ព័ត៌មានជាតិ
អាជ្ញាធរមូលដ្ឋានត្រូវរក្សាគុណបំណាច់និងភាពថ្លៃថ្នូរក្នុងនាមឪពុកម្តាយល្អរបស់ប្រជាពលរដ្ឋ
កំពត ៖ ក្នុងនាមជាមន្ត្រីអាជ្ញាធរ មិនថាថ្នាក់ភូមិ ឃុំសង្កាត់ ឬស្រុកក្រុងទេ គឺត្រូវមានទំនួលខុសត្រូវខ្ពស់ រក្សាការពារប្រយោជន៍ជូនដល់ប្រជាពលរដ្ឋឲ្យបានល្អ ពិសេសត្រូវធ្វើខ្លួនជាអ្នកបម្រើពលរដ្ឋ ផ្តល់នូវសេវាផ្សេងៗឲ្យកាន់តែប្រសើរ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋទូទៅ និងរក្សាបាននូវភាពថ្លៃថ្នូរ មានតម្លាភាព សមធម៌ គុណធម៌។

នេះជាប្រសាសន៍របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងឱកាសបើកវេទិកាដោះស្រាយជម្លោះដីត្រពាំងបបុស ស្ថិតនៅភូមិស្នាមគូរ ឃុំអង្គសុរភី ស្រុកកំពុងត្រាច ខេត្តកំពត នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ នៅបរិវេណត្រពាំងបបុស ដែលជាទីតាំងទំនាស់។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្នុងភាពជាអ្នកដឹកនាំ មិនថាមេភូមិ មេឃុំ គឺមានតួនាទីដូចជាឪពុកម្តាយ ជាចាស់ទុំ ជាអាណាព្យាបាលរបស់ពលរដ្ឋ ក្រៅពីការមើលថែ ក៏ត្រូវជួយណែនាំអប់រំដល់កូនចៅឲ្យបានល្អ ព្រោះពេលខ្លះ កូនៗឈ្លោះគ្នា មិនមែនព្រោះពួកគេអាក្រក់ទេ ប៉ុន្តែដោយសារឪពុកម្តាយប្រដៅអប់រំកូនមិនទាន់បានល្អ។ យ៉ាងណាមិញ ជម្លោះពលរដ្ឋនៅក្នុងមូលដ្ឋាននេះក៏បែបនេះដែរ ដូច្នេះមេភូមិ មេឃុំ អភិបាលស្រុកត្រូវធ្វើខ្លួនជាអណាព្យាបាលដ៏ល្អ ត្រូវរក្សាភាពថ្លៃថ្នូរ កុំដើម្បីតែប្រាក់ ឬប្រយោជន៍បុគ្គល ធ្វើឲ្យប្រជាពលរដ្ឋរងទឹកភ្នែក ឬជួបការលំបាកឲ្យសោះ ហើយជាក់ស្តែងក្នុងករណីជម្លោះដីត្រពាំងនេះ ឯកឧត្តមមិនចង់ឃើញអ្នកណាម្នាក់រងគ្រោះនោះទេ។

ជាមួយនេះ ដើម្បីភាពយុត្តិធម៌ទាំងសងខាង រវាងប្រជាពលរដ្ឋបីភូមិដែលបានទាមទារសុំឲ្យទុកត្រពាំងបបុសជាសម្បត្តិសាធារណៈ បម្រើប្រយោជន៍រួម និងក្រុមគ្រួសារមេភូមិដែលបានអះអាងថាជាម្ចាស់ត្រពាំង បានទិញកាលពីជាង២០ឆ្នាំមុន តម្លៃជាង៨ជីមាស ហើយមានការទទួលស្គាល់ពីលោកមេឃុំផងនោះ ឯកឧត្តម មានយន្តការដោះស្រាយពីរករណី៖ទី១ រដ្ឋបាលខេត្តនឹងសង់ថ្លៃខាតបង់ទាំងអស់ដល់ភាគីបានទិញដីត្រពាំង និងទី២ យកត្រពាំងនេះជាសម្បត្តិរដ្ឋ ប្រើប្រាស់បម្រើប្រយោជន៍រួមក្នុងសហគមន៍។
ក្នុងវេទិកានោះដែរឯកឧត្តមក៏បានស្នើខ្លួន សុំធ្វើជាសមាជិកថ្មីម្នាក់របស់ក្រុមគ្រួសារប្រជាពលរដ្ឋគ្រប់រូប ដោយឯកឧត្តមបានបញ្ជាក់ថា “គ្រប់ក្រុមគ្រួសារមានរូបខ្ញុំម្នាក់ទៀត ជាសមាជិកថ្មី ដែលត្រូវជាកូន ជាចៅ ជាបង ជាប្អូន ហើយមានតំណែងតួនាទីជាអភិបាលខេត្ត ហើយយើងនឹងនៅរួមរស់ជាមួយគ្នា រួមសុខរួមទុកជាមួយគ្នា ហើយឈប់ឈ្លោះគ្នា ប្រកាន់គ្នាតទៅទៀត ព្រោះយើងជាគ្រួសារតែមួយ”៕
ដោយ ៖ សេង ណារិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ