ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង មិនចាញ់ខេត្តមណ្ឌលគិរី មានតំបន់ទឹកធ្លាក់ ៥ កន្លែង
កំពង់ឆ្នាំងជាខេត្ដមួយដែលស្ថិតនៅជុំវិញបឹងទនេ្លសាប មានចម្ងាយប្រមាណ៩១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តល្បីខាសិប្បកម្មឆ្នាំងដ៏ល្បីរាប់ជំនាន់នេះ ក៏មានរមណីយដ្ឋានទេសចរណ៍ច្រើនកន្លែង។ ក្រៅពីរមនីយដ្ឋានភ្នំនាងកង្រី ល្បីទូទាំងប្រទេស និងជាអត្តសញ្ញាណខេត្តមួយនេះ អ្វីចាប់អារម្មណ៍បំផុតក៏សំបូរទឹកធ្លាក់មិនចាញ់តំបន់ខេត្តនៅតំបន់ខ្ពង់រាបដូចមណ្ឌលគិរីនោះដែរ។
បើតាមមន្រ្តីមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានឲ្យកម្ពុជាថ្មីដឹងថា នៅខេត្តកំពង់ឆ្នាំងមានរមណីយដ្ឋានទេសចរណ៍ជិត ៣០ កន្លែង ហើយតំបន់ទឹកធ្លាក់បានក្លាយជាទីកម្សាន្តពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍។
បើតាមមន្រ្តីរូបនេះ តំបន់ទឹកធ្លាក់ខ្លះទើបរកឃើញ ហើយមិនទាន់រៀបចំបានល្អនៅឡើយទេ។
កម្ពុជាថ្មីសូមបង្ហាញតំបន់រមណីយដ្ឋានមាននៅទូទាំងខេត្តកំពង់ឆ្នាំងមានដូចតទៅ
១-ប្រាសាទកំពង់ព្រះ
ប្រាសាទនេះស្ថិតនៅក្នុង ភូមិកំពង់ព្រះ ឃុំ ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ហើយអាចធ្វើដំណើរបានតាមទូកឬកាណូត។
២-ព្រលានយន្ដហោះ
ជាមរតកប្រវត្ដិសាស្ដ្របន្សល់ទុកពីរបបប៉ុលពតមានទីតាំង ស្ថិតនៅក្នុងភូមិសាស្ដ្រទឹកដីបីឃុំ នៅប៉ែកខាងលិចទីរួមខេត្ដកំពង់ឆ្នាំង ចម្ងាយប្រមាណ ១៤ គ.ម ។
៣-ភូមិក្រាំងលាវ ឬភូមិតិរិច្ឆាន និងចេតីយស្សង់បាដេស៍
ភូមិក្រាំងលាវជារមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយ ដែលប្រវត្ដិពាក់ព័ន្ធសម័យអាណានិគមបារាំង។
៤-ភ្នំក្រាំងដីមាស
ភ្នំក្រាំងដីមាស ជារមណីយដ្ឋានធម្មជាតិ លាតសន្ធឹងតាមបណោ្ដយផ្លូវជាតិលេខ ៥ ពីខេត្តកំពង់ឆ្នាំង-ពោធិសាត់មានចម្ងាយពីទីរួមខេត្ដប្រមាណ ៣ គ.ម។
៥-ភ្នំនាងកង្រី
ជារមណីយ៍ដ្ឋានធម្មជាតិ បែបប្រវត្ដិសាស្ដ្រក៏ផ្សារភ្ជាប់រឿងពេ្រងនិទាន ស្ថិតក្នុងភូមិសាស្ដ្រចន្លោះឃុំ២គឺ ឃុំពោធិ-ឃុំត្រងិលក្នុងស្រុកកំពង់លែង ចម្ងាយប្រហែលជា ១៤ គ.ម ពីទីរួមខេត្ដកំពង់ឆ្នាំង។ ភ្ញៀវទេសចរណ៍បើចង់ទៅលេងត្រូវជិះទូក ឬកាណូតតាមកំពង់ផែផ្សារក្រោម។
៦-ប្រាសាទទេពី
មានចម្ងាយប្រហែលជា ២ គ.មពីទីរួមស្រុកកំពង់លែង ដែលនៅលើកំពូលភ្នំទេពីមានប្រាសាទបុរាណចំនួនពីរបាក់បែកអស់ហើយ កសាងឡើងក្នុងអំឡុងសតវត្សទី ៦-៧ ធ្វើអំពីឥដ្ឋនិងថ្មភក់។
៧-ប្រាសាទស្លុតី ឬ ប្រាសាទថ្នមប្ដី
ប្រាសាទថ្នមប្ដី ឬប្រាសាទស្លុតី សង់នៅលើទីទួលមួយក្បែរជើងភ្នំទូកមាស ស្ថិតនៅក្នុងភូមិជ្រលង ឃុំំដារ ស្រុកកំពង់លែង មានចម្ងាយប្រមាណ ២៧គ.ម ពីទីរួមខេត្ដកំពង់ឆ្នាំង។
៨-ប្រាសាទស្រី
ប្រាសាទនេះស្ថិតនៅក្នុង ភូមិប្រាសាទឃុំដារ ស្រុកកំពង់លែង ចម្ងាយប្រហែល ១៦ គ.មពីទីរួមស្រុកកំពង់លែង។
៩-ប្រាសាទប្រុស ឬប្រាសាទ សក្ល
ស្ថិតនៅក្នុង ភូមិច្រណូកកើត ឃុំច្រណូក ស្រុកកំពង់លែង ចម្ងាយប្រមាណ ១៨ គ.មពីទីរួមស្រុក កំពង់លែង។
១០- ភ្នំដារ
ភ្នំដារ គឺជារមណីយដ្ឋានមួយក្នុងចំណោមរមណីយដ្ឋានមាននៅក្នងស្រុកកំពង់លែង។ ភ្ញៀវទេសចរណ៍ក្រោយពីទស្សនាប្រាសាទស្រី ឬប្រាសាទព្រះស្រី អាចធ្វើដំណើរឡើងទៅលេងភ្នំដា ដែលទីនោះមានបន្សល់ទុកវត្ថុបុរាណជាស្នាដៃមិនអាចកាត់ថ្លៃរបស់បុព្វបុរសខ្មែរនាសតវត្សទី ៧-៨ ។
១១-ស្ថានីយ បុរេប្រវត្ដិសំរោងសែន
ទួលសំរោងសែនមានទីតាំងស្ថិតនៅស្រុកកំពង់លែង មានចម្ងាយពីក្រុងកំពង់ឆ្នាំង ប្រមាណ ២៦.១ គ.ម អាចធ្វើដំណើរប្រហែល ២ម៉ោងទើបទៅដល់ទីនោះ ។
១២-ប្រាសាទ ពណ្ណរាយ
ប្រាសាទពណ្ណរាយស្ថិតនៅលើភ្នំ មានរយះកំពស់១៤០ម៉ែត្រ នៅក្នុងភូមិ ច្រណូកលិច ឃុំច្រណូក ស្រុកកំពង់លែង ចម្ងាយប្រមាណ១៣គ.មពីទីរួមស្រុកកំពង់លែង។
១៣-ទួលអំពិល
មានចម្ងាយជាង ២ គ.មពីក្រុងកំពង់ឆ្នាំង ដោយត្រូវធ្វើដំណើរប្រមាណជា១៥នាទីតែប៉ុណ្ណោះនឹងទៅដល់។ តែបើរដូវវស្សាវិញត្រូវជិះទូក ឬ កាណូតទើបបាន ព្រោះមានទឹកបឹងទនេ្លសាបហូរចូលពាសពេញ ធ្វើឲ្យទីទួលនេះក្លាយទៅជាកោះមួយអណ្ដែតទឹកនារដូវវស្សា។
១៤- ភ្នំសន្ទូច
ភ្នំសន្ទូចជារមណីយដ្ឋានបែបធម្មជាតិ ស្ថិតនៅក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ។
១៥- ភ្នំរាប់បាត្រ
ជារមណីយ៍ដ្ឋានធម្មជាតិមានទីតាំងស្ថិតនៅក្នុងភូមិអណ្ដូងជ្រៃឃុំអណ្ដូងស្នាយ ស្រុករលាប្អៀមានចម្ងាយពីក្រុងកំពង់ឆ្នាំង ១២គ.ម តាមបណ្ដោយផ្លូវជាតិលេខ ៥ ទិសទៅខាងភ្នំពេញ។
១៦- ភ្នំព្រះ ឬ (ភ្នំឥន្ដបត្ដបុរី )
ភ្នំឥន្ទ្របត្ដបូរី ដែលអ្នកស្រុកស្គាល់ថាភ្នំព្រះ ស្ថិតនៅក្នុងឃុំអណ្ដូងស្នាយ ស្រុក រលាប្អៀរមានចម្ងាយម្រាណ ៣០ គ.មពីក្រុងកំពង់ឆ្នាំង។
១៧- វត្ដត្រឡែងកែង
រមណីយដ្ឋាន វត្ដត្រឡែងកែង ជាទីតាំងប្រវតិ្ដសាស្ដ្រ នាសម័យកាលលង្វែក។ រមណីយដ្ឋាន វត្តត្រឡែងកែង ស្ថិតនៅក្នុងភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច។
១៨- រមនីយដ្ឋានភ្នំព្រះធាតុ
រមណីយដ្ឋាន ភ្នំព្រះធាតុស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ មានចម្ងាយប្រមាណ ៨៤ គ.ម ពីក្រុងកំពង់ឆ្នាំង។ ភ្នំនេះមានរយៈកំពស់ ២១៣ ម៉ែត្រ ជារមណីយដ្ឋានប្រវត្ដិសាស្ដ្រ មួយភាពស្ងប់ស្ងាត់ មិនសូវមានភ្ញៀវទៅទស្សនា ដោយសារវាមានចម្ងាយឆ្ងាយពេកពីផ្លូវជាតិ លេខ ៥ ហើយផ្លូវមានភាពបន់បែនច្រើន បើពុំបានប្រុងប្រយ័ត្ននោះអាចវងេ្វង។
១៩- ប្រឡាយមាស
រមណីយដ្ឋាន ប្រវត្ដិសាស្ដ្រប្រឡាយមាស ស្ថិតនៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង។ ភ្ញៀវអាចទៅទស្សនាទាំងរដូវប្រាំង និងរដូវវស្សា ដោយប្រើមធ្យោបាយ ទូក ឬកាណូតមិនមានផ្លូវគោកសំរាប់ធើ្វដំណើរឡើយ។
២០- តំបន់ ព្រៃកោះដែនជំរកសត្វស្លាបទឹក និងជីវចំរុះ ( ប្រឡាយមាស-ផ្លូវទូក )
តំបន់ព្រៃកោះ ដែនជំរកសត្វស្លាបទឹក ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលស្ថិតនៅក្នុងតំបន់ព្រំប្រទល់ ឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែង ដែលមានចម្ងាយប្រមាណ ៣៦ គ.ម ( តាមផ្លូវទឹក ) ពីក្រុងកំពង់ឆ្នាំង។
តំបន់នេះមានសក្ដានុពល ជាច្រើនសំរាប់ទាក់ទាញអារម្មណ៍ ភ្ញៀវទេសចរឱ្យចូលមកទស្សនាមានប្រភេទសត្វស្លាបទឹក ថនិកសត្វ ឧរង្គសត្វ មច្ឆជាតិ និងតំបន់ព្រៃធម្មជាតិលិចទឹក ជាជំរកសត្វផងនានា ព្រមទាំងតំបន់វប្បធម៌ ដូចជាព្រៃបន្ទើរសាកសព។
២១-ភ្នំតារាជ
ជារមណីយដ្ឋានប្រវត្ដិសាស្ដ្រកាលសម័យប៉ុលពត ស្ថិតនៅក្នុងភូមិ ភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ។
២២- ទឹកធ្លាក់បង្គងរនាប
រមណីយដ្ឋានទឹកធ្លាក់បង្គងរនាប ជារមណីយដ្ឋានធម្មជាតិមួយ ដែលទើបរកឃើញកាលពីឆ្នាំ២០០១ តែមិនទាន់បានរៀបចំ កែច្នៃឲ្យបានល្អប្រសើរ ដើម្បីជូនភ្ញៀវទៅកំសាន្ដសប្បាយនៅឡើយ។
រមណីយដ្ឋាន ទឹកធ្លាក់បង្គងរនាប ស្ថិតក្នុងភូមិសាស្ដ្រ ភូមិចំការម៉ុច ឃុំជៀប ស្រុកទឹកផុស ចម្ងាយប្រមាណ ៥៩ គ.ម ពីក្រុងកំពងឆ្នាំង។
២៣- ទឹកធ្លាក់ “អន្លង់ស្វាយ”
ទឹកធ្លាក់អន្លង់ស្វាយ ជារមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ស្អាតមួយ ស្ថិតនៅជាប់នឹង ភូមិដូង ឃុំក្បាលទឹក ស្រុកទឹកផុស ចម្ងាយ៥៦ គ.ម ពីក្រុងកំពង់ឆ្នាំង។
ប្រសិនចង់ធ្វើដំណើរទៅទស្សនា រមណីយដ្ឋានទឹកធ្លាក់អូរស្វាយ អាចធ្វើដំណើរដោយរថយន្ដតាមផ្លូវខេត្ដលេខ ៥៣ ចម្ងាយប្រមាណ ២៨ គ.ម រួចបន្ដដំណើរតាមផ្លូវគ្រួសក្រហមចម្ងាយ ២៦ គ.ម នឹងទៅដល់ ភូមិដូងស្លាដែលជាទីតាំងស្ថិតនៅរមណីយដ្ឋាន។ ហើយគ្រាន់តែធ្វើដំណើរដោយថ្មើរជើងប្រមាណ ២ គ.មលើផ្លូវលំដីស ដែលមិនទាន់មានការកែសម្រួលនោះគេនឹងទៅដល់ទឹកធ្លាក់តែម្ដង។
២៤-រមណីយដ្ឋានទឹកជ្រោះដា សីលាទូកមាស
រមណីយដ្ឋានទឹកជ្រោះដា សីលាទូកមាស ស្ថិតនៅ ក្នុងភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមាណ ២៥គ.ម ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរអាចទៅកម្សាន្តនៅប្រជុំភ្នំទូកមាសដែលលាត សន្ធឹងលើស្រុកកំពង់លែង។ នៅរដូវវស្សា តំបន់នោះ មានភ្លៀងធ្លាក់ជោគជាំក្នុងអំឡុងខែកញ្ញា ដែលធ្វើឲ្យមានទឹកហូរធ្លាក់តាមជ្រលងជ្រោះនៃតំបន់នោះ បង្កើតបានជាទស្សនីយភាពនៃទីជ្រោះដាសីលាទូកមាស។
២៥-រមណ៏យដ្ឋានទឹកធ្លាក់ធម្មជាតិបវៀតឬថ្មក្រាល
រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិបវៀត ឬថ្មក្រាលស្ថិត នៅភូមិក្អម្ព ឃុំជៀប ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៧ គ.ម ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរអាចទៅទស្សនាលំហែកាយ នៅពេលសម្រាកពីការងារ ឬថ្ងៃចុងសប្តាហ៍ ស្រស់ស្រូបអាហារជុំគ្រួសារឬជួបជុំមិត្តភក្ត្រ នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ កម្សាន្តជាមួយនូវទឹកធ្លាក់ដ៏សែនត្រជាក់ លាងជម្រះនូវភាពនឿយហត់ តប់ប្រមល់ និងទុក្ខសោកទាំងឡាយឲ្យទៅតាមទឹក និងនាំមកវិញនូវសេរីសួស្តីត្រលប់មកវិញ។
២៦-រមណីយដ្ឋាន ទឹកធ្លាក់ធម្មជាតិកូទេសចណ៍ស្រែអំពិល
រមណីយដ្ឋាន ទឹកធ្លាក់ធម្មជាតិអេកូទេសចរណ៍ ស្រែអំពិល ស្ថិតនៅភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៨គ.ម ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរអាចទៅទស្សនាលំហែកាយនិងងូតទឹកលេងជាមួយទឹកធ្លាក់ធម្មជាតិដ៏សែនត្រជាក់។ ក្រៅពីនោះក៏អាចកម្សាន្តនៅតំបន់ភ្នំដែលមានទេសភាពស្រស់បំព្រង និងមានដើមឈើតូចធ្វើឲ្យភ្ញៀវទេសចរមកកម្សាន្តម្តងហើយម្តងទៀតឥតឈប់ឈរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក អ៊ិន សុភិន ចេញមុខអះអាងថា ខ្លួនមិនពាក់ព័ន្ធទេ ក្រោយផ្ទុះរឿងទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើកដំបូង ក្រោយបាត់បង់តំណែងលេខ២ MGI
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់ថា ព្រោះតែងរឿងចង់ចាញ់ឈ្នះ មានអ្នកខ្លះចង់ទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនចិន គ្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី ស្វាយចន្ទី ដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction