ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ណែនាំឱ្យស្រង់ចំនួនតាមផ្ទះ នូវអ្នកមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) បានណែនាំដល់ ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត អនុវត្តការធ្វើសម្រង់ចំនួនឱ្យបានច្បាស់លាស់នៅតាមផ្ទះ នីមួយៗនូវអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ និងមូលហេតុច្បាស់លាស់ ហើយជំរុញការអប់រំដើម្បីឱ្យពួកគាត់យល់ពីសារប្រយោជន៍របស់វ៉ាក់សាំងកូវីដ-១៩ និងសម្រេចចិត្តឱ្យបានគ្រប់ៗគ្នា ទោះជាមានវ័យចាស់ក៏ដោយ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់បន្ថែមថា ស្របទៅនឹងបរិបទក្នុងពេលបច្ចុប្បន្ន ដែលកំពុងមានការរាតត្បាតទៅលើពិភពលោក ក៏ដូចជានៅតាមបណ្ដាប្រទេសនីមួយៗពីវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីៗ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទដែលតា ដែលកំពុងចរាចរណ៍យ៉ាងសកម្មនៅប្រទេសជាច្រើន ក៏ដូចជាប្រទេសកម្ពុជាផងដែរនោះ គ.វ.ក-១៩ សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី៦ឆ្នាំឡើងដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមរួសរាន់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំរបស់ខ្លួន និងភាពស៊ាំក្នុងសហគមន៍ សម្រាប់ទប់ទល់ការវាយលុកនៃវីរុសកូវីដ-១៩ សំដៅកាត់បន្ថយភាពធ្ងន់ធ្ងរនៃអ្នកជំងឺកូវីដ-១៩ និងកាត់បន្ថយនូវអត្រាសម្រាកពេទ្យ ក៏ដូចជាកាត់បន្ថយជាអតិបរមានូវអត្រាស្លាប់ដែលបណ្ដាលមកពីជំងឺកូវីដ-១៩។
លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹកជូនសាធារណជនថា ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានស្លាប់កន្លងមក ភាគច្រើនជាអ្នកមិនបានចាក់វ៉ាក់សាំងកូវីដ-១៩។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានវ័យចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយ។ ក្នុងន័យនេះ ក្រសួងសុខាភិបាល បានណែនាំដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ក្រុមមនុស្សខាងលើ និងអំពាវនាវដល់អ្នកមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ទៅទទួលវ៉ាក់សាំងនេះឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា បច្ចុប្បន្ននៅតាមស្ថាប័ន ក្រុមហ៊ុន ទីផ្សារសាធារណៈ ផ្សារទំនើប តម្រូវឱ្យអ្នកចូលត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំង ទើបអនុញ្ញាតឱ្យចូល។ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មានចំនួន ៩៩,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៤០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៩,៤២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត