ព័ត៌មានជាតិ
ក្រសួងអប់រំប្រកាសបើកដំណើរការសិក្សាគ្រប់កម្រិតនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១វិច្ឆិកា
ក្រសួងអប់រំយុវជននិងកីឡាដំណើរការសិក្សាគ្រប់កម្រិតនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ០១ ខែវិច្ឆិក ឆ្នាំ២០២១តទៅ។
លោក ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងនៅក្នុងសេចក្ដីណែនាំមួយចុះថ្ងៃទិ២១តុលានេះបានឱ្យដឹងថាបន្ទាប់ពីការវាយតម្លៃលើដំណើរការបង្រៀននិងរៀនតាមបណ្តុះសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ក្នុងភូមិសាស្ត្រ ដែលមានហានិភ័យទាប ក្រសួងបានសង្កេតឃើញថា ១)គ្រឹះស្ថានសិក្សាប្រមាណ ៣០ ភាគរយបានចាប់ដំណើរការតាមគ្រប់រូបភាព ស្របតាមសេចក្ដីណែនាំ, ២)ការចូលរួមតាមគ្រប់រូបភាពពីសំណាក់ អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាដំណើរការអប់រំប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្ន, ៣)ការបើកដំណើរការ គ្រឹះស្ថានសិក្សាបានផ្តល់លទ្ធភាពឱ្យយើងអាចធ្វើតេស្ត និងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ទាំងលើបុគ្គលិកអប់រំ និងសិស្សានុសិស្សមួយចំនួនតូច ហើយបានចាត់ចែងព្យាបាលទាន់ពេលវេលា និងទប់ស្កាត់ កាត់ផ្តាច់ការឆ្លងរាល ដាលបានល្អប្រសើរ៤)ករណីវិជ្ជមានកូវីដ-១៩ លើគ្រូបង្រៀន និងសិស្សានុសិស្ស ក្នុងរយៈពេល៧ថ្ងៃមុនបុណ្យ ភ្ជុំបិណ្ឌ និងរយៈពេល៧ថ្ងៃ ក្រោយថ្ងៃភ្ជុំបិណ្ឌ មានចំនួនតិចតួច និងអាចគ្រប់គ្រងបាន។ ម្យ៉ាងវិញទៀត មាតាបិតា អ្នកអាណាព្យាបាល គ្រូបង្រៀន និងសិស្សានុសិស្ស និស្សិតបានទទួលវ៉ាក់សាំងការពារកូវីដ-១៩ ក្នុងអត្រាខ្ពស់។
លោករដ្ឋមន្ត្រីបានបន្តថា «ឈរលើមូលដ្ឋាននេះ ដើម្បីឈានទៅដំណើរការអប់រំតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងនឹងពង្រីកវិសាលភាពនៃការបង្រៀននិងរៀនតាមបណ្តុំសម្រាប់ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្ត្រទូទាំងរាជធានី ខេត្តទាំងអស់»។
លោករដ្ឋមន្ត្រីបានបន្តថា ការពង្រីក វិសាលភាពនេះ រួមបញ្ចូលទាំងការពង្រីកពីកម្រិតថ្នាក់ទី៩ និងទី១២ រហូតដល់គ្រប់កម្រិតថ្នាក់នៅមធ្យមសិក្សា និងការពង្រីកវិសាលភាពដល់កម្រិតបឋមសិក្សា គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន វិទ្យាស្ថានជាតិ អប់រំ វិទ្យាស្ថានបច្ចេកវិទ្យា គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ គ្រឹះស្ថានសិក្សាអប់រំពិសេស, សាលាអនុវត្តន៍ និង វិទ្យាល័យចំណេះទូទៅនិងអប់រំបច្ចេកទេស ដោយគោរពតាមយ៉ាងខ្ជាប់ខ្លួននូវបទដ្ឋានសុខាភិបាលជាធរមាន។
យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសូមធ្វើការណែនាំនូវគោលការណ៍សំខាន់ៗស្ដីពី ការបង្រៀននិងរៀនតាមបណ្ដុំនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត នៅភូមិសាស្ត្រដែលហានិភ័យនៃជំងឺកូវីដ ១៩ អាចគ្រប់គ្រងបាន ដូចខាងក្រោម៖ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅ គ្រប់កម្រិតគ្រឹះស្ថានឧត្តមសិវិក្សា ទាំង សាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ នៅតាមក្រុង ស្រុក ខណ្ឌដែលជំងឺកូវីដ ១៩ អាចគ្រប់គ្រងបាន ដោយកំណត់រូបភាពនៃការបង្រៀននិងរៀនតាមបណ្តំ ១៥ ទៅ ២០នាក់ និងផ្លាស់វេន និងបន្តអនុវត្តនូវគម្លាតសុវត្តិភាព និងវិធានការសុខាភិបាលចាំបាច់នានា។
គណៈអភិបាលរាជធានី ខេត្ត ត្រូវបន្តកំណត់ភូមិសាស្ត្រ ដើម្បីបើកដំណើរការគ្រឹះស្ថានសិក្សាគ្រប់កម្រិតឡើងវិញ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវពិភាក្សាជាមួយគណៈអភិបាលរាជធានី ខេត្តដើម្បីបើកដំណើរការឡើងវិញសាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យវិទ្យាល័យ វិទ្យាល័យអប់រំពិរសស និងវិទ្យាល័យចំណេះទូទៅនិងអប់រំបច្ចេកទេស។
មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវរៀបចំយន្តការរៀននិងបង្រៀន និងត្រូវរៀបចំជាផែនការឱ្យបានច្បាស់លាស់ រួចផ្ញើមកក្រសួង ដើម្បីបូកសរុប គ្រប់គ្រឹះស្ថានឧត្តមសិក្សា និងវិទ្យាស្ថានបច្ចេកវិទ្យា ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងចុះអនុស្សរណៈនៃការយោគយល់គ្នាគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងសាលាអនុវត្តន៍ ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងត្រូវយកចិត្តទុកដាក់ និងធានាសុវត្ថិភាពសុខភាពសិក្សាចំពោះ គរុសិស្ស និស្សិត ដែលត្រូវត្រឡប់មកស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទនៃជំងឺកវីដ-១៩របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។
ត្រូវបង្កើតគណៈកម្មការសុខភាពសិក្សា ដោយមានការចូលរួមពីមាតាបិតា បុគ្គលិក សុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្ដល់ព័ត៌មាន ត្រួតពិនិត្យ តាមដាន សុខភាពរបស់ បុគ្គលិកអប់រំ និងអ្នកសិក្សាជាប្រចាំ តូ្រវបន្តអនុវត្តកម្មវិធីសិក្សាបង្ហាញ ចំពោះគ្រឹះស្ថានសិក្សាចំណេះទូទៅរៀបចំផែនការបង្រៀនប្រចាំសប្ដាហ៍ និងប្រចាំខែឡើងវិញ ដោយផ្តោតលើខ្លឹមសារមេរៀនសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះក្នុងការបន្តការសិក្សានៅថ្នាក់បន្តបន្ទាប់ទៀតសង្ខេបខ្លឹមសារមេរៀនដោយផ្តោតលើបញ្ញត្តិ ដែលធ្វើឱ្យសិស្សងាយយល់ និងអាចយកទៅអនុវត្តបាន។
លើកទឹកចិត្តសិស្សដែលមានលទ្ធភាពរៀនតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យចេះប្រើប្រាស់វីដេអូនៃការបង្រៀននិងសន្លឹកកិច្ចការ រឺដែលផលិតដោយនាយកដ្ឋានជំនាញនៃក្រសួង និងដែលមានចែកចាយក្នុងបណ្តាញតេឡេក្រាម វេបសាយ ឬកម្មវិធីទូរសព្ទដៃលើកទឹកចិត្តនិងជួយសិស្សឱ្យអនុវត្តលំហាត់ ឬធ្វើការហ្វឹកហាត់បន្ថែមនៅផ្ទះមុខវិជ្ជាផ្សេងទៀតត្រូវព្យួរសិនដោយនឹងត្រូវរៀនបំពេញបន្ថែមនៅដើមឆ្នាំសិក្សាបន្ទាប់។
ការបន្តបង្រៀន និងរៀនតាមបណ្តុំ ដែលមានចំនួនតិចជាង ១៥ ទៅ ២០នាក់ និងឆ្លាស់វេន ឬការ រៀនតាមបែបចម្រុះ ចំពោះភូមិសាស្ត្រដែលមានហានិភ័យមធ្យមនិងខ្ពស់ផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី៩ និងទី១២ និងពង្រីកវិសាលភាពដល់កម្រិតថ្នាក់ផ្សេង ទៀតនៅមធ្យមសិក្សា និងបឋមសិក្សា ឱ្យរៀននៅតាមសាលារៀន ប៉ុន្តែក្នុងរូបភាពជា ការរៀនតាមបណ្ដុំ ដែលមានចំនួនតិចជាង ១៥ទៅ២០នាក់ និងឆ្លាស់វេន ដើម្បីងាយ ស្រួលក្នុងការបង្រៀន និងការគ្រប់គ្រង។
ចំពោះកម្រិតថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្ដុំមិនឱ្យលើសពី១៥ ទៅ ២០នាក់ ទៅតាមស្ថានភាពជាក់ស្ដែង ដោយអាចរៀបចំការរៀនតាមបណ្ដុំនៅសាលារៀន និងបែង ចែកវេនៈ ឬបណ្ដុំតាមចម្រុះថ្នាក់, ឬអាចរៀបចំបណ្ដុំបន្ថែមនៅតាមផ្ទះ វត្តអារាម ឬកន្លែង សមស្រប រៀបចំចងក្រងបញ្ជីឈ្មោះសិស្សតាមបណ្តុំ និងតាមកម្រិតថ្នាក់នីមួយៗ។
ករណីបណ្ដុំមានសិស្សតិចពេក អាចផ្គួបកម្រិតថ្នាក់ចូលគ្នា ឬអាចផ្គួបលើសពី ២កម្រិតថ្នាក់។ ចំពោះ ការធ្វើតេស្តសិស្សប្រចាំខែ ឬឆមាស ករណីគ្រូបង្រៀនថ្នាក់គូបតាមបណ្តុំមិនអាចរៀបចំ ខ្លឹមសារតេស្ត ឬកែកិច្ចការបាន ត្រូវសហការគ្នាជាមួយគ្រូបង្រៀននៃកម្រិតថ្នាក់នោះ បែងចែកគ្រូបង្រៀនឱ្យទទួលខុសត្រូវតាមបណ្តុំ ឬតាមកម្រិតថ្នាក់នីមួយៗ (ករណី គ្រូបង្រៀនមិនអាចសម្របសម្រួលបាន ត្រូវរៀបចំសិស្សធំនៅបណ្ដុំជាមួយគ្នា ឬមាតាបិតា ជួយសិស្សតូចៗ)។
ត្រូវបន្តអនុវត្តវិធីសាស្ត្រនៃការសិក្សាតាមបែបចម្រុះដូចជា រៀនតាមអនឡាញ,ចែកឯកសារ, នឹងរៀនផ្ទាល់ក្នុងថ្នាក់ ដោយត្រូវបែកចែកតាមវេន តាមក្រុម និងត្រូវពង្រឹងអនាម័យជាប្រចាំ។
លើកទឹកចិត្តសិស្សដែលមានលទ្ធភាពរៀនតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យចេះប្រើប្រាស់ វីដេអូនៃការបង្រៀន និងសន្លឹកកិច្ចការ ដែលផលិតដោយនាយកដ្ឋានជំនាញនៃក្រសួង និងដែលមានចែកចាយក្នុងបណ្តាញតេឡេក្រាម, វេបសាយ, ឬកម្មវិធី ទូរសព្ទដៃបន្តអនុវត្តការបង្រៀនតាមបែបចម្រុះ និងតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រូបង្រៀនអាចបង្រៀន Live និងផ្ដល់ឱកាសដល់សិស្សក្នុងការធ្វើស្វ័យសិក្សា ដោយប្រើប្រាស់ សៀវភៅសិក្សាគោល និងតាមបែបអេឡិចត្រូនិក រៀបចំថ្នាក់បំប៉នបន្ថែមសម្រាប់សិស្សថ្នាក់ទី៩ និងទី១២ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិនិង ជំរុញមាតាបិតាក្នុងការជួយលើកទឹកចិត្ត និងបង្កលក្ខណៈដល់ការសិក្សាពីចម្ងាយ និង ស្វ័យសិក្សារបស់សិស្ស ជាពិសេសសិស្សតូចៗ។
គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវបន្តពិនិត្យមើល ចាត់វិធានការថែទាំ លើកកម្ពស់ អនាម័យ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅតាមសាលារៀនមិនអនុញ្ញាតឱ្យមានការលក់ដូចំណី ឬអាហារនិងសកម្មភាពហាត់កីឡា នៅក្នុងគ្រឹះស្ថានសិក្សានោះទគ្រូបង្រៀនដែលមានអាយុលើសពី៥០ឆ្នាំឡើងទៅ គួរតែបង្រៀនតាមអនឡាញ ឬចែកសន្លឹកកិច្ចការ។
ចំពោះគ្រូបង្រៀនដែលមិនទាន់បានចាក់វ៉ាក់សាំងការពារកូដ ១៩ មិនទាន់អនុញ្ញាតឱ្យបង្រៀន នៅក្នុងសាលារៀនឡើយ និងត្រូវជំរុញ ឬលើកទឹកចិត្តឱ្យទៅទទួលវ៉ាក់សាំងការពារកូវីដ ១៩ នៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់។
លោករដ្ឋមន្ត្រីបានបន្ថែមថាករណី រកឃើញមានការឆ្លងនៅក្នុងក្រុមសិស្ស ឬថ្នាក់រៀន មន្ទីរអប់រំ យុវជន និងកីឡាត្រូវ ផ្អាកដំណើរការតែក្រុមសិស្ស ឬថ្នាក់រៀននោះប៉ុណ្ណោះ និងត្រូវចាត់ចែងយកអ្នកវិជ្ជមាន និងអ្នកដែលមានការពាក់ព័ន្ធទៅព្យាបាល និងធ្វើចត្តាឡឺសឹក ១៤ថ្ងៃ។ ដោយឡែក គ្រឹះស្ថានសិក្សាទាំងមូល ឬក្រុមសិស្ស ឬថ្នាក់រៀនដទៃទៀត នៅបន្តដំណើរការធម្មតា។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះមានរាជធានីខេត្តទូទាំងប្រទេសបានកំពុងបើកដំណើរការសាកល្បងសាលារៀនឡើងវិញដោយផ្តោតទៅលើថ្នាក់ទៅ៩និងថ្នាក់ទី១២ប៉ុណ្ណោះដោយសារជាឆ្នាំដែលត្រូវប្រឡង។ ចំណែកគ្រឹះស្ថានឧត្តមសិក្សាក៏បានអនុញ្ញាតឲ្យបើកដំណើរការសាកល្បងមួយចំនួនតូចរួចហើយបន្ទាប់ពីបានដាក់ពាក្យស្នើសុំមកក្រសួងរួចមក៕
ដោយ ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤