ព័ត៌មានជាតិ
រដ្ឋាភិបាលជប៉ុន ឧបត្ថម្ភរថយន្ត ៣៩គ្រឿង សម្រាប់បំពេញសេចក្តីត្រូវការ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២
រដ្ឋាភិបាលជប៉ុន បានសម្រេចឧបត្ថម្ភរថយន្តចំនួន ៣៩គ្រឿង ដល់ប្រទេសកម្ពុជា តាមរយៈក្រសួងការបរទេស សម្រាប់បំពេញសេចក្តីត្រូវការ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន នាឆ្នាំ២០២២ ខាងមុខ ហើយពិធីប្រគល់ និងទទួលបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា នេះ នៅក្រសួងការបរទេស ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសផ្លូវការរបស់ខ្លួនថា “ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលរថយន្តចំនួន៣៩ គ្រឿង ជាជំនួយក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម របស់ប្រទេសជប៉ុន សម្រាប់ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។ ខ្ញុំបានចុះហត្ថលេខាជាមួយឯកឧត្តមឯកអគ្គរាជទូត មិកាមិ លើគម្រោងនេះតាំងតែពីខែមីនា ឆ្នាំ២០២០”។

បើតាមលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន គម្រោងជំនួយនេះ គឺពិតជាមានតម្លៃយ៉ាងធំធេងដល់ការបំពេញតួនាទី និងភារកិច្ចរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាពក្នុងនាមជាប្រធានអាស៊ាន ជាពិសេសក្នុងការរៀបចំឡូជីស្ទីក។ ជាមួយគ្នានោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោកបានអរគុណរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខ ហើយពិធីប្រគល់តំណែងប្រធានអាស៊ាន ឆ្នាំ២០២២ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅក្នុងពិធីបិទជាផ្លូវការ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសព្រុយណេដារូស្សាឡាម។

សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនោះ តាមប្រព័ន្ធវីដេអូបានអះអាងថា មូលបទប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២គឺ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។ មូលបទនេះ បានគូសបញ្ជាក់នូវស្មារតីរបស់អាស៊ាន “ទាំងអស់រួមគ្នា” ជាសហគមន៍តែមួយជាមួយឆន្ទៈរួម ដើម្បីជម្នះការប្រឈមនានាដែលកំពុងមានក្នុងតំបន់ តាមរយៈវិធីសាស្ត្រផ្តោតសំខាន់លើសកម្មភាព ដែលផ្អែកលើភាពបើកចំហ សុចរិតភាព សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមកដោយស្មើភាពគ្នា។
ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តីអះអាងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីសម្រេចបានកិច្ចការសំខាន់ៗ ជាពិសេស ការពន្លឿនដំណើរការកសាងសហគមន៍អាស៊ានមួយ ដែលមានសមធម៌ រឹងមាំ និងប្រកបដោយបរិយាប័ន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន៖ “ទស្សនវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ”។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានធ្វើបទបង្ហាញអំពីកិច្ចការជាអាទិភាពសំខាន់ៗរបស់កម្ពុជានៅឆ្នាំ២០២២ផងដែរ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា