ព័ត៌មានជាតិ
មន្ត្រីជំនាញ នឹងបន្តឆ្មក់ត្រួតពិនិត្យតាមស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដើម្បីទប់ស្កាត់មិនឲ្យលក់បន្លំអតិថិជន
មន្ត្រីជំនាញ បានអះអាងថា នឹងបន្តចុះត្រួតពិនិត្យជាប្រចាំ នៅតាមស្ថានីយ៍/ដេប៉ូលក់ប្រេងឥន្ធនៈ ដើម្បីបញ្ជាក់អំពី ភាពអនុលោម ផ្នែកគុណភាព បរិមាណ និងតម្លៃ នៃប្រេងឥន្ធនៈ ដែលជាការបម្រើ និងការពារផលប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនទូទៅ។
ការអះអាងនេះ បន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានស្នើសុំដល់ស្ថាប័នជំនាញរឹតបន្តឹងការត្រួតពិនិត្យទៅលើស្ថានីយ៍/ដេប៉ូលក់ប្រេងឥន្ធនៈ ដែលលក់មិនអនុលោម តាមគុណភាព និងបរិមាណ។ ការស្នើសុំនេះ ដោយសារបច្ចុប្បន្ននេះ ប្រេងសាំងកំពុងមានការឡើងថ្លៃគួរឲ្យកត់សម្គាល់។ ដូច្នេះប្រសិនបើប្រេងសាំងឡើងថ្លៃ ហើយប្រេងសាំងនោះ មិនគ្រប់លីត្រ ក៏ដូចជាមិនអនុលោម តាមគុណភាពទៀតនោះ គឺពួកគាត់កាន់តែខាតបង់បន្ថែមទៀត?
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២១ ខែតុលានេះថា ការពារ ផលប្រយោជន៍ ការពារសុខុមាលភាពរបស់អ្នកប្រើប្រាស់ និងធានាការប្រកួតប្រជែងក្នុងពាណិជ្ជកម្មដោយស្មោះត្រង់ គឺជាភារកិច្ចស្នូលរបស់អគ្គនាយកដ្ឋានក.ប.ប.។ លោកថា ផ្អែកលើតួនាទី និងភារកិច្ចខាងលើ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់ចេញនូវផែនការឲ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ ចុះអនុវត្តការត្រួតពិនិត្យភាពអនុលោមនៃផលិតផលទំនិញ ដែលកំពុងចរាចរលើទីផ្សារ ក៏ដូចជាអង្កេតរាល់សកម្មភាពពាណិជ្ជកម្មនានា ដើម្បីជំរុញឲ្យការធ្វើអាជីវកម្ម ប្រកបដោយភាពស្មោះត្រង់ និងយុត្តិធម៌។
អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានឲ្យដឹងបន្តថា សកម្មភាពត្រួតពិនិត្យទៅលើស្ថានីយ៍/ដេប៉ូលក់ប្រេងឥន្ធនៈ ដើម្បីបញ្ជាក់អំពីអនុលោមភាព ផ្នែកគុណភាព បរិមាណ និងតម្លៃ ក៏ជាយុទ្ធនាការមួយ ដែលក្រសួងពាណិជ្ជកម្ម ពិសេសអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់ចេញឲ្យអនុវត្តនៅទូទាំងប្រទេសផងដែរ។
គ្រាន់តែក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១នេះ មន្រ្តីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានចុះត្រួតពិនិត្យបណ្តាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ នៅទូទាំងប្រទេសបានចំនួន ៨៧៧ស្ថានីយ/ដេប៉ូ ដោយរកឃើញស្ថានីយ/ដេប៉ូចំនួន ៣៩៩ បានប្រកបអាជីវកម្ម មិនស្មោះត្រង់ផ្នែកគុណភាព និងបរិមាណ។ ប៉ុន្តែមិនមានស្ថានីយ/ដេប៉ូ ដាក់លក់ប្រេងខុសពីតម្លៃ ដែលកំណត់ក្នុងសេចក្តីជូនដំណឹង ស្តីពី តម្លៃលក់រាយប្រេងឥន្ធនៈ របស់ក្រសួងពាណិជ្ជកម្មនោះឡើយ។ ជាមួយគ្នានេះមន្ត្រីជំនាញ ក៏បានចាត់វិធានការ តាមរយៈកសាងសំណុំរឿង បញ្ជូនទៅតុលាការចំនួន ៨ករណីហើយ។ ក្នុងនោះ បានសម្រេចក្តីចំនួន ៥ករណី និងកំពុងដំណើការក្តីចំនួន ៣ករណី។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាក់ថា «អគ្គនាយកដ្ឋាន ក.ប.ប. បានកំណត់គោលដៅចុះត្រួតពិនិត្យលើកទី ១ ឲ្យបានគ្រប់ស្ថានីយ និងដេប៉ូនៅទូទាំងប្រទេស។ បន្ទាប់មក យើងនឹងចុះអនុវត្តការត្រួតពិនិត្យជាលើកទី ២បន្តទៀត។ តែទោះយ៉ាងនេះក្តី មន្រ្តីជំនាញនឹងចុះត្រួតពិនិត្យឡើងវិញភ្លាមៗ ចំពោះស្ថានីយ ឬដេប៉ូណា ដែលមានការសង្ស័យថា ប្រកបអាជីវកម្មមិនសុចរិត ឬមានបណ្តឹងពីអ្នកប្រើប្រាស់»។
បន្ថែមពីលើនេះអគ្គនាយកដ្ឋាន ក.ប.ប. ក៏នឹងរៀបចំរបាយការណ៍បញ្ជូនទៅ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដើម្បីស្នើសុំសេចក្តីសម្រេច ព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រ ចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណ ក្នុងករណីរកឃើញ ភាពមិនអនុលោមជាលើកទី ២៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី