ព័ត៌មានជាតិ
លោក សេរី កុសល ៖ ការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូល គឺជារឿងត្រឹមត្រូវ និងស្របតាមកាលៈទេសៈនៃប្រទេសជាតិ
លោក សេរី កុសល សមាជិករដ្ឋសភាមណ្ឌលបន្ទាយមានជ័យ បានលើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ នាពេលនេះ គឺជារឿងត្រឹមត្រូវបំផុត និងសមស្របតាមស្ថានភាពជាក់ស្ដែង ដែលប្រទេសកម្ពុជាកំពុងជួបប្រទះ។ ការលើកឡើងនេះ គ្រាដែលសមាជិក-សមាជិការដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិសំខាន់ៗ ក្នុងសំឡេង ១១១ លើ១១១សំឡេង នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកនេះ គឺបានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា ១៩ថ្មី មាត្រា ៨២ថ្មី មាត្រា ១០៦ថ្មី(មួយ) មាត្រា ១១៩ថ្មី និងមាត្រា ១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ និងមាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។ ខ្លឹមសារ នៃសេចក្ដីព្រាងច្បាប់ធម្មនុញ្ញនេះ គឺដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ ដែលរួមមាន៖ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី, និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

តំណាងរាស្រ្ដមណ្ឌលបន្ទាយមានជ័យ លោក សេរី កុសល មានប្រសាសន៍ក្នុងកិច្ចប្រជុំរដ្ឋសភាថា លោកសូមកោតសរសើរចំពោះលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដោយបានខិតខំរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិសំខាន់ៗ នេះឡើង ក្រោមទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក សេរី កុសល បានឲ្យដឹងថា «ដោយហេតុថា ចំណុចនៃវិសោធនកម្មនេះ ខ្ញុំបាទ ដោយសារខ្លួនឯងក៏ធ្លាប់ជាសមាជិកបម្រុង នៃគណៈកម្មការតាក់តែងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដែលកាលពីសភាធម្ម ខ្ញុំបាទគិតថា ការធ្វើវិសោធនកម្មនាពេលនេះ គឺត្រឹមត្រូវជាទីបំផុត ហើយស្របទៅតាមកាលៈទេសៈនៃប្រទេសជាតិមួយ កំពុងតែជួបប្រទះនូវគេហៅថា ព្យុះ មិនត្រឹមតែព្យុះ ព្យុះសង្ឈរា ដូច្នេះអ្វីដែលតាក់តែងឡើង ខ្ញុំបាទចាត់ទុកថា ជាការសំខាន់ណាស់ ពីព្រោះអ្វីដែលយើងបានពន្យា តាំងពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចាប់បដិសន្ធិឡើង រហូតមកដល់ពេលនេះ យើងគិតថា ជាង ២៨ឆ្នាំមកហើយ ការពន្យាទុកឱកាសនេះ គឺច្បាប់តាក់តែងមិនមែនសំដៅ ទៅរកបុគ្គលណាមួយទេ ឬក្រុមណាមួយទេ គឺច្បាប់សម្រាប់បម្រើប្រទេសជាតិ សម្រាប់អនាគត វាសនានៃប្រទេសជាតិ»។
តំណាងរាស្រ្ដរូបនេះ បានលើកឡើងបន្តថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជារដ្ឋធម្មនុញ្ញដ៏ល្អ ហើយបាន បានប្រសូត្រឡើងក្រោមព្យុះ ក្រោមភ្លៀង ទម្រាំតែបានដំណើរការរហូតមកដល់ពេលនេះ។ លោកថា «រដ្ឋធម្មនុញ្ញរបស់យើង គឺកំពុងតែត្រូវបានគេបំភ្លៃ បំភ័ន្ត ត្រូវបានពួកអគតិមួយចំនួន បំភ្លៃ បំភ័ន្ដ បំផ្លើស ដើម្បីឲ្យយើងទាំងអស់គ្នា រួមទាំងប្រជាពលរដ្ឋខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា ភ្លេចនូវរដ្ឋធម្មនុញ្ញរបស់យើង ដោយគេទាញទៅអ្វីដែលគេចង់បាន គឺកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយដែលយើងទាំងអស់គ្នា បានដឹងច្បាស់ពីប្រភពដើម នូវអ្វីដែលកើតឡើង នូវចំពោះអ្វីដែលគេបានលើកឡើង អ្វីដែលគេចង់»។
លោក សេរី កុសល បានគូសបញ្ជាក់ថា អ្វីដែលលោកចង់បាន និងចង់ថែរក្សានាពេលនេះ គឺការថែរក្សាសន្តិភាព ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងជារឿយៗ នៅតាមទីសាធារណៈ និងនៅចំពោះមុខអន្តរជាតិ។ លោកបន្ថែមថា ក្រុមឧទ្ទាមក្រៅច្បាប់ តែងតែរំលឹកអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលគេចង់ឲ្យយើងបំភ្លេចចោលរដ្ឋធម្មនុញ្ញរបស់យើង ដែលកើតចេញពីញើសឈាម របស់ជនជាតិខ្មែរទាំងអស់ ហើយអ្វីដែលសំខាន់ទៀតនោះ ចេតនារបស់ក្រុមឧទ្ទាមក្រៅច្បាប់ មិនមែនត្រឹមតែចង់ឲ្យយើង បំភ្លេចរដ្ឋធម្មនុញ្ញនោះទេ គឺគេចង់ធ្វើរដ្ឋប្រហារធម្មនុញ្ញទៅទៀត៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា