ព័ត៌មានជាតិ
បន្ទាប់ពីមានការរិះគន់ខ្លាំងៗ ករណីនារីវ័យក្មេងរាំជាមួយបុរសស្បង់ចីវរ ពេលនេះអ្នកទាំង២ចេញមុខសុំទោសជាសាធារណៈ
ភ្នំពេញ ៖ បន្ទាប់ពីការផ្ទុះនៅលើបណ្ដាញសង្គមថា នារីវ័យក្មេងស្រស់ស្អាតម្នាក់ រាំជាមួយបុរសម្នាក់ លាបមុខជាខ្មោច ពាក់កងដៃកងជើង ហើយស្លៀកស្បង់ និងអាវអង្ស័ករបស់ព្រះសង្ឃ ហើយលោតរាំកញ្ឆក់កញ្ឆោងនោះ ពេលនេះពួកគេបានសុំទោសជាសាធារណៈហើយ។
បើតាម ភិក្ខុសង្ឃ ហាក់ សៀងហៃ បានសរសេរនៅក្នុងបណ្ដាញសង្គមថា “ដឹងខុស កែខ្លួន ខ្លួនល្អ !
បើដឹងខុសហើយ នៅតែល្មើស កាន់តែមិនល្អ”។
លោកក៏បានមានសង្ឃដីកាថា “អាត្មាភាពមិនបានយកទោសទណ្ឌអ្វីទេ គឺគ្រាន់តែការពារតម្លៃសាសនារបស់រដ្ឋយើងប៉ុណ្ណោះ។ ម្យ៉ាង ការណ៍នេះ អាចទាក់ទងនឹងផ្លូវច្បាប់ ដូចនេះអាត្មាភាពមិនមានយោបល់អ្វីទេ តែក៏អាណិតប្អូនៗដែរ បើតាមស្តាប់ គឺភ្លេចស្មារតីមួយពេល។ ដូចនេះ សូមសាធារណជន ពិចារណាលើបញ្ហានេះ បុគ្គលណាក៏ធ្លាប់ប្រព្រឹត្តខុសដែរ បើដឹងខុសហើយ កែខ្លួនវិញ គឺខ្លួនល្អ។ ព្រះពុទ្ធសម្តែងថា “បុគ្គលពាល ដឹងខ្លួនថាពាល គឺជាបណ្ឌិត រមែងញាំងលោកនេះឱ្យភ្លឺស្វាង ឧបមាដូចព្រះចន្ទរះផុតចាកដុំពពកខ្មៅដូច្នោះដែរ “។
ទាក់ទងករណីខាងលើនេះ លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា លោកទើបទទួលបានព័ត៌មាននេះ ដែលបញ្ហានេះទាក់ទងទៅនឹងច្បាប់ក្រមព្រហ្មទណ្ឌ ដែលបានចែងអំពីការប្រើប្រាស់ស្បង់ចីពរ មិនមានការអនុញ្ញាត បើតាមច្បាប់ គឺពួកគេមានទោស។

លោក សេង សុមុនី មានប្រសាសន៍បន្តថា “បើតាមន័យ នៃច្បាប់ក្រមព្រហ្មទណ្ឌដែលបានចែង ចាប់ពីមាត្រា ៥០៨ ដល់មាត្រា ៥១៤ហ្នឹង គឺទាក់ទងនឹងការងារសាសនា ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋតែម្ដង”។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា រូបនេះបានធ្វើការអំពាវនាវ ដោយលោកធ្វើការ សំណូមពរ ទី១សូមឱ្យសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ មិនអាចជនណាយកពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយកទៅបំប្លែងលេងទៅតាមអ្វីដែលចិត្តចង់ ដោយគ្មានច្បាប់គ្មានទម្លាប់ គ្មានការគោរពអ៊ីចឹងទេ។
លោក សេង សុមុនី មានប្រសាសន៍បន្តថា “ទី២ សំណូមពរដល់បរិស័ទទាំងអស់ក្នុងសាសនាណាក៏ដោយ សូមកុំឱ្យសម្លៀកបំពាក់សាសនា មកធ្វើកំប្លែងលេងសើចអ៊ីចឹង គឺមិនត្រឹមត្រូវទេ ព្រោះសម្លៀកបំពាក់សម្គាល់សាសនាដូចជា ស្បង់ចីពរ របស់ព្រះសង្ឃអ៊ីចឹង ជារបស់សក្ការៈរបស់អ្នកគោរពបូជា។ អ៊ីចឹងវត្ថុជាទីសក្ការៈយើងមិនអាចយកមកលេងសើច សូមកុំឱ្យមានការធ្វើអ៊ីចឹងបន្តទៀត ព្រោះការធ្វើហ្នឹង គឺខុសច្បាប់ ហើយមានទោសទាំងច្បាប់រដ្ឋ និងជំនឿសាសនាគឺការមានបាប”។
លោកបានបញ្ជាក់ថា កន្លងមកមានការដោះស្រាយ ចំពោះបុគ្គលដែលគ្រងស្បង់ចីពរធ្វើជាសង្ឃក្លែងក្លាយ ដែលមានគណៈសង្ឃដោះស្បង់ចីពរចេញទៅ ហើយប្រគល់ទៅសមត្ថកិច្ច។
គួរបញ្ជាក់ថា បទល្មើលប៉ះពាល់ដល់ព្រះពុទ្ធសាសនា មាត្រា ៥០៨ “បទស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធ” ចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ៣ខែ និងពិន័យ ជាប្រាក់ពី ១សែនរៀល ទៅ ៥សែនរៀល អំពើស្លៀកដណ្ដប់ជាសាធារណៈ ដោយគ្មានសិទ្ធិនឹងស្លៀកដណ្ដប់នូវស្បង់ ចីពរ សម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា៕
កែសម្រួលដោយ ៖ នាគព័ន្ធ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់