ព័ត៌មានជាតិ
តើមានបញ្ហាអ្វីខ្លះ មុនឈានដល់ការប្រកាសឯករាជ្យពីអាណានិគមបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ?
នៅថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺជាទិវាបុណ្យឯករាជ្យជាតិ លើកទី៦៨ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២១) ក្រោយពីកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ហើយសម្រាប់ឆ្នាំ២០២១នេះ ទិវាបុណ្យឯករាជ្យជាតិនេះ បើទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ មិនទាន់បានស្ងប់ស្ងាត់ក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីនេះដោយផ្ទាល់ យ៉ាងគគ្រឹកគគ្រេង នៅវិមានឯករាជ្យក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីអបអរសាទរទិវាបុណ្យដ៏សំខាន់របស់ជាតិនេះ កម្ពុជាថ្មី សូមបង្ហាញត្រួសៗអំពីប្រវត្តិទាក់ទិនទៅនឹងប្រវត្តិ នៃបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា នេះ។
ប្រទេសកម្ពុជា ធ្លាប់ធ្លាក់ក្រោមអាណានិគមបារាំងអស់រយៈពេលជិតមួយសតវត្ស (៩០ឆ្នាំ) គឺចាប់ពីឆ្នាំ១៨៦៣ រហូតដល់ឆ្នាំ ១៩៥៣។ កម្ពុជាបានទទួលឯករាជ្យពីបារាំងវិញ ដោយសារប្រជារាស្រ្តខ្មែរ គឺសម្តេចព្រះនរោត្តមសីហនុ បានធ្វើការបង្កើតចលនាតស៊ូទាមទារឯករាជ្យបានពេញបរិបូណ៍ពីពួកបារាំង និងកសាងសង្គមថ្មីមួយ ដែលមានភាពសំបូររុងរឿង គឺសម័យសង្គមរាស្រ្តនិយម។
យោងតាមឯកសារ Le Cambodge de Sihanouk បានបង្ហាញថា ព្រះបាទអង្គឌួង(១៨៤១-១៨៦០) សម្រេចព្រះទ័យទាក់ទងទៅបារាំង ដូច្នេះគឺដោយសារតែព្រះអង្គមានព្រះតម្រិះថា ប្រទេសកម្ពុជាកាន់តែធ្លាក់ដុនដាបទៅៗ នឹងឈានទៅដល់ការបែងចែកទឹកដីតាមមហិច្ចតាឈ្លានពានរបស់ប្រទេសសៀម ហើយនឹងយួន ដោយគ្រោងយកទន្លេមេគង្គជាព្រំប្រទល់ ហើយពេលនោះកម្ពុជានឹងត្រូវបាត់បង់ឈ្មោះពីក្នុងផែនទីពិភពលោក។ ក៏ប៉ុន្តែការទំនាក់ទំនងស្នើសុំនេះ គឺមិនទទួលបានជោគជ័យនោះទេ គឺដោយសារតែមានការរារាំងយ៉ាងខ្លាំងពីសំណាក់ព្រះចៅសៀម ដូច្នេះនៅពេលនោះ បារាំងបានទុកកម្ពុជាត្រឹមតែជា ដៃគូពាណិជ្ជកម្មតែប៉ុណ្ណោះ។
បន្ទាប់ពីព្រះបាទអង្គឌួងសុគតទៅ (១៨៦០) ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គបានជ្រើសរើសព្រះអង្គវតី(ព្រះបាទនរោត្តម) ឲ្យឡើងសោយរាជ្យបន្ត។ រឿងនេះបានកើតជាការមិនសុខចិត្ត ដែលធ្វើឲ្យកើតមានជម្លោះរាជបល្ល័ង្គ ដោយភាពភ័យខ្លាចនៅខែសីហា ឆ្នាំ១៨៦១ ព្រះអង្គវតីបានជម្លៀសខ្លួនឆ្លងកាត់ខេត្តបាត់ដំបង ទៅគង់នៅប្រទេសថៃមួយរយៈ ដោយយកគ្រឿងសោយរាជ្យទៅជាមួយផង។ បន្ទាប់ពីព្រះអង្គបានយាងទៅគង់នៅប្រទេសសៀមមក កិច្ចការប្រទេសជាតិទាំងអស់ត្រូវបានព្រះបាទស៊ីសុវត្តិ ឬអង្គសូ ជាអ្នករ៉ាប់រងកិច្ចការជំនួសព្រះអង្គ។ ក៏ប៉ុន្តែក្រោយពីមានការអន្តរាគមពីកុងស៊ុលបារាំងនៅបាងកក ក្សត្រអង្គវតី (ព្រះបាទនរោត្តម) ក៏បានយោងមកគង់នៅរាជធានីឧត្តុង្គវិញ តាមផ្លូវទឹកខេត្តកំពត នៅខែមីនា ឆ្នាំ១៨៦២។
ងាកមកខាងបារាំងវិញ ក្រោយសង្រ្គោមឈ្នះជាមួយអណ្ណាម បារាំងក៏បានចូលកាន់កាប់ក្រុងព្រៃនគរ និងតំបន់ជិតខាងនៅឆ្នាំ១៨៥៩។ ដើម្បីពង្រីកវិសាលភាពអំណាចរបស់ខ្លួន នៅប្រទេសចិនប៉ែកខាងត្បួង បារាំងបានយកទន្លេមេគង្គជាផ្លូវដំណើរ តែត្រូវបរាជ័យ។
នៅពេលធ្វើដំណើរតាមដងទន្លេមេគង្គ បារាំងបានចាប់អារម្មណ៍ពីសម្បត្តិធម្មជាតិដូចជាព្រៃភ្នំ ឈើ រ៉ៃ ដំណាំផល និងផ្លូវទឹកគមនាគមន៍របស់កម្ពុជា ដែលមានភាពងាយស្រួលក្នុងការដឹកនាំទំនិញទៅកាន់បណ្តាទីផ្សារអឺរ៉ុបនោះ បារាំងក៏បានងាកមកចាប់អាម្មរណ៍ទៅលើប្រទេសកម្ពុជាសារជាថ្មី ដោយលើសពីដៃគូពាណិជ្ជកម្ម។
នៅដើមរជ្ជកាលព្រះបាទនរោត្តម (១៨៦០-១៩០៤) មានការបះបោរជាច្រើនបានកើតឡើង ដើម្បីប្រឆាំងនឹងអំពើឈ្លានពានរបស់ សៀម ហើយនិងយួន។ ដូច្នេះដើម្បីរំដោះខ្លួនចេញពីអំណាចនៃការឈ្លានពានពីសំណាក់ប្រទេសទាំងពីរ ព្រះបាទនរោត្តម បានសម្រេចព្រះទ័យធ្វើទំនាក់ទំនងជាមួយបារាំងសារជាថ្មីម្តងទៀត តាមរយៈសន្ធិសញ្ញាបារាំង-ខ្មែរ ដែលមានឈ្មោះថា “មិត្តភាព ការការពារ និងពាណិជ្ជកម្ម” ផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី១១ ខែសីហា ឆ្នាំ ១៨៦៣។ រីឯខ្លឹមសារសំខាន់នៃសន្ធិសញ្ញានេះ ត្រូវបានឆ្លុះបញ្ចាំងពី ការជួយរក្សាការពារប្រទេសកម្ពុជាមិនឲ្យមានការបាត់បង់ទឹកដីជាបន្តទៀត។
នៅដើមឆ្នាំ ១៨៦៤ បារាំងបានគាបសង្កត់សៀមតាមរយៈផ្លូវទូត និងផ្លូវយោធា ដើម្បីឲ្យសៀមបញ្ជូនត្រា ព្រះខ័នរាជ្យ និងម្កុជរាជ សម្រាប់រាជាភិសេកព្រះបាទនរោត្តម ជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧត្តុង្គនាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ១៨៦៤។
បន្ទាប់ពីមានការចុះសន្ធិសញ្ញាអាណាព្យាបាលបារាំងឆ្នាំ១៨៦៣ លើកម្ពុជារួចមក បារាំងបានធ្វើការកំណែទម្រង់រដ្ឋបាល នឹងរឹតបន្តឹងអំណាចរបស់ខ្លួននៅកម្ពុជា ព្រមទាំងធ្វើការពង្រីករបបគ្រប់គ្រង និងអាណាព្យាបាលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាតាមរយៈសន្ធិសញ្ញារបស់ខ្លួន។ ចំណែកឯស្ថានភាពរបស់ប្រជាជននៅក្រោមអាណាព្យាបាលបារាំងវិញ គឺមានភាពលំបាកច្រើន ជាពិសេសគឺបារាំងបានដាក់បញ្ញត្តិកម្រិតឲ្យមានការបង់ពន្ធទៅលើអ្វីៗគ្រប់យ៉ាង ដែលមានតាំងពីពន្ធមនុស្ស ពន្ធដី ពន្ធលំនៅ ពន្ធសត្វពាហនៈ ពន្ធយានជំនិះ ពន្ធរបរអាជីវកម្ម។ល។ ដើម្បីបង់ពន្ធជាប្រាក់កាសឲ្យបារាំង ប្រជាកសិករខ្មែរបានខិតខំពង្រីកដំណាំឧស្សាហកម្មរបស់ខ្លួន(កៅស៊ូ) ព្រមទាំងពង្រីកដំណាំដទៃទៀតមានដូចជា ស្រូវ ពោត សណ្ដែក ។ល។ ប៉ុន្តែទិន្នផលដំណាំមិនសូវល្អទេ។ ផលស្រូវក្នុងមួយហិចតាបានត្រឹមតែ១ តោន ទៅ១,២ តោនប៉ុណ្ណោះ។ ដូចនេះហើយកសិករមានជីវភាពក្រីក្រលំបាក ហើយក៏ក្លាយទៅជាអ្នកជាប់បំណុលពួកឈ្មួញកណ្ដាល និងឈ្មួញបរទេស។ ចំណែកឯការប្រាក់វិញមានកម្រិតខ្ពស់គឺពី ១០០% ដល់ទៅ ១៥០% ជួនកាល ២០០% ក្នុងមួយឆ្នាំក៏មាន។ បារាំងគ្របដណ្តប់អាណានិគមលើផ្ទែប្រទេសកាន់តែយូរ បារំាងកាន់តែរឹតបណ្តឹងធ្វើបាបប្រជារាស្រ្តខ្មែរកាន់តែខ្លាំងឡើងៗ។ ហេតុដូចនេះហើយទើបមានការបោះបោរចំពោះពួកបារាំងជាច្រើនលើកជាច្រើនសារទើបអាចទទួលបានឯករាជ្យពេញលេញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣នេះ។ ដែលចេញដំបូងពីចលនាបោះបោរប្រឆាំងនឹងពួកបារាំងក្រោយសន្ធិសញ្ញាឆ្នាំ ១៩៦៣ និងអនុសញ្ញាឆ្នាំ ១៨៨៤។
សន្ធិសញ្ញាឆ្នាំ១៩៦៣បានបង្ហាញថាបារាំងតែងមានប្រៀប មានអំណាចច្រើនជាងម្ចាស់ប្រទេសមាតុភូមិកម្ពុជាទៅទៀត ចំណែកឯអនុសញ្ញាឆ្នាំ ១៨៨៤វិញ គឺបានបញ្ជាក់ឲ្យឃើញថា រាល់គ្រប់មាត្រា ទាំងអស់នៅក្នុងអុនសញ្ញានោះគឺសុទ្ធតែបានបង្ហាញពីអំណាចរបស់រាជរដ្ឋាភិបាលបារាំងគឺអាចមានសិទ្ធិគ្រប់គ្រងលើប្រទេសខ្មែរទាំងមូល។ ការណ៍ទាំងនេះបានធ្វើឲ្យព្រះរាជា ពួកនាម៉ឺនមន្រ្តី ប្រជារាស្រ្តខ្មែរទាំងអស់បាននាំគ្នាបះបោរតវ៉ាទៅនឹងពួកបារាំងប្រឆាំងនឹងពួកបារាំងស្ទើរគ្រប់ទីកន្លែង។
ការបោះបោរនោះបានក្លាយទៅជាសង្រ្គាមប្រជាជាតិខ្មែរទាំងមូលប្រឆាំងនឹងអាណានិគមបារាំងអស់រយៈពេល ២៦ខែ (វិច្ឆិកា ១៨៨៥ – មករា ១៨៨៧)។ការតស៊ូរបស់អ្នកស្នេហាជាតិខ្មែរបានធ្វើឲ្យអាជ្ញាធរបារាំង និងទាហានបារាំងទទួលបានការខូចខាតយ៉ាងដំណំ។ ក្រោមមកបារាំងក៏សុំចរចារនឹងអ្នកតស៊ូខ្មែរ ដោយព្រមប្រគល់អំណាចទៅឲ្យព្រះរាជាវិញ ហើយរាល់កិច្ចការរដ្ឋទាំងអស់ត្រូវប្រគល់មកឲ្យខ្មែរ ព្រមទាំងប្រគល់បណ្តាខេត្តនានាឲ្យទៅអាជ្ងាធរខ្មែរវិញ លើកលែងតែខេត្តកំពត កំពង់ធំ ពោធិសាត់ និងខេត្តក្រចេះប៉ុណ្ណោះដែលនៅស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងដដែល។
នៅឆ្នាំ១៩០៤ ព្រះបាទនរោត្តមបានសោយទិវង្គត់។ បន្ទាប់ពីទ្រង់បានសោយទិវង្គត់ទៅ ពួកបារាំងបានធ្វើការផ្ទេររាជបល្លិង្កបន្តទៅឲ្យព្រះអនុជរបស់ព្រះបាទនរោត្តមគឺ ព្រះបាទស៊ីសុវត្ថិ ដែលជាខ្សែររាជវង្សដែលបារាំងគិតថាមិនសូវរឹងទទឹង ជ្រុលនិយមដូចខ្សែររាជវង្ស នរោត្តម។ អស់រយៈពេលមិនបានយូរប៉ុន្មានផង ក៏កើតមានចលនាតស៊ូប្រឆាំងនឹងពួកបារាំងជាបន្តបន្ទាប់ រហូតដល់មានចលនាតស៊ូដើម្បីឯករាជ្យជាតិ និងសន្ធិសញ្ញាក្រុងសឺណេវ ឆ្នាំ១៩៥៤។
នៅក្នុងប្រទេសកម្ពុជា ចលនាស៊ូដើម្បីឯករាជ្យជាតិ ចែកចេញជា២ផ្សេងគ្នា គឺ ការតស៊ូដដោយអាវុធ ដឹកនាំដោយកម្លាំងនៃចលនាតស៊ូខ្មែរឥស្សរៈ ដែលមានការគាំទ្រពីសំណាក់កងទ័ពវៀតមិញ និងការតស៊ូដោយសន្តិវិធីតាមនយោបាយការទូត ដឹកនាំដោយសម្តេចព្រះបាទនរោត្តមសីហនុ ព្រះបរមរតនៈកោដ្ឋ។
នៅចុងឆ្នាំ១៩៤៤ បក្សកុំម្មុយនីស្តឥណ្ឌូចិន បានចាប់ផ្តើមបង្កើតទ័ពជាតិនៅប្រទេសវៀតណាម។ នានិទាឃរដូវ ឆ្នាំ១៩៤៥ បានចាប់ផ្តើមធ្វើបាតុកម្មនៅក្នុងតំបន់រំដោះនៃប្រទេសកម្ពុជា ដែលធ្វើឲ្យមានការផ្ទុះការបោះបោរយ៉ាងខ្លាំង។ នៅឆ្នាំ១៩៤៧-១៩៤៨ ដោយបានទទួលការគាំពារពីកងទ័ពរណសិរ្សវៀតណាម ខ្មែរឥស្សរៈក៏បានកសាងមូលដ្ឋានទ័ពខ្លួននៅកម្ពុជា។ ចុងឆ្នាំ១៩៤៩ ទ័ពឥស្សរៈបានពង្រីកផ្ទៃដីកាន់កាប់របស់ខ្លួនគឺ១/៣នៃផ្ទៃប្រទេសទាំងមូល។ ដោយប្រទះឃើញយ៉ាងដូច្នេះ ព្រះបាទនរោត្តមសីហនុ និងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅឆ្នាំ ១៩៤៩ ដែលមានអត្ថន័យថា ព្រះរាជាណាចក្រកម្ពុជាជារដ្ឋឯករាជ្យមួយស្ថិតក្នុងសហព័ន្ធឥណ្ឌូចិនបារាំង។
នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ១៩៥៣ ព្រះបាទនរោត្តមបានធ្វើព្រះរាជដំណើរទៅកាន់ប្រទេសបារាំង ដោយធ្វើការសន្យាថា នឹងទាមទារឯករាជ្យយ៉ាងពេញបូរិបូរណ៍ជូនប្រជាជាតិខ្មែរឲ្យបាន។ នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ១៩៥៣ កម្ពុជាបានផ្ងើរសេចក្តីប្រកាសទៅកាន់បារាំងពីអំណាចទាំងឡាយដែលខ្មែរទាមទារពីបារាំង។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ១៩៥៣ បារាំងបានធ្វើការចរចារជាមួយខ្មែរ តាមរយៈការចុះហត្ថលេខានៃការព្រមព្រៀងបារាំង-ខ្មែរ ដោយមានការផ្ទេរអំណាចផ្នែកយុត្តិធម៌ និងនគរបាលមកឲ្យខ្មែរវិញ។
ដល់ថ្ងៃ១៧ ខែតុលា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាមួយទៀតស្តីពី ការប្រគល់អធិបតេយ្យភាពខាងផ្នែកយោធាកម្ពុជាទាំងមូល។ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះបាទនរោត្តមសីហនុបានយាងចូលរាជធានីភ្នំពេញវិញ ប្រកបដោយស្នូរសំលេងទះដៃ និងសំលេងអឺងអងសាទរចំពោះការទាមទារឯករាជ្យជូនជាតិមាតុភូមិតាមការសន្យារបស់ព្រះអង្គ ដែលសាកសមជាបិតាឯករាជ្យជាតិ និងវីរៈបុរសជាតិ។ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺជាថ្ងៃ ប្រកាសឯករាជ្យនៃប្រទេសកម្ពុជាដែលខ្មែរយើងតែងតែប្រារព្ធធ្វើពិធីបុណ្យរំលឹកខួបនេះជារៀងរាល់ឆ្នាំ៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់