ព័ត៌មានជាតិ
អ្វីជាការលួចរត់ មានទោសដូចម្ដេច?
ការលួចរត់ និងទោសទណ្ឌត្រូវបានចែងយ៉ាងច្បាស់ នៅក្នុង ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
លោកមេធាវី ឈន សុភាន ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ប្រចាំខេត្ត ស្ទឹងត្រែង បានឱ្យ “កម្ពុជាថ្មី” ដឹងថា យោងតាមមាត្រា ៥៦០ ស្តីពី “និយមន័យនៃការលួចរត់” ចែងថា ការលួចរត់ គឺជាអំពើរបស់ជនជាប់ឃុំ ដែលលួចរត់ចេញពីការឃុំខ្លួន តាមគ្រប់មធ្យោបាយ។ ការលួចរត់ចេញពីទីឃុំឃាំងត្រូវចាត់ទុកថា គ្រប់លក្ខណៈដែរ ទោះបីជាមធ្យោបាយខាងលើនេះ ជាអំពើរបស់តតិយជនក៏ដោយ។

លោកមេធាវី ឈន សុភាន បានឱ្យដឹងបន្តថា ជនត្រូវចាត់ទុកថាជាជនជាប់ឃុំគឺ៖
១. បុគ្គលដែលគេឃាត់ខ្លួនទុក។
២. បុគ្គលដែលគេហៀបនឹងនាំទៅបង្ហាញខ្លួន ឬកំពុងតែនាំទៅបង្ហាញខ្លួនដល់អាជ្ញាធរតុលាការក្រោយពីការឃាត់ខ្លួន ឬដោយអនុវត្តដីកានាំខ្លួន ឬឱ្យចាប់ខ្លួន។
៣. បុគ្គលដែលបានទទួលលិខិតឱ្យដំណឹងពីដីកាឱ្យឃុំ ឬឱ្យចាប់ខ្លួន។
៤. បុគ្គលដែលអនុវត្តទោសដាក់ពន្ធនាគារ ឬដែលត្រូវគេចាប់ខ្លួន ដើម្បីអនុវត្តទោសនេះ។
៥. បុគ្គលដែលត្រូវគេឃុំខ្លួននៅក្នុងក្របខណ្ឌនៃនីតិវិធីបត្យាប័ន។
៦. ជនដែលស្ថិតក្នុងរបបពាក់កណ្ដាលសេរីភាពតាមបញ្ញត្តិនៃមាត្រា ១២៧ (លក្ខខណ្ឌនៃរបបពាក់កណ្ដាលសេរីភាព) នៃក្រមនេះ។
លោកមេធាវី ឈន សុភាន បានឱ្យដឹងបន្ថែមថា មាត្រា ៥៦១ ស្ដីពី “ទោសដែលត្រូវអនុវត្ត” ចែងថា អំពើលួចរត់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី មួយឆ្នាំ ទៅ បីឆ្នាំ និងពិន័យជាប្រាក់ពី ពីរលានរៀល ទៅ ប្រាំមួយលានរៀល។

ជាមួយគ្នានេះ មាត្រា ៥៦២ ស្ដីពី “អំពើដែលប្រដូចទៅនឹងអំពើលួចរត់” បានចែងថា ត្រូវចាត់ទុកថាជាអំពើលួចរត់ និងត្រូវផ្ដន្ទាទោសដូចគ្នា៖ ១. អំពើរបស់ជនជាប់ឃុំដែលត្រូវបានដាក់នៅក្នុងគ្រឹះស្ថានសុខាភិបាល ឬមន្ទីរពេទ្យ ឬទីកន្លែងផ្សេងទៀត ដូចជា តុលាការ អង្គភាពនគរបាល ឬកងរាជអាវុធហត្ថ ជាអាទ៍ ដែលគេចខ្លួនចេញពីការតាមឃ្លាំមើល។
២. អំពើរបស់ទណ្ឌិតដែលបានទទួលរបបពាក់កណ្ដាលសេរីភាព របបព្យួរទោស ឬរបបបែងជាប្រភាគនៃទោស ឬនៃការអនុញ្ញាតឱ្យចេញក្រៅពន្ធនាគារ ហើមិនវិលត្រឡប់មកពន្ធនាគារវិញ នៅពេលផុតរយៈកាលនៃសេរីភាព។
គួរបញ្ជាក់ថា មាត្រា ១២៧ ស្ដីពី “លក្ខខណ្ឌនៃរបបពាក់កណ្ដាលសេរីភាព” ចែងថា កាលណាតុលាការប្រកាសទោសដាក់ពន្ធនាគារតិចជាង ឬស្មើនឹង ប្រាំមួយខែ តុលាការអាចសម្រេចថា ទោសត្រូវបានអនុវត្តក្រោមរបបពាក់កណ្ដាលសេរីភាព ដើម្បីអនុញ្ញាតឱ្យទណ្ឌិតអាចបំពេញសកម្មភាពវិជ្ជាជីវៈ ទទួលការសិក្សា ឬការបណ្ដុះបណ្ដាល ឬការពិនិត្យព្យាបាលជំងឺ ឬជួយឧបត្ថម្ភដល់សេចក្ដីត្រូវការរបស់គ្រួសារ៕
“កម្ពុជាថ្មី” នឹងផ្សាយបន្តអំពី ស្ថានទម្ងន់ទោសនៃអំពើលួចរត់ និងការជួយសម្រួលដល់ការលួចរត់ ក្នុងករណីមានការប្រើអាវុធ ឬមានកិច្ចព្រមព្រៀងគ្នា នៅពេលក្រោយបន្តទៀត!
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់