ព័ត៌មានជាតិ
បណ្ឌិត គិន ភា ៖ កុំយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាសេណារីយ៉ោ ដែលនាំមានការកកូរកកាយ កិច្ចការផ្ទៃក្នុងកម្ពុជា
បញ្ញវន្ដខ្មែរមួយរូប ដែលមានជំនាញផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា សូមកុំយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាសេណារីយ៉ោនយោបាយ ដែលនាំមានការកកូរកកាយ កិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ឲ្យសោះ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូល ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាបញ្ញវន្ដខ្មែរមួយរូប មានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ នៅតែមានតម្លៃជាស្មារតី ជាសីលធម៌ ជាមរតកប្រវត្តិសាស្រ្ដ នយោបាយដ៏សំខាន់ សម្រាប់ប្រជាជាតិកម្ពុជា។ ប៉ុន្តែលោកស្នើថា «សូមកុំយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាឧបករណ៍ ឬក៏សេណារីយ៉ោនយោបាយ ដែលនាំមានការកកូរកកាយ កិច្ចការផ្ទៃក្នុងប្រទេស កម្ពុជា»។
លោកបណ្ឌិត គិន ភា មានប្រសាសន៍បន្តថា យើងមិនគួរអូសកម្ពុជា ទៅរកដំណាក់កាលអន្តរកាលឆ្នាំ ១៩៩១ ឆ្នាំ ១៩៩៣ទៀតនោះទេ ដោយកម្ពុជាមានអ្វីៗ សព្វបែបយ៉ាងអស់ហើយ។ ជាមួយប្រជាជាតិខ្មែរទាំងមូល គឺមិនបំភ្លេចកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ ហើយក៏មិនបានបំភ្លេចការជួយជ្រោមជ្រែង របស់សហគមន៍អន្តរជាតិ, អង្គការសហប្រជាជាតិ, ជាពិសេសប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះដែរ។
អ្នកវិភាគបញ្ហានយោបាយរូបនេះ បានលើកឡើងបន្តថា «ហើយជាពិសេស គេកាន់តែមិនភ្លេចឥស្សរជនកំពូលពីររូប ដែលជាអគ្គសហស្ថាបនិក នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺសម្ដេចព្រះបរមរតនកោដ្ឋ ព្រះនរោត្ដម សីហនុ និងសម្ដេចតេជោ ហ៊ុន សែន ដែលជាអ្នកធ្វើឲ្យកិច្ចព្រមព្រៀងនេះ ទទួលបានជោគជ័យ»។ ជាមួយគ្នានេះលោកបណ្ឌិត គិន ភា ក៏ជឿជាក់ថា រាជរដ្ឋាភិបាលមិនដែលបំភ្លេច កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះដែរ។ លោកថា ដូចដែលយើងបានឃើញហើយថា ថ្មីៗនេះ មានការបោះពុម្ពក្រដាសប្រាក់ ៣ម៉ឺនរៀលថ្មី ដើម្បីអបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះដែរ។
លើសពីនេះទៀត ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ជឿជាក់ដែរថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចនាពេលបច្ចុប្បន្ននេះ ក៏រឹតតែមិនអាចបំភ្លេច នូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរ ពីព្រោះកិច្ចព្រមព្រៀងនេះ វាប្រៀបបានដូចជាកូនមួយ របស់គណបក្សប្រជាជនកម្ពុជាខ្លួនឯង អញ្ចឹង។ ដូច្នេះប្រសិនបើ បំភ្លេចកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រៀបបានដូចជាបោះបង់កូនខ្លួនឯងចោល បោះ បង់នូវសមិទ្ធផល ដែលខ្លួនឯងខិតខំរកបានដោយលំបាក ពីព្រោះគណបក្សប្រជាជនកម្ពុជា មានការរួមចំណែកធំធេងណាស់ ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ។
ជាចុងក្រោយលោកបណ្ឌិត គិន ភា បានស្នើទៀតថា «ខ្ញុំសូមឲ្យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឋិតនៅក្នុងស្មារតីនៃការចងចាំ របស់ប្រជាជាតិខ្មែរ ទុកជាមរតកប្រវត្តិសាស្រ្ដ ទុកជាមេរៀនប្រវត្តិសាស្រ្ដ ដើម្បីបញ្ចៀសភាពច្រំដែលនៃប្រវត្តិសាស្រ្ដ»៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត