ព័ត៌មានជាតិ
ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ព្រែកត្នោត ជាង៨០០ គ្រួសារទទួលបានព្រះរាជអំណោយ សម្តេចម៉ែ
ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គងនយ និងសង្កាត់ទៀន ខណ្ឌដង្កោ ដែលទទួលរងគ្រោះ ដោយសារ ជំនន់ទឹកស្ទឹងព្រែកត្នោតចំនួនជាង ៨០០ គ្រួសារ ត្រូវបានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រគល់ព្រះរាជអំណោយជូន ដើម្បីសម្រាលការលំបាកជូនពួកគាត់ ក្នុងគ្រាដ៏លំបាកនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/image-84-1024x682.jpg)
ពីធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ដ៏ខ្ពស់ខ្ពស់ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ។
លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាល រាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ឆ្នាំនេះដោយសារការប្រែប្រួលអាកាសធាតុគួបផ្សំនឹងកត្តា ភូមិសាស្ត្រសណ្ឋានដី បានធ្វើឱ្យតំបន់សណ្ដស្ទឹងព្រែកត្នោត ដែលតភ្ជាប់ ពីខេត្តកំពង់ស្ពឺ មកកាន់ខេត្តកណ្តាល ដោយត្រូវឆ្លងកាត់រាជធានីភ្នំពេញ បានទទួលរងការគំរាមកំហែងជាថ្មីម្តងទៀតដោយសារជំនន់ទឹកភ្លៀង បណ្ដាលមកពីការហូរជន់ដោយគំហុកនូវបរិមាណទឹកភ្លៀងដ៏ច្រើន ពីតំបន់ភ្នំភាគនិរតី ជាហេតុធ្វើឱ្យបណ្ដាខណ្ឌជាយក្រុង ជាពិសេសខណ្ឌ កំបូល និងខណ្ឌដង្កោ ត្រូវលិចលង់ផ្នែកខ្លះដោយចៀសមិនរួច។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/image-83-1024x682.jpg)
ជាក់ស្តែង កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២១ ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងខ្លាំង ធ្វើឱ្យមានការហូរច្រោះក្បាលហុងទឹក ហៀរហូរ ជន់លិចលំនៅឋាន និងបង្កឱ្យមានផលប៉ះពាល់ដោយផ្ទាល់ និងដោយ ប្រយោលដល់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិចំនួន ៤ ក្នុងសង្កាត់គងនយ ហើយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀង បានបន្តហូរជន់លិចក្នុងភូមិចំនួន ៤ ផ្សេងទៀត នៃសង្កាត់ទៀន ព្រមទាំង បណ្តាភូមិ នៃសង្កាត់មួយចំនួនទៀត ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/image-88-1024x768.jpg)
ស្ថិតក្នុងស្ថានភាពមហន្តរាយនេះ កងកម្លាំងចម្រុះ និងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលរាជធានីភ្នំពេញ មានភាពម្ចាស់ការ ខ្ពស់ បានសហការរួមគ្នាផ្ដល់ការសង្គ្រោះបានទាន់ពេលវេលា ដោយជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ទៅកាន់ទីមូល សុវត្ថិភាព និងបានផ្គត់ផ្គង់ម្ហូបអាហារ ទឹកសុទ្ធ បង្គន់អនាម័យ និងទី កន្លែងស្នាក់នៅបណ្តោះអាសន្នសមរម្យ ពោលគឺមិនមានប្រជាពលរដ្ឋ ណាមួយរងគ្រោះដល់អាយុជីវិតឡើយ។
ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជានុរាស្ត្រសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈ សម្ដេចចៅហ្វាវាំង ឧបនាយក រដ្ឋមន្ត្រី បានផ្ដល់ព្រះរាជអំណោយមនុស្សធម៌ ដើម្បីចែកជូនប្រជា ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៨៣៧ គ្រួសារ ដែល រស់នៅក្នុងតំបន់រងផលប៉ះពាល់ ក្នុងនោះ សង្កាត់គងនយ មានចំនួន ៤៩១ គ្រួសារ និងសង្កាត់ទៀន មានចំនួន ៣៤៦ គ្រួសារ។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/image-86-1024x682.jpg)
ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ និងព្រះព្រហ្មវិហារធម៌ នាពេលនេះ ពិតជាបាន ឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីព្រះទ័យទុកដាក់ខ្ពស់បំផុត អស់ពី កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណរបស់ សម្ដេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ជាតិមាតុភូមិ ដើម្បីដោះស្រាយ និងសម្រាលការលំបាកប្រជារាស្ត្រ របស់ព្រះអង្គ នៅគ្រប់ដំណាក់កាលទាំងអស់។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/image-82-1024x682.jpg)
សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល បានមានប្រសាសន៍លើកឡើងថា ក្រោយពីទទួលបានព័ត៌មានពីការលិចលង់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដោយទឹកជំនន់ព្រែកត្នោតនេះ និងដោយមើលឃើញពីទុក្ខលំបាករបស់ប្រជានុរាស្ត្រសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏បានចាត់ឱ្យសម្ដេចនាំយកព្រះរាជអំណោយមនុស្សធម៌នេះ មកចែកជូនបងប្អូនប្រជាពរដ្ឋចំនួន៨៣៧គ្រួសារនៅក្នុងខណ្ឌដង្កោនេះតែម្តង។
សម្ដេចចៅហ្វាវាំង បានបន្តថា ព្រះរាជអំណោយរបស់សម្ដេចម៉ែដែរត្រូវប្រគល់ឲ្យបងប្អូនប្រជាពលរដ្ឋទាំង៨៣៧ គ្រួសារនេះ ក្នុងមួយគ្រួសារៗ ទទួលបាន អាវយឺតមួយ អង្ករ ៥០គីឡូក្រាម ម៉ាស១០បន្ទះ មី១កេស ត្រីខ ១០កំប៉ុង តង់១ ឃីតមួយកញ្ចប់ (ដែលក្នុងឃីតនេះ មានភួយ១ ក្រម៉ា១ មុង១)និងថវិកាចំនួន៤សែនរៀល។
នៅក្នុងឱកាសនោះដែរ សម្ដេចចៅហ្វាវាំង ក៏បានធ្វើការណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អនុវត្តឲ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ពិសេសអនុវត្តឲ្យបាន៣កុំនិង ៣ ការពារ ដើម្បីយើងរួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩៕
អត្ថបទ៖ ស្រីរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ