Connect with us

ព័ត៌មានជាតិ

មៀន ប៉ៃលិន ដែល​គេ​និយម​ហៅថា​ផ្លែ​តាង៉ែន

បានផុស

នៅ

ផ្លែ​មៀន​ដែល​គេ​និយម​ហៅថា​ផ្លែ​តាង៉ែន ដែល​គេ​ដាំ​នៅ​ខេត្ត​ប៉ៃលិន​ គឺ​តម្រូវ​ឲ្យ​ថែទាំ​យកចិត្តទុកដាក់​ជាទីបំផុត មិន​ដូចជា​ដំណាំ ពោត ដំឡូង ស្វាយ នោះ​ឡើយ។ នេះ​ជា​សម្ដី​របស់លោក ហ៊ុន​ ថេ​ង មាន​អាយុ ៥១ ឆ្នាំ ដែល​ជា​ម្ចាស់​ចម្ការ​ម្នាក់​រស់នៅ​ភូមិបឹង​ព្រលិត ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បញ្ជាក់​ថា ​ទាក់ទង​នឹង​ការ​ដាំ​មៀន លោក​បាន​ដាំ​តាំងពី​ឆ្នាំ ១៩៩៩ ម្ល៉េះ​គឺ​ក្នុង​ទំហំ​ដី ១​ហិច​តា​ខ្ញុំ​ដាំ​បាន១៥០​ដើម ​បើ​ប្រៀបធៀប​ទៅ​នឹង​ដំណាំ ពោត ដំឡូង​ស្វាយ ឃើញ​ថា ផ្លែ​មៀន​ដាំ​គ្រាន់បើ​ជាង ​ហើយ​ងាយស្រួល​ដាំ​ទៀត​ផង គឺ​នៅ​រដូវភ្លៀង​យើង​អត់​ស្រោច​ទឹក​ឡើយ​។​ បើ​ចូល​ដល់​រដូវប្រាំង​វិញ​ គឺ​យើង​ស្រោច​ទឹក​ក្នុង​មួយ​ថ្ងៃ​៣​ដង ព្រោះ​យើង​បាន​ធ្វើ​ប្រព័ន្ធ​ទឹក​បូម​យក​ពី​ស្រះ ​ដើម្បី​ស្រោច​ដើម​មៀន​នោះ​ដែរ​។ ​លោក​បញ្ជាក់​ថា ​ការ​ប្រមូល​ផល​វិញ​ ក្នុង​មួយ​ដើម​យើង​បេះ​បាន ១០០ គីឡូ បើ​សិន​ជា​មាន​ផ្លែ​មៀន​១០​ដើម ​យើង​បេះ​បាន​មួយ​តោន​ឯណោះ​ ពេល​ប្រមូល​ផល​បានជា​ទូទៅ​យើង​យក​ទៅ​លក់​ឲ្យ​សមាគម​ខ្មែរ ហើយ​សមាគម​ខ្មែរ​ក៏​លក់​បន្ត​ទៅ​ប្រទេស​ថៃ ​ហើយ​ថៃ​ក៏បាន​នាំទៅ​លក់​នៅ​ចិន​បន្ត​ទៀត​។

ដោយឡែកស្ដ្រីឈ្មោះ ឡុង រ៉​ន វិញ​ដែល​មាន​អាយុ​៣០​ឆ្នាំ បាន​បញ្ជាក់​ថា ​ខ្ញុំ​ដាំ​ផ្លែ​មៀន​ នៅ​ឯ​ចម្ការ​ស្រុក​សាលា​ក្រៅ ក្នុង​ឃុំ​ស្ទឹង​កាត់ ខេត្ត​ប៉ៃលិន ដូច​លោក​ ហ៊ុន​ ថេ​ង​ដែរ ជាក់ស្ដែង ផ្លែ​មៀន​ប៉ៃលិន​នេះ​ ខ្ញុំ​ដាំ​ជិត ២០ ឆ្នាំ​ហើយ​ក្នុង​ផ្ទៃដី ៦ ហិច​តា គឺ​ដាំ​មៀន ៥០០​ដើម ហើយ​ការ​ដាំ​មៀន​ គឺ​ប្រើ​រយៈពេល ៦ ខែ ២០ ថ្ងៃ​ទៅ ៧ ខែ​ គឺ​យើង​ទទួល​បាន​ផល​ហើយ និយាយ​រួម​ទៅ​ពួក​យើង​បាន​ចងក្រង​ជា​សមាគម​មាន​ឈ្មោះថា ​មៀន​ប៉ៃលិន ​ខ្ញុំ​ចូល​សមាគម​នេះ​តាំងពី​ឆ្នាំ ២០១៤ មកដល់​ឥឡូវ​យើង​នៅតែ​ប្រើ​ផ្លាក​សញ្ញា​របស់​គេ​។​ យើង​នាំចេញ​ទៅ​ថៃ ​ហើយ​បន្ត​លក់​នៅ​ចិន​ ដូច្នេះ​អត់​ទាន់​មានឈ្មោះ​ជា​ផលិតផល​ខ្មែរ​នៅឡើយ​ទេ។

ដោយ​ឡែក នី​តា វិញ​ដែល​មក​ស៊ីឈ្នួល​បេះ​ផ្លែ​មៀន រស់នៅ​ភូមិ​សំរោង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង នាង​និយាយ​ថា​ មុនដំបូង​ខ្ញុំ​ទៅ​ស៊ីឈ្នួល​បេះ​ផ្លែ​មៀន​នៅ​ថៃ ឃើញ​ថា ខុសគ្នា​ឆ្ងាយ​ណាស់​បើ​ប្រៀបធៀប​នៅ​ជិត​ផ្ទះ​វិញ​ ព្រោះ​ខ្ញុំ​ចេញចូល​ថៃ គេ​យក​លុយ ៥០ ​ដុល្លារ ស្មើនិង ២ ពាន់​បាត​ឯណេះ ហើយ​ត្រូវ​ត(​វី​សា​)​ទៀត។ ​នាង​បញ្ជាក់​ថា​ ពេលនេះ​ទើប​ខ្ញុំ​សុខចិត្ត​មក​បេះ​មៀន នៅ​ស្រុក​ខ្មែរ​វិញ ខ្ញុំ​ក៏​សម្រេច​ចិត្តធ្វើ​នៅ​ខ្មែរ​ជា​មួយ​ប្ដី​វិញ ដោយសារ​ខ្ញុំ​ចេះ​រៀប​ផ្លែ​មៀន​ពី​ថៃ​ គឺ​គេ​គិត​ឲ្យ​មួយ (​ថ​កា​) ​គឺ​១​កញ្ជ្រែង​ជ័រ​ជ្រុង​នេះ​តម្លៃ ៤២ បាត​ដែរ គឺ​រើស​តាម​ផ្លែ​មៀន​ល្អ​ ផ្លែ​មៀន​មិនល្អ​ គឺ​មួយថ្ងៃ​បាន​មួយ​ពាន់​(​ថ​កា​)​ ពេលខ្លះ​អត់​ពេល​ខ្លះ​មាន​វិញ​ ខ្ញុំ​រើស​បាន​មួយថ្ងៃ តែ​៣០០ ទៅ ៤០០ (​ថ​កា​)​ ប៉ុណ្ណេះ​។​ ដូច្នេះ​ខ្ញុំ​មិនបាច់​ទៅ​ប្រទេស​ថៃ​ទៀត​ទេ គឺ​ធ្វើការ​នៅ​ស្រុក​ខ្មែរ​ជិត​ផ្ទះ​ងាយស្រួល​ជាង​។

ចំណែក​ប្អូនប្រុស នឿន សុខ ​អាយុ ២០ ឆ្នាំ​បាន​និយាយ​ថា ខ្ញុំ​ធ្វើការ​នៅ​ទី​នេះ​ គឺ​ផ្នែក​បេះ​ផ្លែ​មៀន ខ្ញុំ​បេះ​ទាល់តែ​យប់​ក៏​មាន​ដែរ គឺ​មួយ​(​ថ​កា​)​គេ​គិត​ឲ្យ​ ៤០០០៛ បេះ​ហើយ​ខ្ញុំ​រែក​ចេញ​យក​ទៅ​ដាក់​ឡាន​ទៀត ខ្ញុំ​បេះ​រហូតដល់​ពេលយប់​ក៏​មាន​ដែរ​។​ ខ្ញុំ​មកពី​ខេត្ត​ព្រៃវែង​ នៅ​ឃុំ​ស្មោង​ខាងជើង ខ្ញុំ​ទើប​មក​បេះ​ក្នុង​ឆ្នាំ​នេះ​ទេ​ ដើម្បី​សន្សំ​លុយ​ជួយ​ដល់​គ្រួសារ ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​មិនបាន​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​។

លោក ញ៉ែ​ត សា ចំរើន ជាទី​ប្រឹក្សា​សមាគម​ផ្នែក​ទីផ្សារ​និង​បច្ចេកទេស លោក​មានប្រសាសន៍​ថា សមាគម​នេះ​កើត​ឡើង​១០​ឆ្នាំ ​ហើយ​បាន​ចាប់ដៃ​វិនិយោគ​ជាមួយ​ចិន​ធ្លាប់​ទិញ​ផ្លែ​មៀន​នៅ​ថៃ​ជាង​១០ឆ្នាំ​ដែរ​។ ​ដូច្នេះ​យើង​លក់​តាមរយៈ​ថៃ ​ហើយ​ថៃ​លក់​ទៅ​ឲ្យ​ចិន​បន្ត ដូច្នេះ​ដើមទុន​ដែល​យើង​ចាយ​នៅ​ព្រំដែន ​ក៏​មាន​កម្រិត​ខ្ពស់ ដែល​មិន​អាច​បាន​តម្លៃ​ថ្លៃ​ដូច​ប្រទេស​គេ​ឡើយ​។​ លោក​បញ្ជាក់​ទៀត​ថា​ ពេលនេះ​យើង​មាន ទូ សម្រាប់​សម្ងួត​ផ្លែ​មៀន​ ដែល​មាន​តម្លៃ​ជាង ៣លាន​ដើម្បី​សម្លាប់​មេរោគ។​ ពេល​យើង​សម្លាប់​មេរោគ​ហើយ ទើប​យើង​នាំ​យក​ទៅ​ប្រទេស​គេ​បាន​។​

ទាក់ទង​និង​ការ​ពាក់​ផ្លាក​វិញ​ ដែល​គេ​ហៅថា​ពាក់អាវ​ជា​របស់​ខ្មែរ​ គឺ​មិន​ទាន់​មាន​ផ្លាក​ពាក់​ត្រឹមត្រូវ​នៅឡើយ​ តែ​ដោយ​សារ​យើង​បុក​គ្រឹះ​រោងចក្រ​រួចហើយ​ យើង​ក៏​សម្រេចចិត្ត​ធ្វើ​រោង​ចក្រ​តែ​ម្តង​។​ តែ​យើង​បែរជា​រង់ចាំ​ការ​ពាក់​ខោអាវ​ឬ​ផ្លាក​ទម្រាំ​មាន​ច្បាប់​ ដែល​ជា​អត្តសញ្ញាណ​របស់​ខ្មែរយើង ពី​ក្រសួង មន្ទី​រ​ឬ​ខេត្ត​និង​ក្រសួង​ព័ត៌មាន តែ​ចម្លើយ​មកវិញ​ថា​ យើង​រង់ចាំ​បន្តិចទៀត​សិន យើង​ក៏​រង់ចាំ​បន្ត​រហូត​មក​ដល់​ពេល​នេះ​ដែរ​។

លោក​បែរ​មក​បញ្ជាក់​ពី​ពលករ​ខ្មែរ​យើង​ ដែល​មក​បេះ​ផ្លែ​មៀន​ថា ​គឺ​មាន​ពលករ​មកពី​គ្រប់​ខេត្ត សូម្បីតែ​ពលករ​នៅ​ថៃ​ ក៏​តែងតែ​សួរ​ជារឿយៗ​ថា​ឃ្លាំង​ខ្មែរ​យើង​ពេលណា​ហ្នឹង​បើក ខ្ញុំ​បាន​តប​ទៅវិញ​ថា​ យើង​នៅចាំ​ដូចគ្នា​អំពី​អត្តសញ្ញាណ​នោះ​ តែ​បើ​សិន​ជា​ឃ្លាំង​បើក​ឲ្យ​ដំណើរការ​កម្មករ​ចំណាកស្រុក​នឹង​មក​ធ្វើការ​នៅ​ស្រុក​ខ្មែរ​វិញ​ជាមិនខាន តែ​ពេលនេះ​ខ្ញុំ​បេះ​ផ្លែ​មៀន​តិចតួច​ដែរ​។ ​គឺ​មួយ​ឆ្នាំ​តែ​៨ពាន់​តោន តែ​បើ​បើក​ឃ្លាំង​វិញ ​ខ្ញុំ​នឹង​ប្រមូល​យក​ផល​ឲ្យ​បាន២ម៉ឺន ទៅ ៥ ពាន់​តោន​ផង​ដែរ​។ ​ដូច្នេះ​ខ្ញុំ​ជឿ​ជាក់​ថា ​ពលករ​នៅ​ក្រៅ​ប្រទេស​នឹង​ត្រឡប់​មក​ខ្មែរ​វិញ​ជាមិនខាន​។

លោក ទូច សុថា​រិ​ទ្ឋ ​ជា​ប្រធាន​គម្រោង​អង្គការ​(Gread)​នៅ​ស្រុក​ខ្មែរ​ មាន​ប្រាសាទ​ថា​ នេះ​ជា​កម្មវិធី ​ដែល​យើង​ត្រូវ​ស្វែងយល់​ពី​ទស្សនកិច្ច​សិក្សា​ផ្លែ​មៀន​ នៅ​ប៉ៃលិន​ ដែល​ជា​គម្រោង​បំពេញ​បន្ថែម​របស់​អង្គការ​(Gread)​ដែល​ទទួល​មូលនិធិ ពី (​អេ​.​អេស​. ប៊ី​)​តាមរយៈ​(​ស៊ី. អេស​.​អាយ​) គឺ​ចង់​លើកកម្ពស់​ធ្វើ​យ៉ាង​ណា​ឲ្យ​ការងារ​កសិកម្ម​មាន​អ្នកសារព័ត៌មាន​ចូលរួម​និង​អ្នក​ ដែល​ពាក់ព័ន្ធ​យកចិត្តទុកដាក់៕

អត្ថបទ៖ រុងរឿង

សូមចុចអាន៖ ​១១​ខែ​ឆ្នាំនេះ​កម្ពុជា​នាំចេញ​ផ្លែឈើ​ជាង​៥​ម៉ឺន​តោន ​ទៅ​ក្រៅប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម