម្ដង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោយបុណ្យភ្ជុំបិណ្ឌ ដោយក្នុងនោះសម្ដេចបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការជួយគាំទ្រគ្នា ពិសេសករណីព្យាបាលតាមផ្ទះ ចំណែកការរើងអើងចំពោះអ្នកជំងឺកូវីដ គឺច្បាស់ជាខុសតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកដែលជាសះស្បើយពីជំងឺកូវីដ-១៩ ថ្ងៃក្រោយនឹងក្លាយជាអ្នកប្រឆាំងកូវីដដ៏អស្ចារ្យ។ នៅប្រទេសមួយចំនួន បានយកអ្នកជាសះស្បើយពីជំងឺកូវីដ ទៅជួយធ្វើជាសេវាក្នុងការបម្រើអ្នកជំងឺកូវីដទៅវិញ ដោយសារអ្នកដែលបានកើតជំងឺកូវីដហើយនោះ មានអង្គបក្ខដិបក្ខសម្រាប់ប្រឆាំងជំងឺកូវីដ-១៩ ដែលការរើងអើងចំពោះអ្នកជំងឺកូវីដ គឺច្បាស់ជាខុសតែម្ដង។
ទាក់ទងទៅនឹងការព្យាបាលជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យ ពិសេសនៅតាមផ្ទះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចំពោះការព្យាបាលតាមផ្ទះ និងក្រុមគ្រួសារដែលជាភារកិច្ចទទួលខុសត្រូវរបស់គ្រួសារ ក៏ដូចជាសហគមន៍ធ្វើការរួបរួមគ្នា ដែលចំណុចនេះ កាលពីមុនយើងបានអនុវត្តក្នុងពេលធ្វើចត្តាឡីស័ក ដោយមានការចូលរួមពីសហគមន៍ក្នុងការជួយ នៅពេលផ្ទះអ្នកជំងឺស្ថិតក្នុងភូមិជាមួយគ្នា ជួយយកអាសាគ្នាក្នុងគ្រាដ៏លំបាក ចៀសវាងការរើសអើងដែលនាំឱ្យអ្នកជំងឺមានការខ្មាសអៀន។
សម្ដេចតេជោ មានប្រសាសន៍រំលឹកថា មានទីកន្លែងមួយចំនួនបានបង្កើតវប្បធម៌ជួយគ្នាតាំងពីឆ្នាំមុន ដែលក្នុងគ្រាកម្ពុជាបានកើតព្រឹត្តិការណ៍ផ្ទុះជំងឺកូវីដ-១៩ក្នុងសហគមន៍ ដែលពេលនោះក៏មានការធ្វើការចត្តាឡីស័កនៅតាមផ្ទះ ហើយប្រជាពលរដ្ឋបានរួមគ្នាក្នុងការមើលការខុសត្រូវ និងឧបត្ថម្ភសម្រាប់អ្នកធ្វើចត្តាឡីស័ក។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា៖ “ឥឡូវនេះក្នុងករណីដែលមានការព្យាបាលតាមផ្ទះ ក៏មិនខុសពីការធ្វើចត្តាឡីស័កដែរ សូមឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ជួយគ្នានៅក្នុងការរៀបចំឱ្យមានការព្យាបាលនៅតាមផ្ទះ ដោយមានការចូលរួមជួយមើលការខុសត្រូវ និងជួយឧបត្ថម្ភពីសំណាក់ក្រុមគ្រួសារនៅក្នុងភូមិឋានដែលអ្នកជំងឺស្នាក់នោះ។ បើសិនយើងធ្វើរឿងនេះបានល្អ ប្រទេសយើងមានការរួមគ្នាសាមគ្គីរវាងអ្នកឈឺ និងអ្នកមិនឈឺ វាដូចជា កង់ត្រាចកង់ធ្នង់ ជួនកាលយើងឈឺ ជួនកាលគេឈឺ ការយកចិត្តទុកដាក់គ្នាទៅវិញទៅមក វាបង្កើតបាននូវវប្បធម៌ចែករំលែក វប្បធម៌ការជួយគ្នាក្នុងគ្រាលំបាក”។
សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា ដោយសាររដ្ឋាភិបាលលើកទុកចិត្តឱ្យមានការព្យាបាលតាមផ្ទះ ដែលជាវិធីមួយដ៏ល្អនៅក្នុងការកាត់បន្ថយការចូលមកសម្រាកនៅពេទ្យ ហើយឃ្លាតឆ្ងាយពីគ្រួសារ។ ប្រសិនជាមានការលើកទឹកចិត្ត និងការជួយយកអាសាពីអ្នកភូមិជាមួយគ្នា ច្បាស់ជាធ្វើឱ្យអ្នកជំងឺមានទឹកចិត្ត និងឆាប់ជាសះស្បើយ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ