ព័ត៌មានជាតិ
ពលរដ្ឋ ៥០នាក់ ទាក់ទងមេធាវីមួយរូប ក្រោយប្រកាសការពារក្ដីមិនគិតថ្លៃ សំណុំរឿងប៉ះពាល់ដល់ព្រះពុទ្ធសាសនា
មេធាវីមួយរូប បានប្រកាសចូលរួមការពារក្ដីដោយមិនគិតថ្លៃ ទៅលើករណីអ្នកលេងបណ្ដាញសង្គម ដែលបានប្រព្រឹត្តទង្វើប៉ះពាល់ដល់ព្រះពុទ្ធសាសនា ដោយក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ៥០នាក់ បានទំនាក់ទំនងទៅកាន់មេធាវីរូបនេះ ក្រោយមានការប្រកាសយ៉ាងដូច្នេះ។
លោកមេធាវី ម៉ុត សៀងហៃ បានឲ្យដឹងនៅរសៀលថ្ងៃទី៤ វិច្ឆិកានេះថា បន្ទាប់ពីលោកសរសេរក្នុងខំមិនព័ត៌មាន របស់សារព័ត៌មានកម្ពុជាថ្មីមក មានប្រជាពលរដ្ឋប្រមាណ ៤០ ទៅ ៥០នាក់ បានទំនាក់ទំនងមកលោក ជុំវិញការប្រកាសចូលរួមការពារក្ដី ដោយមិនគិតថ្លៃលើករណីនេះ។ ចំណែកឯម្ចាស់បណ្ដឹង ដែលប្ដឹងម្ចាស់គណនីហ្វេសប៊ុក និងតិកតុក ព្រមទាំងបក្សពួកពីបទ ប៉ះពាល់ដល់ព្រះពុទ្ធសាសនា ក៏បានទាក់ទងមកកាន់លោកផងដែរ។
លោកមានប្រសាសន៍ថា «ខ្ញុំឃើញអ្នកទំនាក់ទំនងមកខ្ញុំ ដូចជាច្រើននាក់ដែរ តំណាងឲ្យប្រជាពលរដ្ឋហ្នឹង ដូចជា ៤០ ទៅ ៥០នាក់ ហើយមានបងម្ចាស់ ដែលដាក់ពាក្យបណ្ដឹងហ្នឹង ក៏បានទាក់ទងមកខ្ញុំដែរ»។ លោកមេធាវី ម៉ុត សៀងហៃ បានឲ្យដឹងបន្តថា «បើសិនជាពួកគាត់ ធ្វើការពឹងពាក់ខ្ញុំ ក្នុងនាមជាមេធាវីសម្រាប់ពួកគាត់ យើងចូលការពារគាត់តាមនីតិវិធី ការពារតាមផ្លូវច្បាប់ធម្មតា»។
គួររំលឹកថា បុរសម្នាក់ឈ្មោះ ឃាន គឹមលាង អាយុ៤១ឆ្នាំ មានអាសយដ្ឋាននៅ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែវិច្ចិកា ឆ្នាំ២០២១ បានដាក់ពាក្យបណ្ដឹងដល់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងកម្មវត្ថុសុំប្ដឹងម្ចាស់គណនីហ្វេសប៊ុក និងតិកតុក ឈ្មោះ ភី សម័យ ភេទស្រី និងបក្សពួក ពីបទប៉ះពាល់ដល់ព្រះពុទ្ធសាសនា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងតិកតុក។
ក្នុងពាក្យបន្ដឹងនោះ លោក ឃាន គឹមលាង បានលើកអង្គហេតុនៃដំណើររឿងខ្លះៗ ថា កាលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្ចាស់គណនីហ្វេសប៊ុក និងតិកតុក និងបក្សពួក បានធ្វើការ Live (វីដេអូផ្សាយផ្ទាល់) ដោយយកស្បង់ចីពររបស់ព្រះសង្ឃ មកស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធ ហើយបាននាំគ្នារាំញ៉ាក់ ដែលធ្វើឲ្យមនុស្សម្នាយ៉ាងច្រើន រិះគន់ចំពោះទង្វើបែបនេះ និងប៉ះពាល់ដល់ពុទ្ធសាសនិកជន បាត់បង់ជំនឿលើព្រះពុទ្ធសាសនា។ ម្ចាស់បន្ដឹងរូបនេះ បានស្នើសុំព្រះរាជអាជ្ញាជួយរកយុត្តិធម៌ និងផ្ដន្ទាទោសម្ចាស់គណនីហ្វេសប៊ុក និងតិកតុក ភី សម័យ ព្រមទាំងបក្សពួក ទៅតាមនីតិវិធី។
បន្ទាប់ពីបានឃើញ នូវព័ត៌មាននេះលោកមេធាវី ម៉ុត សៀងហៃ ដែលជាអតីតក្មេងវត្តមួយរូបដែរនោះ បានប្រកាសថា នឹងជួយចូលរួមក្នុងការពារបន្ថែមលើរឿងក្តីនេះ ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នា ដែលមានឆន្ទៈពិតប្រាកដដាក់ពាក្យបណ្តឹង លើជនបង្កហេតុទាំង ២រូបនោះ ដោយមិនកម្រៃសេវាមេធាវីឡើយ។
លោកមេធាវី ម៉ុត សៀងហៃ បានលើឡើងដែរថា ទង្វើរបស់ម្ចាស់គណនីហ្វេសប៊ុក និងតិកតុក ឈ្មោះ ភី សម័យ ភេទស្រី និងបក្សពួក គឺជាការព្រហើន និងជាការប្រមាថដ៏ធំបំផុត ដល់ជាតិសាសន៍ នៃប្រទេសកម្ពុជា។ បន្ថែមពីលើនេះ មេធាវីរូបនេះ ក៏បានប្រកាសដល់ប្រជាពលរដ្ឋ ដែលជាសាសនិកជនគោរពស្រឡាញ់ និងផ្តល់តម្លៃដល់ព្រះពុទ្ធសាសនា ហើយមានបំណងប្តឹងជនទាំង ២រូបនេះ អាចទំនាក់ទំនងទៅកាន់លោកបាន។
លោកមេធាវី ម៉ុត សៀងហៃ ក៏បានបញ្ជាក់បន្ថែមថា ក្នុងនាមជាមេធាវីមួយរូប និងធ្លាប់ជាក្មេងរស់នៅក្នុងវត្តផងដែរនោះ លោកនឹងនៅតែបន្តការពារក្ដីជូនប្រជាពលរដ្ឋរូបណា ដែលបានប្ដឹងមកកាន់លោក ពាក់ព័ន្ធករណីអ្នកប្រព្រឹត្ដទង្វើប៉ះពាល់ដល់ព្រះពុទ្ធសាសនា នាពេលក្រោយទៀត ដោយមិនគិតថ្លៃឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ