Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ៖ ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ មិន​គួរ​ប្រទេស​ណាមួយ ​ឆ្លៀត​យក​ជា​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​នោះ​ឡើយ​

បានផុស

នៅ

​ការលើកឡើង​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឡើង​នៅ​ក្នុង​សុន្ទរកថា​គន្លឹះ នា​សម័យប្រជុំ​ពិសេស លើក​ទី​៣១ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ស្ដីពី “​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​- ១៩” ដែល​រៀបចំ​ធ្វើឡើង រយៈពេល​២ ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​០៣ និង​០៤ ខែ​ធ្នូ ឆ្នាំ​២០២០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មានប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​នោះ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ (Azerbaijan) ក្នុង​ការ​ស្នើ​ឲ្យ​មាន​សម័យ​ប្រជុំ​ពិសេស​ស្តីពី “​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩” នេះ ដើម្បី​ប្រមូល​ផ្តុំ​ការ​ឆ្លើយ​តប​ជា​រួម និង​សកល ពី​សហគមន៍​អន្តរជាតិ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩។ សម្តេច​បន្តថា មកដល់​បច្ចុប្បន្ន ជំងឺ​កូ​វីដ​-១៩ បាន​ឆ្លង​រីក​រាលដាល​ដល់​គ្រប់​ប្រទេស និង​បាន​ធ្វើឲ្យ​មនុស្ស រាប់​សែន​នាក់​បាត់បង់​ជីវិត​។ ក្នុង​ន័យ​នេះ កម្ពុជា​យល់​ឃើញ​ថា ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ “​មិន​គួរ​ត្រូវ​បាន​ប្រទេស​ណាមួយ​ឆ្លៀត​យក​មក​អនុវត្ត​ជា​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់ ខ្លួន​នោះ​ឡើយ​។ ខណៈ​ដែល​ជីវិត​មនុស្ស​រាប់លាន​នាក់ នៅ​ទូទាំង​ពិភពលោក​កំពុង​ស្ថិត​នៅ​ក្នុង​ហានិភ័យ ការ​ធ្វើ​នយោបាយ​របស់​ប្រទេស​ណាមួយ​លើ​បញ្ហា​សុខភាព​សាធារណៈ និង​បរិហារ​របស់​ពួកគេ លើ​សមត្ថភាព​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង គឺ​មិនមាន​ប្រយោជន៍​អ្វី​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​នេះ​ឡើយ​។ ផ្ទុយទៅវិញ សាមគ្គីភាព និង​ឯកភាព​គ្នា​ក្នុង​តំបន់ និង​ជាស​កល គឺជា​ធាតុ​សកម្ម​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​បែបនេះ​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ទៀតថា ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​ជា​លក្ខណៈ​សកល​បែបនេះ ទាមទារ​នូវ​ការសម្រេចចិត្ត​រួមគ្នា ប្រកបដោយ​ភាព​ហ្មត់ចត់ ក្រោម​យន្តការ​ពហុភាគី​និយម និង​ការគោរព​ច្បាប់​អន្តរជាតិ គោរព​អធិបតេយ្យភាព​របស់រ​ដ្ឋ​នីមួយៗ ទោះជា​រដ្ឋ​នោះ​ធំ ឬ​តូច មាន ឬ​ក្រ ក៏ដោយ​។​

​ជាមួយគ្នា​នោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​គូស​បញ្ជាក់​នូវ​ការ​គាំទ្រ​យ៉ាង​មុតមាំ​របស់​កម្ពុជា ចំពោះ​តួនាទី​របស់ អសប និង​អង្គការ​សុខភាព​ពិភពលោក ក្នុង​កិច្ចប្រឹងប្រែង​ជាស​កល ចំពោះ​ការ​ឆ្លើយតប និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​នេះ​។ លើសពីនេះ​ទៀត កម្ពុជា ក៏​សូម​គូស​បញ្ជាក់​អំពី​សារៈសំខាន់ និង​ភាព​ចាំបាច់​បំផុត​សម្រាប់​ការ​ធានា​ថា វ៉ា​ក់ សាំង​ដែល​ត្រូវ​បាន​រក​ឃើញ គឺជា​ទំនិញ​សាធារណៈ និង​មាន​ចរិត​សកល ដែល​នឹង​ត្រូវបាន​ផ្គត់ផ្គង់ និង​ចែកចាយ ក្នុង ស្មារតី​មនុស្សធម៌ ទៅដល់​គ្រប់​ប្រទេស​ទាំងអស់ ជាពិសេស ចំពោះ​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត។ សម្តេច​បន្ត​ថា ទោះបីជា​វិបត្តិ​សុខភាព​សាធារណៈ​នេះ​អាច​នឹង​បញ្ចប់​ទៅ​នា​ពេល​អនាគត​ខ្លី​ខាងមុខ​ក៏ដោយ ប្រទេស​ទាំងអស់ នឹង​នៅតែ​ត្រូវ​ដោះស្រាយ​បន្តទៀត​នូវ​បញ្ហា​ប្រឈម ក្នុង​ដំណាក់​កាល​នៃ​ការ​ស្ដារ​សម្បទា​សេដ្ឋកិច្ច​ឡើងវិញ​។

​បើតាម​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ការ​ពិត ជំនួយ​អាច​ជា​ចំណែក​តូច​មួយ​នៃ​ការ​ស្តារ​នេះ ក៏ប៉ុន្តែ​កត្តា ដែល​សំខាន់​មិន​អាច​ខ្វះ​បាន គឺ​ការ​បន្ត​រក្សា​បាន​នូវ​យន្តការ​ពហុភាគី​និយម​, សកលភាវូបនីយកម្ម​និយម​, ពាណិជ្ជ​សេរីភាវូបនីយកម្ម​, ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​ពិភពលោក​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​, ការ​វិនិយោគ​, ទេសចរណ៍​អន្តរជាតិ និង​ការ​ធ្វើដំណើរ​ជាទូទៅ​។​

​ជាថ្មី​ម្ដងទៀត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​គាំទ្រ​ពេញទំហឹង នូវ​គំនិត​ផ្តួចផ្តើម​របស់​អគ្គលេខាធិកា​រ អសប អំពី​ការ​បង្កើត​មូលនិធិ អសប សម្រាប់​ការ​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ការរៀបចំ​ស្ដារ​សម្បទា​សេដ្ឋកិច្ច​ឡើងវិញ ដែល​ត្រូវ​បាន​ដាក់​ចេញ​កាលពីដើម​ឆ្នាំនេះ​៕

អត្ថបទ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម