ព័ត៌មានជាតិ
៤០ថ្ងៃ មានម្ចាស់រថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗជាង ៥០០គ្រឿង ចូលបង់ពន្ធ
ចាប់តាំងពីបើកយុទ្ធនាការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ និងរថយន្តចង្កូតស្តាំគ្មានពន្ធ ចាប់ពីខែកញ្ញារហូតមកទល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានទទួល ម្ចាស់រថយន្តគ្មានពន្ធដែលជ្រកក្រោមផ្លាកលេខជ្សេងៗចំនួន ៥៤២ គ្រឿង និងប្រមូលបានប្រាក់ពន្ធ និងប្រាក់កក់សរុប ៧.៣ លានដុល្លារអាមេរិក។ ការស្ម័គ្រចិត្តចូលបង់ពន្ធរបស់ ម្ចាស់រថយន្តនេះត្រូវបានស្ថាប័នគយបរិយាយថា ដំណើរការមកដោយរលូន និងឈានទៅបញ្ចប់ចរាចរណ៍រថយន្តគ្មានពន្ធ និងចង្កូតស្ដាំនៅកម្ពុជា និងបង្កើនចំណូលចូលរដ្ឋ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងនៅថ្ងៃទី២៧ ខែតុលាថា ក្នុងរយៈពេល ៤០ ថ្ងៃគិតមកដល់ថ្ងៃ២៦ ខែតុលា នេះ មានម្ចាស់រថយន្តចង្កូតឆ្វេងអត់ពន្ធដែលជ្រកក្រោម ផ្លាកលេខផ្សេងៗចំនួន ៣៥២ គ្រឿងបានចូលទៅបង់ពន្ធដែលគិតជាទឹកប្រាក់ចំនួន ៥.៨ លានដុល្លារជាមួយគ្នានេះក៏មានម្ចាស់រថយន្តចង្កូតស្ដាំចំនួន ១៩០ រឿងដែលបានទៅកក់ ប្រាក់ពន្ធអាករ និងនាំរថយន្តទៅតែចង្កូតគិតជាទឹកប្រាក់ចំនួន ១.៥ លានដុល្លារ សរុបទាំងប្រាក់ពន្ធ និងប្រាក់កក់មានចំនួន ៧.៣ លានដុល្លារអាមេរិក។

លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានចាត់ទុកថា ម្ចាស់រថយន្តទាំងចង្កូតឆ្វេង និងចង្កូតស្ដាំដែលជ្រកក្រោមផ្លាកផ្សេងៗកម្រិតនេះ គឺជាលទ្ធផលមួយល្អប្រសើរបើប្រៀបទៅពេលវេលានៃការចាប់ផ្ដើម និងការផ្សព្វផ្សាយ។ លោក គុណ ញឹម សង្ឃឹមថា នឹងមានម្ចាស់រថយន្តអត់ពន្ធនឹងចូលមកបង់ពន្ធជាបន្តបន្ទាប់ដោយសារនៅសល់ពេលវេលាច្រើនជាង ៨ ខែទៀត។
ជាមួយគ្នានេះ ស្ថាប័នគយ និងរដ្ឋាករ ក៏ជួបបញ្ហាប្រឈមមួយចំនួនផងដែរនៅក្នុងការងារនេះដូចជា ការរៀបចំផ្សព្វផ្សាយមិនទាន់បានទូលំទូលាយ និងការរអ៊ូរទាំពីម្ចាស់រថយន្តចង្កូតស្ដាំដែលថា ពេលវេលានៃការកែចង្កូតមានរយៈពេលយូរ និងមានតម្លៃថ្លៃ ខណៈយានដ្ឋានកែចង្កូតរថយន្តមានតែបីកន្លែងប៉ុណ្ណោះ ក្នុងនោះមួយទើបតែបង្កើតថ្មីនៅខេត្តបាត់ដំបង និង២ នៅរាជធានីភ្នំពេញ។

លោក គុណ ញឹម បានលើកឡើងថា ការកែចង្កូតកំពុងតែជាការព្រួយបារម្ភសម្រាប់ម្ចាស់រថយន្តចង្កូតស្តាំដោយសារតែយានដ្ឋានកែចង្កូតដែលទទួលស្គាល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនតិចតួច (២ ឬ៣កន្លែង)។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យលទ្ធភាព ផ្តល់អជ្ញាបណ្ណបន្ថែមទៀតដល់យានដ្ឋានដែលមានជំនាញ និងសមត្ថភាពកែចង្កូត ដើម្បីបម្រើសេចក្តីត្រូវការជាក់ស្តែងរបស់ពលរដ្ឋដែលកំពុងប្រើប្រាស់រថយន្តចង្កូតស្តាំមានស្រាប់ក្នុងប្រទេស។
គួររំលឹកផងដែរថា រថយន្តអត់ពន្ធដែលជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កូតឆ្វេង និងចង្កូតស្ដាំ ត្រូវបានស្ថានប័ណ្ណគយ និងរដ្ឋាករប៉ាន់ប្រមាណថា មានជិតមួយម៉ឺនគ្រឿងដែលភាគច្រើនជារថយន្តឯកជនពាក់ស្លាកលេខ កងទ័ព និង នប។ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថាប័នគយ និងរដ្ឋាករបានចាប់ផ្ដើមយុទ្ធនាការឱ្យម្ចាស់រថយន្តគ្មានពន្ធជ្រកក្រោមផ្លាកផ្សេងៗចូលទៅបង់ពន្ធដោយមានការអនុគ្រោះពន្ធ ១០% រហូតចុងខែធ្នូឆ្នាំ ២០២។ យុទ្ធនាការនេះមានសុពលភាពរហូតដល់ថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីប្រតិភូបានសង្កត់ធ្ងន់ថា បន្ទាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ និងយ៉ាងសកម្មនូវវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបរថយន្តគ្មានពន្ធ និងអាករនាំចូល។ នៅពេលនោះ រថយន្តចង្កូតស្តាំដែលបង្ក្រាបបាននឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់។ ដោយនេះជាឱកាសចុងក្រោយ ដែលរាជរដ្ឋាភិបាលបានអនុគ្រោះឱ្យម្ចាស់រថយន្តគ្មានពន្ធ និងអាករទាំងចង្កូតឆ្វេង និងចង្កូតស្តាំចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីបានអំពាវនាវដល់ម្ចាស់រថយន្តគ្មានពន្ធ ចូលមកបំពេញកាតព្វកិច្ចឱ្យបានគ្រប់ៗគ្នានិងទាន់ពេលវេលា។ ឆ្លៀតក្នុងឱកាសនេះ លោកថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នរដ្ឋ ដែលបានចេញនូវសេចក្តីណែនាំ និងការអំពាវនាវជាបន្តបន្ទាប់ឱ្យមន្ត្រីក្រោមឱវាទដែលកាន់កាប់រថយន្តគ្មានពន្ធចូលមកបង់ពន្ធ អាករតាមពេលវេលាកំណត់ និងបានថ្លែងនូវអំណរគុណជាពិសេសដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដែលតែងតែផ្តល់កិច្ចអន្តរាគមន៍ក្នុងការងារ បង្ការបង្ក្រាបអំពើរត់ពន្ធនៅទូទាំងប្រទេសនាពេលកន្លងមក៕
អត្ថបទ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ