Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​និង​មន្រ្តី​ រួម​គ្នា​ប្តឹងអធិការ​​ស្រុក​​នៅ​សៀមរាប ចោទ​ពីរឿងពុក​រលួយ​

បានផុស

នៅ

ខេត្តសៀមរាប៖ អធិការស្រុកប្រាសាទបាគង ខេត្ដសៀមរាបត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីរបស់ខ្លួនផ្ដិតមេដៃដាក់ពាក្យប្ដឹងទៅក្រសួងទៅមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដោយទាមទារដកតំណែងចេញដោយចោទថា ប្រព្រឹត្ដិអំពើពុករលួយ និងគ្មានសមត្ថភាពបំពេញការងារ។

ពាក្យបណ្ដឹងដែលមានស្នាមមេដៃផងនោះ បានប្ដឹងឈ្មោះ លឹម សម្បត្ដិ មុខងារអធិការនគរបាលស្រុកប្រាសាទបាគង ទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង​លោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាគ ស្នងការនគរបាលខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមពាក្យបណ្ដឹងដដែល ចោទ​លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងរួមបក្សពួក បានប្រព្រឹតអំពើពុករលួយស៊ីសំណូក និងគ្មានសមត្ថភាពធ្វើការងារបំរើប្រជាពលរដ្ឋជាពិសេសពូកែ​​គម្រាម​ទារប្រាក់ពីអ្នកលេងល្បែងស៊ីសង ខណៈដែលចាប់ជនសង្ស័យយកទៅសួរចំលើយដល់អធិការរដ្ឋាន។

លិខិតបានបន្ដថា ចាប់តាំងពីលោកអធិការ លឹម សម្បត្តិ បានចូលមកកាន់មុខដំណែងជាអធិការ នគរបាលស្រុកប្រាសាទបាគង នៅក្នុងចុងឆ្នាំ២០១៩ មកនោះគឺលោកបានធ្វើអោយមន្ដ្រីនគរបាលជាតិ នៅក្នុងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ទាំងមូលមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ដោយសារលោកអធិការ លឹម សម្បត្តិ ប្រកាន់យកបក្សពួកនិយម អួតអាងថាបើមន្ត្រីណាដែលចេះអែបអបគាត់នឹងការពារ ទោះមានកំហុសឆ្គងយ៉ាងណាក៏មិនអាចដកបាន ព្រោះគាត់មានខ្សែរខ្នងធំៗចាំជួយខ្លួននៅពីក្រោយ ហើយបានប្រព្រឹត្តអំពើ ពុករលួយខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

លោកអធិការរូបនេះ ដើរផឹកស៊ីជួបជុំប្រឆាំងនឹងប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវ ៣ការពារ និង ៣កុំ យ៉ាងសប្បាយចិត្ត ជាមួយបក្សពួករបស់ខ្លួនដោយមិនបានយកចិត្តទុកដាក់ក្នុងការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកប្រាសាទបាគង ដែលធ្វើអោយកើតមានបទល្មើសជាច្រើនជាបន្តបន្ទាប់។ ការកើតឡើងនូវអំពើចោរកម្ម លួច ឆក់ កាច់សោករម៉ូតូ គាស់សោរផ្ទះចូលយកទ្រព្យសម្បត្តិនៅក្នុងផ្ទះ កើតមានពាសពេញស្រុក ចុះបង្រ្កាប​បនល្បែងស៊ីសង ហើយជំរិតទារប្រាក់ចំនួន២០០$ ទៅ៣០០$ក្នុងម្នាក់ ជាថ្នូរការដោះលែងក្រៅប្រព័ន្ធតុលាការ។

លិខិតដដែលបានបន្ថែមថា មន្ត្រីណាដែលចង់ឡើងតួនាទី ឡើងសក្ដិ លោកអធិការរូបនេះគឺហៅកូនចៅដែលជាមន្ត្រី របស់ខ្លួន ចូលក្នុងបន្ទប់របស់គាត់ ដើម្បីជម្រិតទារប្រាក់។ ជាមួយគ្នានោះ លោកអធិការរូបនោះ បានកោះហៅមេប៉ុស្តិ៍ទាំង៩ ក្នុងស្រុក មកប្រជុំដើម្បីតម្រូវយកប្រាក់ ដែលជាប្រាក់គោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុង១ប៉ុស្តិ៍ ៥០ម៉ឺនរៀល ដោយមិនអាចប្រកែកតវាបានឡើយ។ ដំឡើងអង់តែនវិទ្យុទាក់ទងប្រភេទអ៊ុយ តម្រូវយកប្រាក់ក្នុង១ ប៉ុស្តិ៍១០០ ដុល្លារ និងអធិការរងទទួលខ្លះ៥០ដុល្លាទៅ១០០ ដុល្លាជាកំហិត ហើយបើចង់ប្រើប្រាស់អាយកូមប្រភេទ​អង់តែនដែលកំពុងតែដំឡើងនេះទាល់តែទិញតាម រយ:លោកអធិការក្នុងតម្លៃ២២ដុល្លាទើបគាត់អនុញាត្តិអោយប្រើ

បន្ថែមលើសពីនោះ លោកអធិការ លឹម សម្បត្ដិ បាន​ឲ្យ​លោកមេឃុំ គ្រប់ឃុំតម្រូវអោយទិញវិទ្យុទាក់ទងយកមកប្រើក្នុងតម្លៃ៥០ ដុល្លា។ លោកមេឃុំខ្លះមិនសប្បាយចិត្តដោយសារតម្លៃខ្ពស់ហួសជាងទីផ្សារ។ ចុះជួយតាមភូមិមានទំនាស់ជាមួយ មេឃុំនិងមេភូមិ ដោយយល់ថាមេភូមិនិងមេឃុំមិនចេះអោយតម្លៃដល់លោកអធិការ និងរកវិធីសាស្ដដកមេ​ភូមិចេញ បើមិនចេះរណបខ្លួន។

លោក លឹម សម្បត្ដិ ក៍មិនបានអនុវត្តទៅតាមគោលការណ៍និងបទបញ្ជារបស់ថ្នាក់ដឹកនាំដែលបានដាក់ជូនផ្អែកតាម​គោល​នយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឡើយ។ ជាក់ស្ដែងលោកអធិការ លឹម សម្បត្តិ តែងតែប្រមូលប្រាក់ពីអាជីវករដែលប្រកបមុខរបរលក់ដូរ ដោយយកលេសកមកកសាងអង្គភាព។ ការប្រព្រឹតទង្វើរទាំងអស់នេះហើយ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ដល់មន្ដ្រីនគរបាលដែលបានបំពេញការងារជាច្រើនឆ្នាំកន្លងមកនោះ។

ពាក្យបណ្ដឹងបានស្នើសម្ដេចក្រឡាហោម ស ខេង និង ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ស្នងការនគរបាលខេត្ដសៀមរាប ផ្លាស់ប្ដូរតួនាទី លោក លឹម សម្បត្តិ ចេញពីអធិការ នគរបាលស្រុកប្រាសាទបាគង ដោយពុំមានសមត្ថភាពដឹកនាំនោះឡើយ។

ទាក់ទងករណីនេះ លោក តេង ច័ន្ទណាត ស្នងការរដ្ឋាននគរបាលខេត្ដសៀមរាប មានប្រសាសន៍តាមឡេក្រាមថា លោកមិនទាន់បានទទួលពាក្យបណ្ដឹងនៅឡើយទេ។ លោកថា ក្រោយពីទទួលបានបណ្ដឹងហើយនោះ លោកនឹងចាត់តាំងឱ្យក្រុមការងារចុះស្រាវជ្រាវលើកបញ្ហានេះ៕

អត្ថបទ៖ គឿនវ៉េត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម