ព័ត៌មានជាតិ
លោកស្រី ពេជ ចន្ទមុន្នី ៖ គ្រោះធម្មជាតិ គ្មានប្រទេសណាអាចទប់ស្កាត់បានទេ ប៉ុន្តែអ្វីដែលយើងធ្វើបាន ការជួយសង្គ្រោះ
លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមការងារ សហការជាមួយអាជ្ញាធរ ចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះ នៅប៉ៃលិន និងបាត់ដំបង ចំនួន ១ ៥៤៥គ្រួសារ។

ក្នុងនោះ មកពីឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន៧៧៦គ្រួសារ និងពលរដ្ឋមកឃុំតាម៉ឺន និងឃុំអូតាគី ខេត្តបាត់ដំបង៧៦៩គ្រួសារ។

នៅក្នុងឱកាសនោះ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្ដេចតេជោ (TYDA) បានពាំនាំនូវប្រសាសន៍របស់ សម្ដេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដាំផ្ញើ សួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ។

បន្ថែមពីនោះ សូមឲ្យពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិន ឬអាហារដែលចម្អិនបានល្អ។ ចៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ជាពិសេសកុមារតូចៗដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ។ សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងការពារជំងឺគ្រុនឈាម គ្រុនឈីក។

លោកស្រី បញ្ជាក់យ៉ាងនេះថា “គ្រោះធម្មជាតិ គ្មានប្រទេសណា ឬនរណា អាចទប់ស្កាត់បានឡើយ ។ ក៏ប៉ុន្តែ អ្វីដែលយើងអាចធ្វើបាននៅពេលនេះ គឺការជួយសង្គ្រោះប្រជាពលរដ្ឋ មិនឲ្យលិចលង់ ដោយប្រើប្រាស់មធ្យោបាយសរុប កម្លាំងសរុប គ្រប់ប្រភេទរួមមាន កងទ័ព កងរាជអាវុធហត្ថ ប៉ូលិស អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ រួមនឹងកម្លាំងយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមយ៉ាងសកម្ម។

លើសពីនេះ ចែកជូនជាអំណោយសម្ភារៈប្រើប្រាស់ ស្បៀងអាហារ ជូនជនរងគ្រោះ ដោយមិនឲ្យនរណាម្នាក់ ស្លាប់ដោយអត់អាហារនោះទេ រួមទាំងថ្នាំសង្កូវព្យាបាលដល់ពួកគាត់ទៀតផង”។

លោកស្រី ពេជ ចន្ទមុន្នី បានបញ្ជាក់ថា ប្រជាពលរដ្ឋទទួលបាននូវអំណោយមនុស្សធម៌ទាំងនេះ ម្នាក់ៗ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់អំណោយ ដែលជួយសម្រាលជីវភាពពួកគាត់ ខណៈកំពុងតែមានការលិចលង់ពីគ្រោះទឹកជំនន់នេះ។

ចំណែក លោកស្រី បាន ស្រីមុំ តំណាងរាស្ត្រខេត្តប៉ៃលិន និង លោក ងួន រតនះ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA ចំពោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំងអស់ ដែលលោកតែងតែ រួមសុខ រួមទុក្ខ ជាមួយពួកគាត់គ្រប់ពេលវេលា ក្នុងគ្រាមានគ្រោះអាសន្ន។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ ព្យុះ បានបក់បោកមកពីបណ្ដាប្រទេសផ្សេងៗ នាំមកនូវភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់ ដែលបង្កឲ្យមានការជន់ស្ទើរតែទូទាំងប្រទេសកម្ពុជា អស់រយៈពេលជាង២សប្ដាហ៍មកហើយ ដោយធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាមួយនោះ ប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់ ១ ៥៤៥ គ្រួសារនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ៥០គីឡូក្រាម, ទឹកបរិសុទ្ធ១កេស ,មី២កេស, ប្រេងខ្យង២ដប, ភួយ១,សារុង១, ថ្នាំដុសធ្មេញ១, ប្រេងកូឡា១, សាប៊ូដុសខ្លួន១ដុំ ,ថ្នាំពេទ្យ១កញ្ចប់ និងថវិកា៥ម៉ឺនរៀល៕




អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១១ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ