Connect with us

ព័ត៌មានជាតិ

ត្រីមាស​ទី​៣​ឆ្នាំ​២០២០​ ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​នៅតែ​រក្សា​បាន​លទ្ធផល​ល្អប្រសើរ​

បានផុស

នៅ

​ភ្នំពេញ ៖ នៅ​ត្រីមាស​ទី​៣ នៃ ឆ្នាំ​២០២០ តាមរយៈ​របាយការណ៍​វឌ្ឍនភាព​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញថា ការអនុវត្ត​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ស្ថិតនៅក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន និង​នៅតែ​រក្សាបាន​លទ្ធផល​ល្អប្រសើរ បើ​ទោះបី​ស្ថានភាព​បច្ចុប្បន្ន កំពុង​ទទួលរង​ការ​គំរាមកំហែង​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​នេះ​ ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​កែទម្រង់​កា​រ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conference ) ដែល​ដឹកនាំ​ដោយ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

កិច្ចប្រជុំ​នេះ ពិភាក្សា​លើ​របៀបវារៈ​ចំនួន​ពីរ ទី​១​គឺ​ពិនិត្យ​លើ​របាយការណ៍​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៣ ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២០ និង ទី​២​គី​ពិភាក្សា​លើ​សេចក្តី​ព្រាង​ក្របខណ្ឌ​ផែនការ​សកម្មភាព​រួម ដំណាក់កាល​ទី​៤​។

សមិទ្ធផល​គន្លឹះៗ​នៃ​ផ្នែក​ទាំង​៥​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង​ត្រីមាស​ទី​៣ នេះ​មាន វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​រួមមាន​ជាអាទិ៍ ការប្រមូល​ចំណូល​មានការ​ថមថយ​ប៉ុន្តែ​ស្ថិត​ក្នុង​ភាព​អាច​គ្រប់គ្រង​បាន​ជាក់ស្តែង​ការអនុវត្ត​ចំណូល​ក្នុងស្រុក​ដែល រួមមាន​ចំណូល​ចរន្ត និង ចំណូល​មូលធន សម្រេច​បាន ៦៣% ធៀប​នឹង​ច្បាប់ ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១៦ ៤៥៤ ប៊ី​លាន​រៀល​។ រីឯ​ចំណាយ​ក្នុង​រយៈពេល​៩​ខែ​មកនេះ ស្ថិតក្នុង​កម្រិត​ល្អ​ប្រសើរ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​កន្លងទៅ បើ​ទោះបី​ជា​ឆ្នាំនេះ​មានការ​ធ្វើ​វិចារណកម្ម​ថវិកា​ចំនួន​២​លើក​ក៏ដោយ ជាក់ស្តែង​ចំណាយ​ថវិកាជាតិ​សម្រេច​បាន ៥៦% គិត​ត្រឹម​ត្រីមាស​ទី​៣​។ វឌ្ឍនភាព​នេះ​បាន​ឆ្លុះ​បង្ហាញ​ពី​ភាព​ជឿ​ទុកចិត្ត​នៃ​ថវិកា និង​ការ​ឆ្លុះបញ្ចាំង​ពី​ការ​រក្សា​បាន​នូវ​វិន័យ​នៃ​ការអនុវត្ត​ថវិកា។

ជា​មួយ​គ្នា​នេះ ការ​កសាង​និង​កែលម្អ​ប្រព័ន្ធ​, ការ​ពង្រឹង​ការអនុវត្ត​ថវិកា​កម្មវិធី និង​ការ​កសាង​មូលដ្ឋាន​សមិទ្ធកម្ម​សម្រាប់​ដំណាក់កាល​បន្ទាប់​ជា​បណ្តើរៗ ក៏​នៅ​បន្ត​មាន​វឌ្ឍនភាព​ល្អ​ប្រសើរ​ផងដែរ​។ ទោះជា​យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​នៃ​វិបត្តិ​កូ​វីដ​១៩​នេះ កិច្ចការ​កែទម្រង់​ខ្លះ ក៏បាន​ផ្អាក ឬ​ផ្លាស់ប្តូរ​យន្តការ​ថ្មី​ផង​ដែរ​ជាពិសេស​គឺ​កិច្ចការ​ពាក់ព័ន្ធ​នឹង​ការ​កសាង​សមត្ថភាព​មន្ត្រីរាជការ ការ​ចុះ​បេសកកម្ម និង​ការ​ផ្សព្វផ្សាយ​នានា​ជាដើម ហើយ​បាន​ប្រើប្រាស់​វិធីសាស្ត្រ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ជំនួស​វិញ​។ ជា​រួម ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​គិត​មក​ត្រឹម​ត្រីមាស​ទី​៣​នេះ គឺ​បន្ត​មាន​ចលន​ការ​ទៅមុខ​តាម​យន្តការ​ប្រយ័ត្នប្រយែង​និង​វិធានការ​នវានុវត្តន៍​ថ្មី​។

ដោយឡែក ការពិភាក្សា​អំពី​ការរៀបចំ​សេចក្តី​ព្រាង​ក្របខណ្ឌ​ផែនការ​សកម្មភាព​រួម​ដំណាក់កាល​ទី​៤ ជាការ​ងារ​ចាំបាច់​សម្រាប់​ការត្រៀមខ្លួន​អនុវត្ត​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​នៅក្នុង​ជំហាន​បន្ទាប់​។ ក្របខណ្ឌ​ផែនការ​សកម្មភាព​រួម​ដំណាក់កាល​ទី​៤ មាន​លក្ខណៈ​ទូលំទូលាយ ដោយ​ផ្តោត​ការគ្រប់គ្រង​ធនធានមនុស្ស​និង​រចនាសម្ព័ន្ធ​ចាត់តាំង និង​ការបញ្ចប់​ការងារ​រៀបចំ​មូលដ្ឋាន​ជា​សារ​វ័​ន្ត​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​រយៈពេល​ជាង ២០ ឆ្នាំនេះ ក្នុង​គោលដៅ​ឆ្ពោះទៅរក​ការកែទម្រង់ “​ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ​” ឬ “​លទ្ធផល​ចុងក្រោយ​”​។ ថ្នាក់ដឹកនាំ​គណៈ​-​កម្ម​ការកែទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បាន​ណែនាំ​និង​តម្រង់ ទិស​ឲ្យ​គិតគូរ​ក្នុង​ការ​បង្កើន​រយៈពេល​២​ឆ្នាំ​បន្ថែម​ទៀត​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​ដំណាក់កាល​ទី​៣ និង​ការងារ គន្លឹះៗ​ដែល​សេសសល់​ផ្សេងៗ​ទៀត ដើម្បី​ធានា​ឲ្យមាន​ចីរភាព​នៃ​ការងារ​កែទម្រង់​និង​ការ​ដើរ​ស្របគ្នា​ជាមួយនឹង​កិច្ច​ការងារ​កែទម្រង់​ផ្សេងៗ​ទៀត​មុននឹង​ឈាន​បោះជំហាន​ទៅ​ដំណាក់កាល​បន្ទាប់​។

លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​រំលឹក​បន្ថែមថា ក្នុង​កាលៈទេសៈ​នេះ គឺ​បង្ក​ឲ្យ​គ្រប់​អង្គភាព ក្រសួង​ស្ថាប័ន សម្រប​ខ្លួន​ទៅនឹង​វិបត្តិ និង​ប្រើប្រាស់​នូវ​គំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើតមាន ជាមួយនឹង​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​និង​បានស្នើ​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង បន្ត​ជំរុញ​ការអនុវត្ត​ផែនការ​សកម្មភាព​រួម​ដំណាក់កាល​ទី​៣​ដើម្បី​សម្រេច​តាម​គោលដៅ ដែល​បាន​គ្រោងទុក​៕
ដោយ ៖ វ​ត្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម