ព័ត៌មានជាតិ
ពលរដ្ឋ ស្នើអាជ្ញាធរជួយដោះស្រាយ ករណីគ្រឿងចក្រ កាយអាចម៍ដីលក់របស់ឈ្មោះ លីម សេម បំផ្លាញផ្លូវលំ ២ខ្សែ
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលរស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលកម្ពុជាថ្មីទទួលបាននៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ផ្លូវលំចំនួន ២ខ្សែ ដែលមួយជាអំណោយរបស់លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កំពុងត្រូវបានក្រុមហ៊ុនគ្រឿងចក្រ កាយអាចម៍ដីលក់ របស់ឈ្មោះ លីម សេម ធ្វើឲ្យរងការខូចជាបណ្តើរៗ តាំងពីតិចរហូតដល់ធ្ងន់ធ្ងរ ពិបាកក្នុងការធ្វើដំណើរចេញ-ចូល ព្រោះតែការដឹកអាចម៍ដីយកទៅលក់ យ៉ាងអាណាធិបតេយ្យ ក្រោមលេះកាយដីធ្វើផ្លូវ ជូនប្រជាពលរដ្ឋ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅចំណុចផ្លូវលំទាំង ២ខ្សែ ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានលើកឡើងថា គ្រាន់តែលឺថា មានការជួសជុលផ្លូវឡើងវិញ ដើម្បីសម្រួលចរាចរណ៍ចេញ-ចូលក្នុងភូមិ ដោយខ្វះអាចម៍ដី ពួកគាត់បានឲ្យដីខ្លះទៅឲ្យគ្រឿងចក្រ ដើម្បីកាយយកដីធ្វើផ្លូវ។ ប៉ុន្តែផ្ទុយទៅវិញ បែរជាកាយអាចម៍ដី យកទៅលក់ ដែលធ្វើឲ្យពួកគាត់និយាយ មិនចេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដដែល បានបន្តថា ដំបូងឡើយ គឺពួកគេបានកាយអាចម៍ដី យកទៅលុបលើផ្លូវ ដែលមានក្រឡុកធំៗ បន្ទាប់មកក៏ចាប់ផ្តើមកាយអាចម៍ដី យកទៅដឹកលក់តែម្តង បណ្តាលឲ្យផ្លូវទាំងនោះ ផ្តើមខូចខ្ទេចខ្ទីរលើសដើម ពិបាកក្នុងការធ្វើដំណើរចេញ-ចូល បើមានភ្លៀងធ្លាក់ម្តងៗ គឺពិសេសកូនៗ របស់ពួកគាត់ មិនបានទៅសាលារៀននោះទេ ដោយសារធ្វើដំណើរមិនកើត។
ប្រភពព័ត៌មាន ក៏បានបញ្ជាក់ផងដែរថា ផ្លូវលំមួយខ្សែ ដែលជាអំណោយរបស់លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានទទួលរងការខូចខ្ទេចខ្ទីរដែរ ព្រោះតែក្រុមហ៊ុនដឹកអាចម៍លក់ របស់ឈ្មោះ លីម សេម ដោយមានរថយន្តជាច្រើនគ្រឿង បើកចេញ-ចូលៗតែម្តង។ ប្រភពព័ត៌មាន បានបញ្ជាក់បន្ថែមថា ផ្លូវដែលចេញ-ចូល មកកន្លែងពួកគាត់រស់នៅ គឺមានចំនួន ២ខ្សែត្រូវខូចទាំងអស់ ព្រោះតែក្រុមហ៊ុនដឹកអាចម៍លក់ របស់ឈ្មោះ លីម សេម ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតប្រយោជន៍សាធារណៈ។
ជាមួយគ្នានេះ ពួកគាត់សំណូមពរស្នើសុំឲ្យអាជ្ញាធរជំនាញ និងអភិបាលក្រុងប៉ៃលិន ជួយដោះស្រាយ និងមានវិធានការណាមួយ ដើម្បីឲ្យក្រុមហ៊ុនឈ្មោះ លីម សេម ធ្វើផ្លូវឲ្យពួកគាត់ បានធ្វើដំណើរស្រួល តាមការសន្យាផងដែរ។
បើតាមលោក លីម សេម ម្ចាស់គ្រឿងចក្រកាយអាចម៍ដីលក់ បានឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក ពិតជាបានដឹកអាចម៍ដីលក់មែន តែដើម្បីទូទាត់ថ្លៃសាំង ម៉ាស៊ូត សម្រាប់រថយន្តដឹកដីធ្វើផ្លូវប៉ុណ្ណោះ ហើយទើបតែបាន ៥០ឡានប៉ុណ្ណោះ។ លោកថា បើនិយាយទៅ វាមិនគ្រប់គ្រាន់ សម្រាប់ការជួយធ្វើផ្លូវនេះផង ហើយក្រុមហ៊ុនរបស់លោក នឹងធ្វើផ្លូវជូនប្រជាពលរដ្ឋវិញ ដោយគ្រាន់តែក្រុមហ៊ុនមិនមានរ៉ូឡូ ដើម្បីបង្ហាប់ដីនោះទេ គឺមានតែត្រាក់ទ័រ រុញពង្រាបដីប៉ុណ្ណោះ។
ចំណែកលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដែរថា លោកមិនទាន់បានទទួល ព័ត៌មាននេះនៅឡើយទេ ហើយលោកហ្នឹងចាត់មន្ត្រីជំនាញក្រុងប៉ៃលិន ចុះទៅពិនិត្យមើលផងដែរ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ








-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ