ព័ត៌មានជាតិ
កិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្រេចទៅបានអាស្រ័យដោយគំនិត ឆន្ទៈ និងទឹកចិត្តស្នេហាជាតិពិតប្រាកដ របស់មហារដ្ឋបុរសទាំងពីររូប
កិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្រេចទៅបានអាស្រ័យដោយគំនិត ឆន្ទៈ និងទឹកចិត្តស្នេហាជាតិពិតប្រាកដ របស់មហារដ្ឋបុរសទាំងពីរ។ នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ខណៈលោកថ្លែងទៅកាន់អង្គទូតបរទេស ក៏ដូចជាអ្នកចូលរួមទាំងអស់ នៅក្នុងពិធីអបអរសាទរខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ដែលរៀបចំឡើងនៅវិមានសន្តិភាព នាព្រឹកនេះ។

ជាកិច្ចចាប់ផ្តើមនៃសុន្ទរកថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រគល់កិត្តិយសដ៏ខ្ពង់ខ្ពស់នេះ ឲ្យលោកបានថ្លែងសុន្ទរកថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ដ៏មានអត្ថន័យនេះ។ លោកក៏ថ្លែងអំណរគុណដ៏ស្មោះ ចំពោះលោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និងលោក Jean-Yves Le Drian រដ្ឋមន្ត្រីការបរទេសបារាំង ដែលបានផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍នេះ និងរំលេចពីតួនាទីដ៏ចំបងរបស់ប្រទេសទាំងពីរ ក្នុងឋានៈជាសហប្រធានសន្និសីទទីក្រុងប៉ារីស ដែលនាំដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ និងបានថ្លែងអំណរគុណដល់លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានផ្តល់នូវសុន្ទរកថាដ៏មានអត្ថន័យ តំណាងឲ្យអង្គទូត និងជាពិសេសប្រទេសនានា ជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន «តថភាពប្រវត្តិសាស្ត្រមួយ៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រេចទៅបានអាស្រ័យដោយគំនិត ឆន្ទៈ និងទឹកចិត្តស្នេហាជាតិពិតប្រាកដ របស់មហារដ្ឋបុរសមួយអង្គ និងមួយរូប នោះគឺព្រះបរមរតនៈកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី»។
លោកថា ចាប់ពីទទួលបានតំណែងជានាយករដ្ឋមន្ត្រីភ្លាម សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនមានដំណោះស្រាយតាមផ្លូវយោធាឡើយ ចំពោះជំលោះនៅកម្ពុជា។ មានតែការចរចា និងដំណោះស្រាយនយោបាយរវាងខ្មែរ និងខ្មែរប៉ុណ្ណោះ ដែលអាចនាំមកនូវសន្តិភាពសម្រាប់កម្ពុជា។ គឺក្នុងស្មារតីនេះហើយ ដែលសម្តេចតេជោបានដាក់ចេញនាខែតុលា ឆ្នាំ១៩៨៧ នូវសេចក្តីប្រកាស៥ ចំណុច ដើម្បីដោះស្រាយបញ្ហាកម្ពុជានោះគឺ៖
ទី១, រៀបចំជំនួប សីហនុ-ហ៊ុន សែន
ទី២, ការដកទាំងស្រុង នូវកងទ័ពវៀតណាម ទន្ទឹមពេលនឹងការបញ្ឈប់រាល់ជំនួយ និងការគាំទ្រទាំងអស់ដល់កងកម្លាំង នៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ
ទី៣, ការរៀបចំការបោះឆ្នោត ដោយមានអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលអនុវត្តនយោបាយអព្យាក្រឹត្យ និងមិនចូលបក្ខសម្ព័ន្ធ
ទី៤, ចរចាជាមួយនឹងប្រទេសថៃ ដើម្បីកំណត់ព្រំដែនមួយ ប្រកបដោយសុវត្ថិភាព និងសន្តិភាព និង រៀបចំមាតុភូមិនិវត្តន៍ ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួន
ទី៥, រៀបចំសន្និសីទអន្តរជាតិមួយ ដើម្បីផ្តល់ការធានាដល់កិច្ចព្រមព្រៀង ដែលនឹងសម្រេចបានជាមួយនឹងការចូលរួម ពីរដ្ឋាភិបាលទាំងពីរ (រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋប្រជាមានិតកម្ពុជា) សមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសវៀតណាម ឥណ្ឌា និងប្រទេសដទៃទៀត។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងថា សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកដែលមានបំណងមុនគេ ក្នុងការជួបជាមួយសម្តេចព្រះនរោត្តម សីហនុ ហើយគោលនយោបាយខាងលើនេះ ហើយ ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ការចរចាស្វែងរកសន្តិភាព។ ដូចយើងបានដឹងទាំងអស់គ្នា ជំនួបលើកដំបូងដែលយើងហៅថា ជំនួបសីហនុ-ហ៊ុន សែន បានកើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fère-en-Tardenois ប្រទេសបារាំង ដែលជំនួបនេះបានបើកផ្លូវ ដល់ដំណើរការចរចាពិតប្រាកដ ឆ្ពោះទៅរកដំណោះស្រាយនយោបាយជាស្ថាពរ តាមរយៈនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី ដំណោះស្រាយនយោបាយរួមមួយ នៃជំលោះកម្ពុជា ដែលមានអាយុ ៣០ឆ្នាំគត់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព