Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ គ.ជ.ប ៖ ពលរដ្ឋកាន់តែច្រើន បានទៅចុះឈ្មោះបោះឆ្នោត ហើយជាមធ្យមមួយថ្ងៃ ចុះបាន ១ម៉ឺន​នាក់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋ ដែលបានទៅចុះឈ្មោះបោះឆ្នោតប្រចាំថ្ងៃ ក្នុងរយៈពេល ២១ថ្ងៃកន្លងមកនេះ មានសន្ទុះច្រើនគួរឲ្យកត់សម្គាល់ ដោយក្នុងមួយថ្ងៃជាមធ្យម មានចំនួន ១ម៉ឺននាក់ ហើយ​ការចុះឈ្មោះគ្រប់តាមផែនការ ឬក៏អត់ អាស្រ័យលើការចូលរួម របស់ប្រជាពលរដ្ឋប៉ុណ្ណោះ។

តាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ រយៈ​ពេល ២១ថ្ងៃកន្លងមកនេះ មានប្រជាពលរដ្ឋបានទៅចុះឈ្មោះចំនួន ២៤២,៩០៦នាក់ហើយ។ ក្នុងឆ្នាំ ២០២១នេះ គ.​ជ.ប គ្រោងចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ១,៦៣៥,៩៩០នាក់ សម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២២ ខាងមុខ​។

លោកបណ្ឌិត ហង្ស ពុទ្ធា សមាជិក​ និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី៣ ខែ​វិច្ឆិកានេះថា តួលេខដែល គ.ជ.ប បានបង្ហាញអំពីការប៉ាន់ស្មាន ការចុះឈ្មោះអ្នកបោះឆ្នោតថ្មីនោះ គឺជាតួលេខ​​ប្រ​ជា​ពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង ដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ប៉ុន្តែប្រជាពលរដ្ឋក្នុងតួលេខនេះ កំពុងស្ថិតក្នុងប្រទេសខ្លះ និងក្រៅប្រទេសខ្លះ ហើយដើម្បីសម្រួលនូវការចុះឈ្មោះនេះ គឺ គ.ជ.ប បានដាក់ពេ​ល​វេលាចុះឈ្មោះបោះឆ្នោត រហូតដល់ ៥០ថ្ងៃឯណោះ។

អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងបន្តថា ជាមធ្យមក្នុងមួយថ្ងៃ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មី ចំនួន ១​ម៉ឺននាក់ ហើយសន្ទុះកំពុងតែមានការកើនឡើងបន្ថែមទៀត ដោយសារតែការិយាល័យចុះឈ្មោះបោះឆ្នោត បាន​ចល័តទៅកាន់ទីប្រជុំជន ដែលមានប្រជាពលរដ្ឋរស់នៅច្រើន។

នៅពេលសួរថា តើការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១នេះ អាចគ្រប់តាមការប៉ាន់ស្មានរបស់ គ.ជ.ប ដែរឬទេ? លោក​បណ្ឌិត ហង្ស ពុទ្ធា បានបញ្ជាក់ថា «ការវាយតម្លៃបែបណា គ្រប់ផែនការ ឬក៏មិនគ្រប់នោះ គឺអាស្រ័យទៅ​លើការចូលរួម របស់ប្រជាពលរដ្ឋ ហើយក៏មិនមែនជាថ្ងៃចុងក្រោយ នៃកាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតដែរ ហើយជារៀងរាល់ឆ្នាំ គ.ជ.ប តែងតែសង្កេតឃើញថា ឲ្យតែកៀកថ្ងៃ បានបងប្អូនប្រជាពលរដ្ឋយើង អញ្ជើញ​មក​កាន់តែកុះករថែមទៀត»។

ជាមួយគ្នានេះ ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកបណ្ឌិត ហង្ស ពុទ្ធា បានបន្តអំពាវនាវដល់​សហ​គមន៍ អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាគណបក្សនយោបាយជាដើម សូមចូលរួមនៅក្នុង​ការជំរុញ ឲ្យប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត នាំគ្នាទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ពីព្រោះបញ្ជីបោះ​ឆ្នោត​ឆ្នាំ ២០២១នេះ គឺសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០២២ ហើយប្រសិនបើគ្មាន​ឈ្មោះទេ គឺមិនអាចបោះឆ្នោតបានឡើយ។

សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ។ ប្រជាពលរដ្ឋ អាចទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅឃុំ-សង្កាត់ ដែលខ្លួនរស់នៅ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម