ព័ត៌មានជាតិ
មន្ត្រីកម្ពុជា និងអ្នកវិភាគ ៖ ការដាក់ទណ្ឌកម្មរបស់អាមេរិក លើមន្ត្រីយោធាកម្ពុជា ២រូប គឺជាការបម្រើរបៀបវារៈនយោបាយរបស់ខ្លួនប៉ុណ្ណោះ
មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិភាគបញ្ហានយោបាយផងដែរ បានលើកឡើងថា ការដាក់ទណ្ឌជាឯកតោភាគីរបស់សហរដ្ឋអាមេរិក មកលើមន្ត្រីយោធាកម្ពុជា ២រូបកាលពីពេលថ្មីៗនេះ គឺរបៀបវារៈនយោបាយរបស់អាមេរិក ដែលធ្វើឡើងដោយហេតុផល ភូមិសាស្រ្ដនយោបាយរបស់ខ្លួនប៉ុណ្ណោះ។
ការលើកឡើងនេះ បន្ទាប់ពីក្រសួងរតនាគារ និងក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅនេះ បានដាក់ទណ្ឌកម្មដោយឯកតោភាគី លើលោកនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេក ទេសក្រសួងការពារជាតិ និងលោកនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដោយចោទថា ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងការអភិវឌ្ឍន៍តំបន់កងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ហើយថាជាការអនុវត្តច្បាប់ Global Magnitsky របស់ខ្លួន។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការសម្រេចជាឯកតោភាគី ជាសិទ្ធិរបស់សហរដ្ឋអាមេរិក ដែលចង់ដាក់ទណ្ឌកម្មនរណាម្នាក់ ហើយកន្លងមកសហរដ្ឋអាមេរិក បានធ្វើបែបនេះជាហូរហែរមកហើយ សម្រាប់ប្រទេស និងថ្នាក់ដឹកនាំ ដែលមិនស្ថិតក្រោមការបង្គាប់បញ្ជារបស់ខ្លួន។ ប៉ុន្តែសម្រាប់ប្រទេសមួយចំនួន ដែលត្រូវបានគេរាយការណ៍ថា មានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ គ្មានប្រជាធិបតេយ្យ និងគ្មានការបោះឆ្នោតជាដើមនោះ បែរជាសហរដ្ឋអាមេរិក ធ្វើមិនដឹង មិនលឺ ដោយសារតែជាសម្ព័ន្ធមិត្ត ឬកូនជឹងរបស់ខ្លួន។
លោក ជិន ម៉ាលីន មានប្រសាសន៍បន្តថា «ការសម្រេចជាឯកតោភាគីរបស់គាត់ហ្នឹង វាជាសិទ្ធិសេរីភាពរបស់គាត់ ប៉ុន្តែគ្រាន់តែថា ទង្វើរបស់គាត់ហ្នឹង គឺជាទង្វើមួយធ្វើខូចសណ្ដាប់ធ្នាប់ នយោបាយអន្តរជាតិ ខូចសណ្ដាប់ធ្នាប់ទំនាក់ទំនងអន្តរជាតិ ដែលប្រទេសមួយសម្រេចដាក់ទណ្ឌកម្ម ថ្នាក់ដឹកនាំប្រទេសមួយទៀត ជាឯកតោភាគី ដែលមិនឆ្លងតាមយន្តការ របស់អង្គការសហប្រជាជាតិ អញ្ចឹងនឹងនាំឲ្យមានភាពអនាធិបតេយ្យ ហើយអាចនាំឲ្យមានការសងសឹកដូចគ្នាអញ្ចឹង ពេលណាប្រទេសតូចៗ ប្រទេសមួយចំនួន ដែលរងភាពអយុត្តិធម៌ហ្នឹង គេនឹងរួមគ្នា ក្នុងការដាក់ទណ្ឌកម្ម និងចេញរបាយការណ៍រិះគន់វិញដូចគ្នា ព្រោះអីស្ថានភាពសិទ្ធិមនុស្សនៅអាមេរិកហ្នឹង ក៏វាមិនល្អអីជាងគេ ហើយក៏មានបញ្ហាមិនតិចជាងគេប៉ុន្មានដែរ»។
បើតាមមន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ ការសម្រេចរបស់អាមេរិកខាងលើនេះ គឺដើម្បីសម្រេចនូវរបៀបវារៈនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក មកលើមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា ២រូប កាលពីថ្ងៃពុធកន្លងទៅនេះ។ សេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ បានលើកឡើងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការ ចំពោះអំណាចយុត្តាធិការ ហួសព្រំដែនរបស់សហរដ្ឋអាមេរិក មកលើមន្ត្រីកម្ពុជា ក្រោមការចោទប្រកាន់គ្មានមូលដ្ឋាន ដែលធ្វើឡើងដោយហេតុផលភូមិសាស្រ្ដនយោបាយ។
សេចក្ដីថ្លែងការណ៍ បានលើកឡើងបន្តថា យុទ្ធនាការលាបពណ៌ និងការដាក់ទណ្ឌកម្មជាឯកតោភាគី របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងបុគ្គលសាធារណៈនៃរដ្ឋអធិបតេយ្យមួយ មិនត្រឹមតែបំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ។ ប៉ុន្តែបានបង្ហាញពីការមាក់ងាយទាំងស្រុង ដល់ឯករាជ្យភាព និងជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតផងដែរ។
រីឯលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយផងនោះ បានលើកឡើងដែរថា ការដាក់ទណ្ឌកម្មរបស់អាមេរិក មកលើមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា ២រូបនេះ គឺជាការបន្តនូវសេណារីយ៉ោ ចោទប្រកាន់របស់សហរដ្ឋអាមេរិក មកលើប្រទេសកម្ពុជា ពាក់ព័ន្ធនឹងមូលដ្ឋានយោធាចិន នៅមូលដ្ឋានយោធាជើងទឹករាម។ លោកបណ្ឌិត គិន ភា មានប្រសាសន៍ថា ទង្វើបែបនេះជាឥរិយាបថ និងចរិតនយោ បាយច្រើនជាង ដោយសារយើងឃើញថា ការប្រកួតប្រជែងខាងភូមិសាស្រ្ដនយោបាយរវាងចិន និងសហរដ្ឋអាមេរិកនេះ គឺសហរដ្ឋអាមេរិក បានប្រើប្រាស់នូវគ្រប់វិធីសាស្រ្ដ គ្រប់យុទ្ធសាស្រ្ដ និងសេណារីយ៉ោជាច្រើន ដើម្បីធ្វើយ៉ាងណាឲ្យមានអរិយភាព នៅក្នុងតំបន់ ក៏ដូចជាធ្វើឲ្យមានអរិយភាព នៅក្នុងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមិនសូវល្អូកល្អឹនស្រាប់។
អ្នកវិភាគរូបនេះ បានលើកឡើងបន្តថា តិច ឬច្រើន ការដាក់ទណ្ឌកម្មរបស់អាមេរិក មកលើមន្ត្រីកម្ពុជា នឹងធ្វើឲ្យមានភាពល្អក់កករ ឬភាពរកាំរកូស នៅក្នុងការទំនាក់ទំនងខ្លះរវាងប្រទេសទាំងពីរ។ ប៉ុន្តែលោកជឿជាក់ ទៅលើរាជរដ្ឋាភិបាលកម្ពុជា គឺនឹងព្យាយាមដោះស្រាយទៅលើបញ្ហានេះ ដោយមិនយកបញ្ហាមួយ ឬចំណែកណាមួយ ធ្វើឲ្យខូចទំនាក់ទំនងទាំងស្រុង ជាមួយសហរដ្ឋអាមេរិកនោះទេ។ លោកបណ្ឌិត គិន ភា បានលើកឡើងទៀតថា «យើងមិនយល់គ្នាកន្លែង ណា កន្លែងយើងព្យាយាមដោះស្រាយ តែកន្លែងអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន ខ្ញុំគិតថា រាជរដ្ឋាភិបាល គឺលោកមានភាពឆ្លាតវៃខ្លាំង ក្នុងនយោបាយការបរទេសបច្ចុប្បន្ននេះ អញ្ចឹងវាមិនមែនជាផ្ទាំងពពកខ្មៅដ៏ធំមួយ ដែលគ្របដណ្ដប់លើផ្ទៃនៃទំនាក់ទំនងទាំងមូល ក៏ប៉ុន្តែវាអាចនឹងធ្វើឲ្យប៉ះពាល់ ដល់ទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខ និងការពារជាតិ»។
ជាមួយគ្នានេះ អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើ លោកបណ្ឌិត គិន ភា មើលឃើញថា គឺជាជំហានដ៏ត្រឹមត្រូវ និងបានធ្វើជាបន្តបន្ទាប់។ ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឲ្យមានទស្សនកិច្ចរបស់អ្នកសារព័ត៌មាន និងសេនានុព័ន្ធយោធាបរទេស រាប់ទាំងសេនានុព័ន្ធយោធា របស់អាមេរិកផងដែរ ដែលបានទៅទស្សនកិច្ច នៅទីតាំងមូលដ្ឋានយោធាជើងទឹករាម។
ត្រង់ចំណុចនេះលោកបណ្ឌិត គិន ភា បានលើកឡើងបន្ថែមថា «អាហ្នឹង គឺជាសកម្មភាពការទូតមួយ ជាសកម្មភាពមួយ ដែលមានលក្ខណៈតម្លាភាព អាហ្នឹង គឺការបង្កលក្ខណៈឲ្យមានការជឿទុកចិត្តគ្នា ប៉ុន្តែការចោទប្រកាន់ធម្មតា គេមានសេនារីយ៉ោ យើងចង់ធ្វើបែបណា ក៏វាមិនអាចបំពេញទឹកចិត្តគេបានដែរ ទី១ គឺតម្លាភាពនៅក្នុងការងារហ្នឹង ខ្ញុំគិតថា តម្លភាពអស់ហើយ ទី២ រាជរដ្ឋាភិបាលព្យាយាម យើងគិតថា កម្ពុជាយើងគឺគប្បីហើយ គឺប្រកាន់នូវនយោបាយការបរទេសអព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធហ្នឹង ព្រោះយើងអត់បាន ទៅចុះកិច្ចព្រមព្រៀង ឬក៏សន្ធិសញ្ញាយោធាណាមួយ ជាមួយបរទេសណាមួយ ដើម្បីប្រឆាំងនឹងប្រទេសណាមួយទៀតទេ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៤ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ