Connect with us

ព័ត៌មានជាតិ

លោក ម៉ៅ ធនិន សន្យា​រៀប​ចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​នៅ​ផ្សារ​កំពង់ត្រាច ដើម្បី​បញ្ចៀស​ការ​ជន់​លិច​និង​ក្លិន​ស្អុយ

បានផុស

នៅ

កំពត ៖ ក្រោយពី​បានទទួល​នូវ​សំណូមពរ និង​មើល​ឃើញ​ផ្ទាល់​នូវ​តម្រូវការ​ចាំបាច់​ស​ម្រា​ប់​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​កំពង់ត្រាច ដោយសារ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​ចេញពី​ផ្សារ ដែលមាន​ការកកស្ទះ​យូរ​ឆ្នាំ​មកហើយ​នោះ លោក​ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​សន្យា​ថា​នឹង​រៀបចំ​ស្តារ​ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ និង​រៀបចំ​សណ្តាប់​ធ្នាប់​ផ្សារ​ឲ្យ​បាន​ល្អ រក្សា​បាន​នូវ​អនាម័យ​ស្អាត បញ្ចៀស​ការ​ជន់​លិច​ពេល​មាន​ភ្លៀង ឬ​ក្លិន​ស្អុយ ដូច​មុន​ទៀត​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​បាន​ចុះទៅ​ធ្វើ​វេទិកា​ដោះស្រាយ​ជម្លោះ​ដី​ត្រពាំង​បបុស ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃទី​២៨ ខែ ដដែល​នោះ លោក​ម៉ៅ ធនិន អភិបាលខេត្ត​កំពត​បា​ន​ចុះ​ពិនិត្យ និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ក្នុង​ផ្សារ​កំពង់ត្រាច ស្ថិត​ស្រុក​កំពង់ត្រាច ខេត្តកំពត ដើម្បី​ទទួលយក​នូវ​សំណូមពរ និង​បញ្ហា​ផ្សេងៗ​របស់​អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ផ្សារ​។

ក្នុង​ដំណើរ​នៃ​ការ​ចុះពិនិត្យ និង​សំណេះសំណាល​នេះ អាជីវករ​ជា​អ្នកលក់ដូរ និង​ប្រជាពលរដ្ឋ​ជាច្រើន បាន​លើក​ជា​សំណើ​ដល់​លោក​អភិបាលខេត្ត ឱ្យជួយ​សម្រួល និង​ធ្វើ​ការ​ស្តារ​ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់​ក្នុង​ផ្សារ ដែល​បាន​កកស្ទះ​បង្ក​ឲ្យ​មាន​ក្លិនស្អុយ ហើយ​ពេល​ភ្លៀង​មក​ម្តងៗ​មានការ​ជន់​លិច​ផ្សារ​ដែល​ធ្វើឱ្យ​អាជីវករ​ពិបាក​ក្នុងការ​លក់ដូរ​។

អាជីវករ និង​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា លូបង្ហូរទឹក​កខ្វក់​ក្នុង​ផ្សារ​នេះ គឺមាន​ការ​កកស្ទះ​យូរ​ឆ្នាំ​មកហើយ ហើយ​ប្រធាន​ផ្សារ​កំពង់ត្រាច​នេះ មិនសូវមាន​ការយក​ចិត្ត​ទុកដាក់​ក្នុងការ​រៀបចំ​សោភ័ណភាព និង​សណ្តាប់ធ្នាប់​អនាម័យ ដោយ​កង្វះខាត​ការគ្រប់គ្រង​កាកសំណល់ ដែល​បណ្តាលឱ្យ​មានការ​កកស្ទះ​ប្រព័ន្ធ​លូ​។

លោក​ម៉ៅ ធនិន អភិបាល​ខេត្តកំពត បានទទួល​យក​នូវ​សំណូមពរ​របស់​អាជីវ​ករ និង​ប្រជាពលរដ្ឋ ដោយ​ផ្តល់ជូន​នូវ​ថវិកា​សម្រាប់​ស្តារ​ប្រព័ន្ធ​លូ ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ក្លិនស្អុយ និង​ជន់​លិច​ពេល​មាន​ភ្លៀង​ម្តងៗ​។ ហើយ​លោក​អភិបាលខេត្ត បាន​ជំរុញ​ដល់​ប្រធាន​ផ្សារ​កំពង់ត្រាច ត្រូវ​រៀបចំ​ឱ្យបាន​ឆាប់​បំផុត​ក្នុង​ការ​ស្តារ​ប្រព័ន្ធ​លូ​នេះ។ ​ជា​មួយ​គ្នា​នេះ​ ប្រធាន​ផ្សារ​កំពង់ត្រាច ក៏បាន​សន្យា​ថា ដំណើរ​ការស្តារ​ប្រព័ន្ធ​លូ នឹង​ចាប់​ធ្វើ​ពីថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១​តទៅ​៕

ដោយ ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម