Connect with us

ព័ត៌មានជាតិ

អ្នកវិភាគលើកឡើងពីឱកាស និងបញ្ហាប្រឈម នៅពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២

បានផុស

នៅ

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម ដែលជាប្រធានអាស៊ានឆ្នាំ ២០២១ កាលពីថ្ងៃ​ទី​២​៨ ខែតុលា ឆ្នាំ២០២១ បានប្រគល់ញញួរប្រធានអាស៊ានជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​បានជូនពរជ័យដល់ប្រទេសកម្ពុជា ឲ្យទទួលបានជោគជ័យត្រចះត្រចង់ ក្នុងការកាច់ចង្កូតកិច្ចខិតខំប្រឹងប្រែង កសាងសហ គមន៍អាស៊ានឆ្នាំ២០២២។

តាមរយៈ​​​ក្រសួងការបរទេស និង​សហប្រតិបត្តិការណ៍អន្តរជាតិ​ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសមូលបទ​ប្រធាន​អាស៊ាន ឆ្នាំ២០២២ របស់កម្ពុជា «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» សម្រាប់សុខដុមរមនា សន្តិភាព និងវិបុលភាព នៅក្នុងតំបន់ទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​កម្ពុជានឹងទទួលបានឱកាសអ្វីខ្លះ សម្រាប់ការធ្វើជា​ប្រ​ធាន​​អាស៊ាន ឆ្នាំ២០២២ ហើយថាតើ នឹងជួប​បញ្ហា​ប្រឈ​ម​អ្វីខ្លះ?

លោកបណ្ឌិត គិន ភា ប្រ​ធា​នវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគ​បញ្ហា​នយោបាយមួយរូប មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ចំពោះការដែលប្រទេសកម្ពុជា ក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២២ គឺជាមោទនភាព ជាកិត្តិយស ជាមុខមាត់ ដ៏មានសារៈសំខាន់មួយ សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ក្នុងឋានៈជាប្រទេសសមាជិកអាស៊ាន ហើយយើងបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកិច្ចការតំបន់មួយនេះ។

លោកបណ្ឌិត គិន ភា បានកត់សម្គាល់ថា ចាប់តាំងពីប្រទេសកម្ពុជា ចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ មក គឺសម្ដេចតេជោ ហ៊ុន សែន បានកាន់ញញួរប្រធានអាស៊ាន ៣ដងហើយ ដែលនេះជាមោទនភាព​មួយ សម្រាប់ប្រទេសកម្ពុជា។ ក្នុងនោះ គ្មានមេដឹកនាំអាស៊ានរូបណា មានភាពចាស់ទុំ ដូចសម្ដេចតេជោ​នាយករដ្ឋ​មន្ត្រីនោះដែរ។

សម្រាប់ឱកាស ដែលប្រទេសកម្ពុជា នឹងទទួលបានក្នុងពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ លោកបណ្ឌិត គិន ភា មើលឃើញថា ជាមោទនភាពមួយ និងជាការបង្ហាញឲ្យពិភពលោក ក៏ដូចប្រទេសក្នុងតំបន់ មានសុទិដ្ឋិនិយម​ចំពោះប្រទេសកម្ពុជា ដែលជាការប្រែប្រួលមុខមាត់ថ្មីមួយ របស់កម្ពុជា ដែលពីមុនយើងដឹងហើយថា ជាប្រទេស​ដែលឯកោ ជាប្រទេសដែលមានការហ៊ុំពទ្ធទាំងនយោបាយ និងសេដ្ឋកិច្ច។ ប៉ុន្តែនាពេលបច្ចុប្បន្ន កម្ពុជាបានក្លាយ​ជា​ប្រទេសមួយ ដែលកំពុងធ្វើសមាហរណកម្ម​យ៉ាងសកម្ម ទៅក្នុងនិន្នាការ និងរចនាសម្ព័ន្ធតំបន់ និងពិភពលោក ដែលយើងកំពុងដើរតួនាទីយ៉ាងរឹងមាំដោយស្មើមុខ ស្មើសិទ្ធិ ជាមួយបណ្ដាប្រទេសនានា នៅលើឆាកអន្តរជាតិ ហើយ​កម្ពុជា ក៏បានប្រកាន់ភ្ជាប់នូវគោលការណ៍ពហុភាគីនិយម។

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិរូបនេះ បានលើកឡើងបន្តថា ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន ឆ្នាំ២០២២ យើងអាចដាក់នូវរបៀបវារៈ ដែលមានសារៈសំខាន់ទាំងសម្រាប់តំបន់ទាំងមូលផង ទាំងសម្រាប់ប្រទេសកម្ពុជាខ្លួន​ឯងផង។ ម្យ៉ាងទៀត វាក៏ជាច្រកការទូតដ៏សំខាន់មួយ សម្រាប់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ដែលនឹងធ្វើឲ្យ​ អង្គការតំបន់ និងប្រទេសធំៗ ជាច្រើនទៀត ចោលក្រសែភ្នែកមកលើប្រទេសកម្ពុជា ពីព្រោះយើងជាម្ចាស់ផ្ទះរៀប​ចំ​កិច្ចប្រជុំ។

លោកបណ្ឌិត គិន ភា មានប្រសាសន៍ថា «ពេលនោះ យើងត្រូវធ្វើការជិតស្និត ជាមួយដៃគូសន្ទនាអាស៊ានទាំងអស់ ដូចជា ចិន សហរដ្ឋអាមេរិក EU អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសផ្សេងៗ ថ្មីៗទៀត ដូចជា អូស្ត្រាលី ដូច​អង់គ្លេស ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា អាហ្នឹងគឺសុទ្ធតែជាច្រកការទូតដ៏សំខាន់ របស់យើង ដែលកម្ពុជាក្នុងនាម​ជា​ប្រធាន​អាស៊ាន»។

លើសពីនេះទៀត តាមរយៈតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ ប្រទេសកម្ពុជា ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំ​ទូលាយ ទៅកាន់ពិភពលោក ដោយសារនៅពេលនោះ​ ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក គេនឹងផ្ដោតមកលើ​ប្រទេសកម្ពុជា។ ដូច្នេះរូបភាពកម្ពុជា ត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោក ដែលនេះក៏អាចជួយទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ផង ហើយក៏អាចទាក់ទងការវិនិយោគផ្ទាល់ពីបរទេស ផងដែរ។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាប្រឈម ដែលប្រទេសកម្ពុជា នឹងជួបប្រទះក្នុងពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ ដែលតាមលោកបណ្ឌិត គិន ភា រួមមានបញ្ហាសមុទ្រចិនខាងត្បូង គឺជាបញ្ហាប្រឈមមួយ​ ហើយក៏នៅជាសម្ពាធ​មួយសម្រាប់កម្ពុជា ដោយសារតែនិន្នាការពិភពលោកបច្ចុប្បន្ន ការប្រកួតប្រជែងខាងភូមិសាស្រ្ដនយោបាយ កំពុង​តែមានភាពស្រួចស្រាលខ្លាំងមែនទែន រវាងចិន និងសហរដ្ឋអាមេរិក។ ដូច្នេះបញ្ហាសមុទ្រចិនខាងត្បូង វាបានក្លាយ​ជាល្បែងអំណាចមួយ​ របស់មហាអំណាចទាំងពីរ ដែលចាប់ផ្ដើមចូលមកកាន់ អាស៊ីប៉ាស៊ីហ្វិក ឬក៏ឥណ្ឌូប៉ាស៊ីហ្វិក។

តែយ៉ាងណាក៏ដោយ តាមអ្នកជំនាញទំនាក់ទំនងអន្តរជាតិរូបនេះ បានលើកឡើងថា «បញ្ហាសមុទ្រចិនខាងត្បូង ខ្ញុំ​គ្រាន់តែចង់បញ្ជាក់ វាមិនមែនរឿងថ្មីទេ ទោះបីវាកើតឡើងមែន ហើយកម្ពុជាអាចថារួមចំណែក អាចដាក់ចេញនូវ​ដំណោះស្រាយ ឬក៏យន្តការបែបណាមួយ អាហ្នឹងវាជារឿងមួយល្អប្រសើរហើយ សម្រាប់កម្ពុជាយើង ក៏ដូចតំបន់ ប៉ុន្តែបើមិបាន ក៏មិនមែនជាកំហុសរបស់កម្ពុជាដែរ ព្រោះរឿងហ្នឹងវាកើតមកយូរហើយ ហើយក៏មិនទាន់មានចេញជា​លទ្ធផលដុំគំភួន ជាក់ស្ដែងគួរមានមោទនភាព បញ្ហាសមុទ្រចិនខាងត្បូង យើងមោទនភាពទីមួយ នៅពេលដែល​កម្ពុជា ធ្វើជាប្រធានអាស៊ានលើកទីមួយ ឆ្នាំ២០០២ ក៏យើងសម្រេចនូវ DOC សេចក្ដីប្រកាសប្រតិបត្តិ សម្រាប់ភាគី​សមុទ្រចិនខាងត្បូង​ ដែលមិនមានប្រទេសណាធ្វើបានទេ យើងធ្វើបានឆ្នាំ ២០០២»។

ត្រង់ចំណុចនេះលោកបណ្ឌិត គិន ភា បានបញ្ជាក់បន្ថែមថា ក្រោយមកទៀត ដោយសារជំហររបស់កម្ពុជា​ច្បាស់​លា​ស់ ដែលឲ្យតម្លៃខ្ពស់ពីផលប្រយោជន៍ នៃទំនាក់ទំនងចិន-អាស៊ាន និងទំនាក់ទនងជាទ្វេភាគីរវាង​បណ្ដាប្រទេស​ផ្សេង​​ៗ ជាមួយអាស៊ាននោះហើយ ទើបធ្វើឲ្យទំនាក់ទំនងអាស៊ាន-ចិន មានស្ថិរភាព។ ក្នុងនោះ ក៏ទទួលបានផ្លែផ្កា និង​ផលប្រយោជនផងដែរ ហើយជានិច្ចកាលកម្ពុជា ដែលមិនមែនជាប្រទេសពាក់ព័ន្ធ នឹងអធិបតេយ្យភាពក្នុង​សមុទ្រ​ចិនខាងត្បូង គឺតែងតែប្រកាន់ជំហរអព្យាក្រឹត្យ និងចង់ឲ្យភាគីពាក់ព័ន្ធទាំងអស់ ដោះស្រាយគ្នាដោយទ្វេ​ភាគី ហើយមិនអាចយកបញ្ហាទ្វេភាគី ធ្វើឲ្យខូចរូបភាពនៃទំនាក់ទំនងរវាងអាស៊ាន-ចិន ទាំងមូល ក៏ដូចអាស៊ាន ជា​មួយនឹងប្រទេសផ្សេងទៀតនោះទេ។

បញ្ហាមួយទៀត ដែលនឹងក្លាយជារបៀបវារៈសំខាន់ផងដែរ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២​នោះ គឺបញ្ហាការរាតត្បាតជំងឺកូវីដ-១៩។ លោកបណ្ឌិត គិន ភា បានលើកឡើងថា បញ្ហាកូវីដ-១៩ ជាបញ្ហាប្រឈម​ជា​សកលពិតមែន តែក្នុងនាមប្រទេសកម្ពុជាជាប្រធានអាស៊ាន ក៏យើងត្រូវមានការគិតគូ ធ្វើយ៉ាងណាដើម្បីទប់​ស្កា​ត់ជំងឺរាតត្បាតមួយនេះ ក៏ដូចជាការដោះស្រាយ និងការកសាងសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិមួយនេះ។

លោក​បានលើកឡើងទៀតថា ប្រសិនបើកូវីដ-១៩ នៅបន្តរាតត្បាតទៀត យើងខ្លាចមិនអាចរៀបចំកិច្ចប្រជុំផ្ទាល់បាន ព្រោះការប្រជុំជួបមុខគ្នាដោយផ្ទាល់ គឺនឹង​ផ្ដល់ផលចំណេញច្រើនសម្រាប់កម្ពុជា។ ចំណេញត្រង់ថា កម្ពុជាអាចបង្ហាញពីសន្តិភាព ស្ថិរភាព សន្តិសុខ ដល់​ក្រសែភ្នែកមេដឹកនាំពិភពលោក ហើយក្នុងវត្តមានថ្នាក់ដឹកនាំប្រទេសធំៗ នៅលើពិភពលោក មកកាន់ប្រទេស​កម្ពុជានៅពេលប្រជុំអាស៊ាននោះ ក៏យើងអាចជួបក្នុងលក្ខណៈទ្វេភាគី ដែលនឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា ជា​មួយ​ប្រទេសទាំងនោះ កាន់តែប្រសើរឡើង ហើយលទ្ធភាពនៃការទាក់ទាញ ការវិនិយោគក៏មានខ្ពស់ផងដែរ។

បញ្ហាមួយទៀត ដែលនឹងអាចក្លាយជារបៀបវារៈសំខាន់ នៅក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះ គឺបញ្ហា​នៅ​​ក្នុងប្រទេសភូមា។ លោកបណ្ឌិត គិន ភា បានលើកឡើងថា បញ្ហាប្រទេសភូមានៅតែជាបញ្ហាក្ដៅ ជាដុំក្ដៅ ដែល​យើង​ត្រូវកាន់នៅឆ្នាំ ២០២២ ពីព្រោះក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក្នុងឆ្នាំ ២០២១នេះ គឺអវត្តមានមេដឹកនាំភូមា ហើយ​កម្ពុជាជានិច្ចកាល តែងតែរក្សាស្មារតីសហគមន៍ គ្រួសារអាស៊ាន ដោយមិនចង់ឲ្យនរណាម្នាក់ ត្រូវបានគេ​បោះបង់ទេ។

លោកថា «ចឹងទេ ប្រសិនបើមេដឹកនាំយោធាភូមា គាត់អត់ព្រមសហការជាមួយអាស៊ាន ក៏អត់ព្រមបន្ទន់ឥរិយាបថ ជាមួយបេសសកជនពិសេស របស់អាស៊ាន ដើម្បីជួយរកដោះស្រាយនយោបាយផ្ទៃក្នុងគាត់ អាហ្នឹងជាបញ្ហា​ប្រ​ឈ​ម​មួយ ដែលយើងត្រូវខិតខំប្រឹងប្រែងធ្វើការ ហើយសង្ឃឹមថា នយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ គឺអាច​នឹង​ត្រូវបានប្រើប្រាស់ជាបទពិសោធន៍ ជាមេរៀនមួយ យកទៅអនុវត្តនៅភូមា ឲ្យបានទទួលជោគជ័យ»។

សម្រាប់បញ្ហាផ្សេងៗទៀត ដូចជា៖​ បញ្ហាឧបទ្វីបកូរ៉េ, បញ្ហាប្រែប្រួលអាកាស, ជាដើមបញ្ហាវិបត្តិសុខភាព​សាធារ​ណៈជាដើម ក៏នឹងអាចក្លាយជារបៀបវារៈ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ ២០២២​ខាង​មុខដែរ។ នេះបើតាមលោកបណ្ឌិត គិន ភា ដដែល។

ជាក្ដីរំពឹងសម្រាប់កិច្ចប្រជុំអាស៊ានឆ្នាំ ២០២២ខាងមុខ លោកបណ្ឌិត គិន ភា បានមានប្រសាសន៍ថា ជាទម្លាប់ដែល​ប្រទេស​កម្ពុជាធ្វើជាប្រធានអាស៊ាន គឺយើងតែងតែព្យាយាមសម្របសម្រួល យើងព្យាយាមរកដំណោះស្រាយមួយ ដែល​មាន​​​ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលកម្ពុជាមិនចង់ឲ្យភាពប្រទាំងប្រទីស នៅក្នុងភាពជាប្រធានអាស៊ាន របស់កម្ពុជាឡើយ។

ម្យ៉ាងទៀតលោកបណ្ឌិត គិន ភា បានរំពឹងថា ដោយយោងទៅលើបទពិសោធន៍ របស់សម្ដេចតេជោ ហ៊ុន សែន គឺ​បញ្ហា​ប្រឈមធំៗ ទាំងអស់ អាចដោះស្រាយបានដោយលទ្ធផលមួយ​ ដែលអាចទទួលយកបានទាំងអស់គ្នា។ លោកថា ទោះបីជាបញ្ហាសមុទ្រចិនខាងត្បូង យើងមិនសង្ឃឹមថា វាអាចដោះស្រាយចប់ភ្លាមយ៉ាងណាក៏ដោយ ក៏យើងសង្ឃឹមថា អាចរក្សាបាននូវស្ថានភាពមួយ មិនឲ្យឡើងកំដៅបន្ថែមដែរ។

រីឯបញ្ហាកូវីដ-១៩ យើងឃើញថា មានគំនិតផ្ដួចផ្ដើមថ្មីៗ ជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជានឹងអាចដាក់ចេញ ដើម្បីធានាគាំពារសុខុមាលភាពប្រជា​ពលរដ្ឋ និងយន្តការសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញ ហើយដែលបទពិសោ​ធន៍គ្រប់គ្រងបញ្ហាកូវីដ-១៩ នេះ ក៏ជាមេរៀនមួយដ៏ល្អដែរ សម្រាប់ប្រទេសក្នុងតំបន់អាស៊ានដែរ ដោយសារប្រទេស​កម្ពុជាបានទប់ស្កាត់ និងគ្រប់គ្រងបានល្អ ដោយបានប្រកាសបើកដំណើរសង្គម-សេដ្ឋកិច្ច ចាប់ថ្ងៃទី១ វិច្ឆិកា ឆ្នាំ ២០​​២១ តទៅ។

ចំពោះបញ្ហាភូមាវិញ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិរូបនេះ មានជំនឿថា ទេពកោសល្យ នៃការដោះស្រាយ​បញ្ហារបស់ប្រទេសកម្ពុជា ដែលស្គាល់អំពីវប្បធម៌ និងឥរិយាបថនយោបាយ នៃប្រទេសនៅក្នុងសង្គ្រាមស៊ីវិល គឺ​ប្រហែលជាបេសសកជនរបស់យើង ដែលចាត់តាំងដោយក្រសួងការបរទេសកម្ពុជា អាចចែករំលែកនូវមេរៀន និង​បទពិសោធន៍ដល់ប្រទេសភូមា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់តែម្ដង ដែលនឹងមានយន្តការការទូត​ជាផ្លូ​វការ ឬក្រៅផ្លូវការបែបណាមួយ ដើម្បីឲ្យភាគីពាក់ព័ន្ធនៅប្រទេសភូមា អាចរកដំណោះស្រាយមួយសមស្រប។ តែ​លោកបណ្ឌិត គិន ភា ថា ដំណោះស្រាយនៅប្រទេសភូមា ពាក់ព័ន្ធផ្ទាល់ និងស៊ីជម្រៅខ្លាំង គឺភាគីពាក់ព័ន្ធនៅ​ភូមា​ខ្លួនឯង ហើយកត្តារួមផ្សំ គឺពីការសហការរកដំណោះស្រាយ របស់អាស៊ាន និងការឈប់នៅពីក្រោយខ្នង របស់​មហា​អំណាច នៅក្នុងជំលោះនៃប្រទេសមួយនេះផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ

ជីវិតកម្សាន្ដ៤៦ នាទីutes មុន

មានងារជាឧកញ៉ា ទ្រព្យច្រើនក៏ពិតមែន តែលោក ព្រាប សុវត្ថិ នៅតែរីករាយនឹងជីវិតសាមញ្ញតាមទម្លាប់ ហើយត្រូវបានអ្នកគាំទ្រយកគំរូតាម

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ម៉ឹង សំផន ថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលផ្ញើសាររំលែកទុក្ខចំពោះមរណភាពលោកជំទាវ យស់ ស៊ីមន

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រសួងបរិស្ថាន និងក្រុមហ៊ុន Smart Axiata ចុះអនុស្សរណៈ ដើម្បីចូលរួមបណ្ដុះពន្លកបៃតង និងលើកកម្ពស់ការអនុវត្តសកម្មភាពបរិស្ថាន សម្រាប់ប្រទេសកម្ពុជាកាន់តែបៃតងស្អាត

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃសម្រេច​គោលដៅ ដោយបាន​ទទួលភ្ញៀវទេសចរអន្តរជាតិ ៣៥ លាននាក់ ឆ្នាំមុន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការ​ដឹក​ឧស្ម័ន​របស់​រុស្ស៊ី​ទៅ​អឺរ៉ុបឆ្លង​កាត់​អ៊ុយក្រែន ត្រូវ​បញ្ឈប់​ជា​ផ្លូវការ​ហើយ!

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្លាប់​ម្នាក់ និង​របួស​៧​នាក់ ក្រោយ​​​​ផ្ទុះ​រថយន្ត Cybertruck ចំពីមុខ​សណ្ឋាគារលោក ត្រាំ

ព័ត៌មានជាតិ៥ ម៉ោង មុន

ថ្ងៃទី ១ ដើមឆ្នាំ ពលរដ្ឋបន្តដើរលេងកម្សាន្តនៅសួនមាត់ទន្លេ ខណៈរបៀបរៀបរយ និងបរិស្ថានអនាម័យ មានភាពប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម