Connect with us

ព័ត៌មានជាតិ

សហភាព​អឺរ៉ុប​ផ្តល់​ថវិកា​ជិត​១៧​លាន​អឺរ៉ូ​ ដល់​គម្រោង​ចំនួន​៤​ដើម្បី​គាំទ្រ​សហគមន៍​នេសាទ​ក្នុង​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​និង​ខេត្ត​តំបន់ឆ្នេរ

បានផុស

នៅ

នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​នេះ ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​និង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​រួម​នឹង​អង្គការ WCS, Oxfam, Aide et Action, និង Save the Children បានប្រកាស​ជា​ផ្លូវការ​ពី​ការចាប់ផ្តើម​អនុវត្ត​គម្រោង​ចំនួន​បួន​ដែល​ទទួល​បាន​ថវិកា​ពី​សហភាព​អឺរ៉ុប​ចំនួន ១៦.៩ លាន​អឺរ៉ូ​ដើម្បី​គាំទ្រ​ដល់​កំណើន​បៃតង ការ​បង្កើត​ការងារ ការ​ផ្ដល់សេវា​សង្គម​និង​ការការពារ​ធនធានធម្មជាតិ​ឱ្យ​រឹតតែ​ប្រសើរ​សម្រាប់​សហគមន៍​នេសាទ​ក្នុង​ខេត្ត​ចំនួន ១០ ដែល​ស្ថិតនៅ​តំបន់​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប និង តំបន់ឆ្នេរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រធាន​ទទួលបន្ទុក​កិច្ចសហប្រតិបត្តិការ​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​លោក Bryan Fornari បាន​លើកឡើងថា “​កម្មវិធី CAPFISH​គឺជា​កម្មវិធី​ទ្វេភាគី​ធំជាងគេ​ដំបូង បង្អស់​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​ដែលមាន​គោលដៅ​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន ចីរភាព​និង​ធន់​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ​សម្រាប់​វិស័យ​ជលផល​។

​លោក​បន្តថា តាមរយៈ​ការសហការ​ជាមួយនឹង​រដ្ឋបាល​ជល​ផល​ព្រមទាំង​ដៃគូ​អនុវត្ត​ការប្រកាស​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ទាំង​បួន​នៅថ្ងៃនេះ​គឺជា​សមិទ្ធផល​ដ៏​សំខាន់​សម្រាប់​ការ ស្ដារឡើងវិញ​ក្រោយ​ជំងឺ​កូ​វីដ -១៩​នៅក្នុង​តំបន់​នេះ​តាមរយៈ​ការនាំមក​នូវ​ឱកាស​សេដ្ឋកិច្ច​ថ្មីៗ​និង​ការកសាង​ជីវភាព​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរឡើង​សម្រាប់​ប្រជាពលរដ្ឋ​ជាង ៥០.០០០ គ្រួសារ ។ ភាពជា​ដៃគូ​របស់​យើង​ជាមួយនឹង​រដ្ឋបាល​ជល​ផល​នឹង​ជួយ​ឱ្យ​យើង​អាច​សម្រេច​គោលដៅ​នេះ​បាន​។​

​លោក ពុំ សុថា អគ្គនាយក​នៃ​រដ្ឋបាល​ជលផល​បាន​ថ្លែង​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​សូម​សម្ដែង​នូវ​សេចក្ដី​ថ្លែងអំណរគុណ​និង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​សហភាព​អឺរ៉ុប​ដែល​បានផ្ដល់ ការឧបត្ថម្ភ​ដល់​កម្មវិធី​ធំ​បំផុត​ដែល​មិន​ធ្លាប់មាន​សម្រាប់​អភិវឌ្ឍ វិស័យ​ជលផល​នៅ​កម្ពុជា​។​

​គម្រោង​ទាំង​បួន​រួមមាន​៖

១. អង្គការ Save the Children (REDD BARNA) ដោយមាន​ការគាំទ្រ​ថវិកា ៤ លាន​អឺរ៉ូ​ពី​សហភាព​អឺរ៉ុប កំពុងផ្ដល់​ការគាំទ្រ​ដល់​សហគមន៍​នេសាទ​ក្នុង​ខេត្តពោធិ៍សាត់​កំពង់ ឆ្នាំង កំពង់ធំ ដើម្បី​លើកកម្ពស់​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច ព្រមទាំង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការបង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ទឹកស្អាត និង​អនាម័យ ប្រព័ន្ធគ្រប់គ្រង​សំណល់ គំនិត​ផ្តួចផ្តើម​សេដ្ឋកិច្ច​បៃតង និង​ការអប់រំ​។​

២. អង្គការ Oxfam ជាមួយនឹង​ជំនួយ​ថវិកា ៤​លាន​អឺរ៉ូ​ពី​សហភាព​អឺរ៉ុប​កំពុង​អនុវត្ត​គម្រោង​រយៈពេល ៤​ឆ្នាំ (២០២១-២០២៤)​ដើម្បី​គាំទ្រ​ដល់​សហគមន៍​នេសាទ​ក្នុង​ខេត្ត​បាត់ ដំបង បន្ទាយមានជ័យ និង​សៀមរាប ក្នុងការ​លើកកម្ពស់​ល​ទ្ធ​ភាព​ទទួលបាន​នូវ​ការផ្គត់ផ្គង់​ទឹកស្អាត សេវា​អប់រំ សេវា​អនាម័យ សេវា​គ្រប់ គ្រង​សំណល់​ការគ្រប់គ្រង​ធនធាន​ធម្ម ជាតិ​សហគមន៍​ប្រកបដោយ​ចីរភាព ក៏ដូចជា លើកកម្ពស់​ឱកាស​ប្រកបមុខរបរ​ចិញ្ចឹមជីវិត និង​ឱកាស​ការងារ​។​

៣. អង្គការ Aide et Action Association ជាមួយនឹង​ថវិកា​ចំនួន ៤ លាន​អឺរ៉ូ​ពី​សហភាព​អឺរ៉ុប កំពុង​អនុវត្ត​គម្រោង​រយៈពេល ៤​ឆ្នាំ (២០២១-២០២៤) ដើម្បី​គាំទ្រ​ដល់​សហ គម​ន៍​ក្នុង​ខេត្ត​កែប​កំពត ក្រុងព្រះសីហនុ និង​ខេត្តកោះកុង ឱ្យ​កាន់​តែមាន​ភាព​ធន់ តាមរយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន​ប្រកបដោយ​ចីរភាព​ការផ្តល់​សេវាកម្ម​កាន់តែ​ប្រសើរ ឡើង និង​កំណើន​បៃតង ដែល​រួមចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ និង​វិសមភាព​សង្គម​។​

៤. អង្គការ​អភិរក្ស​សត្វ​ព្រៃ (WCS) ក្រសួងបរិស្ថាន និង​ដៃគូ ដែល​បានទទួល​ជំនួយ​ថវិកា ៤,៩​លាន​អឺរ៉ូ ពី​សហភាព​អឺរ៉ុប កំពុង​អនុវត្ត​គម្រោង​រយៈពេល​៤​ឆ្នាំ (២០២១-២០២៤) នៅក្នុង​ខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើរ​នូវ​ការគ្រប់គ្រង និង​ការស្ដារ​ដែន​ជម្រក​សំខាន់ៗ​សំដៅ​ជួយ​បង្កើន ភាព​ធន់​នឹង ការប្រែប្រួល​បរិស្ថាន ក៏ដូចជា ជួយ​លើកកម្ពស់​អភិបាលកិច្ច និង​គោលនយោបាយ សំដៅ​កាត់បន្ថយ​កត្តា​បង្កឱ្យមាន​ការប្រែប្រួល​ប​រិ​ស្ថាន​៕

ដោយ ​៖ ​ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម