Connect with us

ព័ត៌មានជាតិ

លោក ស្រ៊ុន ពៅ ៖ ការទប់ស្កាត់ ការនាំចូលជ្រូកខុសច្បាប់ពី វៀតណាម មានភាពល្អប្រសើរជាងមុន ក្រោយមាន​ការ​ស្នើសុំ

បានផុស

នៅ

កាលពីពេលថ្មីៗនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានដាក់លិខិតទៅកាន់រដ្ឋបាលខេត្ត ជាប់ព្រំដែនវៀត​ណា​ម ដើម្បី​ស្នើសុំ​ទប់​ស្កាត់ការនាំចូលសត្វជ្រូករស់ ខុសច្បាប់ពីប្រទេសវៀតណាម។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែតុលានេះថា ខេត្តដែលសមាគមរបស់លោក បានដាក់​លិខិ​ត​ទៅ​​នោះ រួមមាន៖ ខេត្តត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង, តាកែវ, និងខេត្តកណ្ដាល។

លោក ស្រ៊ុន ពៅ បានប្រាប់កម្ពុជាថ្មីថា ប្រសិនបើមិនមានការស្នើសុំយ៉ាងដូច្នេះទេ លោកបារម្ភខ្លាចមានការនាំ​ចូល​ដោយលួចលាក់ច្រើន ដែលនាំទៅដល់ការប៉ះពាល់ប្រជាកសិករ ចិញ្ចឹមសត្វជ្រូកនៅក្នុងស្រុក ព្រោះថា នៅ​ប្រទេស​វៀតណាមតម្លៃជ្រូករស់ ក្នុង ១គីឡូក្រាមត្រឹម ៦០០០រៀលប៉ុណ្ណោះ ដែលខុសគ្នាពី ២០០០ ទៅ៣០០០រៀលដែរ បើប្រៀបធៀបតម្លៃជ្រូករស់ នៅក្នុងប្រទេសកម្ពុជា។

លោកឲ្យដឹងបន្តថា បន្ទាប់ពីមានការស្នើសុំរបស់សមាគម លោកសង្កេតឃើញថា អាជ្ញាធរខេត្តជាប់ព្រំដែន បានចូល​រួម​ពិនិត្យ និង​ទប់​ស្កាត់​កា​រនាំ​ចូលសត្វជ្រូករស់ ពីប្រទេសវៀតណាមល្អជាងមុន ដែលនេះជាការចូលរួមដ៏មួយ។ លោក ស្រ៊ុន ពៅ បានបញ្ជាក់បន្ថែមថា «ទីមួយ គឺមានការនាំចូលដោយលួចលាក់ ទីពីរគឺតម្លៃនៅវៀតណាមនោះ វាថោកមែនទែន បើសិនជាមិនមែនការទប់ស្កាត់ទេនោះ នឹងធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុកហើយ ប៉ះពាល់​យ៉ាង​គំហុកម៉ង»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មកដល់ពេលនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អនុ​ញ្ញា​តឲ្យនាំចូលសត្វជ្រូករស់ ពីប្រទេសជិតខាងចំនួនតែ ៣០០ក្បាលប៉ុណ្ណោះ ក្នុង ១ថ្ងៃ។ លោកថា ក្រសួងកសិកម្ម ជា​ពិសេសអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចូលរួមយ៉ាងសកម្ម នៅក្នុងការទប់ស្កាត់ការ​នាំ​ចូលខុសច្បាប់ នូវសត្វជ្រូករស់ពីប្រទេសជិតខាងកម្ពុជា។

ទោះបីជាយ៉ាងណាក្ដី តម្លៃជ្រូករស់នៅកម្ពុជា គឺទ្រឹងដដែល ពោលគឺ ១គីឡូក្រាមតម្លៃ ៩០០០រៀល ទៅជាង ៩០​០០​រៀល សម្រាប់កសិដ្ឋាន និងក្រុមហ៊ុនក្នុងស្រុក។ ប៉ុន្តែសម្រាប់ប្រជាកសិករ លក់មិនបានតម្លៃ ៩០០០រៀល​នោះ​ទេ។ លោកថា មកដល់ពេលនេះ ជ្រូករស់ទាំងនៅក្នុងកសិដ្ឋាន និងប្រជាកសិករចិញ្ចឹម ​កំពុងតែកកស្ទះ ហើយក៏​កំពុងជួបការខាតបង់ថវិកាផងដែរ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ធ្លាប់បានលើកឡើងថា ប្រសិនបើតម្លៃជ្រូករស់នៅកម្ពុជា នូវតែបន្តធ្លាក់ថ្លៃទៀតនោះ នឹងធ្វើឲ្យ​ប្រជាកសិ​ករអ្នកសត្វជ្រូកមួយចំនួន អាចសម្រេចចិត្តឈប់ចិញ្ចឹម។ លោកថា «អានេះធម្មតាទេ បានន័យថា ដូចខ្ញុំបានជម្រាបតាំងពីដើមមកថា បើសិនជាកសិករ បានសេចក្ដីថា កសិករគាត់មិនសូវមានប្រាក់ទេ ពេលណាដែលគាត់ចំណេញ គាត់ខំនាំគ្នាចិញ្ចឹមហើយ ពេលណាដែលគាត់ខាត ឬមួយក៏មិនចំ​ណេញ គាត់ឈប់​ចិញ្ចឹមហើយ អាហ្នឹងគឺថា អូតូម៉ាទិចម៉ងបាទ»។

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការផ្អាកការរៀប​ចំពិធីកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ រហូតដល់ភ្ជុំធំ បានធ្វើឲ្យតម្លៃជ្រូករស់ បន្តធ្លាក់ថ្លៃនាពេលបច្ចុប្បន្ន។ លោករដ្ឋមន្ត្រី បានបន្តថា តាមស្ថិតិកសិដ្ឋានចិញ្ចឹមជ្រូក មានការកើនចំនួន ៣៦កន្លែងស្មើនឹង៧,២% គឺកើនពីចំនួន ៥០៣កន្លែង ឆ្នាំ២០២០ ឡើងដល់ចំនួន ៥៣៩កន្លែង ក្នុងឆមាសទី១ ឆ្នាំ២០២១។

លោករដ្ឋមន្ត្រី បានបន្តទៀតថា កសិករចិញ្ចឹមជ្រូកត្រៀមបញ្ចេញលក់ ក្នងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ ប៉ុន្តែត្រូវបានផ្អាក កម្មវិធីរៀបចំពីធីបុណ្យចាប់ពីបិណ្ឌទី៤ រហូតដល់បុណ្យភ្ជុំបិណ្ឌ បានធ្វើឲ្យជ្រូកមានការកកស្ទះ។ ជាងនេះទៀត តម្លៃជ្រូកនៅប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ក៏មានការធ្លាក់ថ្លៃយ៉ាងគំហុក ពោលគឺតម្លៃត្រឹមតែចំនួន ៦ ៥០០រៀល ក្នុង ១គីឡូក្រាមប៉ុណ្ណោះ។ ខណៈតម្លៃនៅកម្ពុជា គឺចន្លោះពីចំនួន ៩៥០០រៀល ទៅចំនួន ១០ ១០០រៀល ក្នុង ១គីឡូ​ក្រាម នាពេលបច្ចុប្បន្ននេះ។

ម្យ៉ាងទៀត វិបត្តិនៃជំងឺកូវីដ-១៩ ក៏បានធ្វើឲ្យតម្រូវការសាច់ជ្រូក មានការប្រែប្រួលមិនទៀងទាត់ ដោយសារមានការបិទខ្ទប់ ពុំមានកម្មវិធីតាមបុណ្យទាន កម្មវិធីជួបជុំផ្សេង ជាពិសេសពុំមានភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្ដតាមតំបន់រម្យណីយដ្ឋាននានា ក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម