ព័ត៌មានជាតិ
ក្រសួងការពារជាតិ ៖ អាមេរិកតែងតែបំពាន មកលើកម្ពុជាជានិច្ចកាល ដើម្បីតែផលប្រយោជន៍របស់ខ្លួន
ប្រតិកម្មរបស់ក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រសួងរតនាគារ និងក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនេះ បានប្រកាសពីការដាក់ទណ្ឌកម្មដោយឯកតោភាគីលើ លោកនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងលោកនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដោយចោទថា ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងការអភិវឌ្ឍតំបន់កងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងការពារជាតិ បានចាត់ទុកទង្វើនេះជាកាយវិការខ្វះវិចារណញ្ញាណ និងមានលក្ខណៈជាការបង្ករឿងឥតឈប់ឈរ ហើយក្រសួងការពារជាតិបញ្ជាក់ថា ជាច្រើនលើក ច្រើនគ្រាហើយដែលអាមេរិកព្យាយាមបំផ្លាញ នូវសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា មិនខុសពីអំពើពាលា យង់ឃ្នង ដែលប្រទេសមហាអំណាចមួយនេះ បានធ្វើមកលើប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀត ស្ទើរពាសពេញពិភពលោក ឲ្យទទួលរងភាពហិនហោចខ្លោចផ្សា ទាំងនៅក្នុងអតីតកាល ក៏ដូចជាក្នុងពេលបច្ចុប្បន្ន។
បើតាមក្រសួងការពារជាតិ អាមេរិកនៅតែយកបញ្ហានៃការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ជាលេសសម្រាប់ធ្វើការកៀបសង្កត់ ទោះបីជាកម្ពុជាខិតខំបង្ហាញអំពីភាពស្មោះត្រង់ សម្បទាន សុចរិត និងស្មារតីរក្សាមិត្តភាព យ៉ាងណាក៏ដោយ។ សម្រាប់បញ្ហាមូលដ្ឋានរាមនេះ ក្រសួងការពារជាតិ បានបកស្រាយជាច្រើនលើកច្រើនសារ ស្ទើរតែគ្រប់រូបភាព ដើម្បីបញ្ជាក់ថា អធិបតេយ្យរបស់ខ្លួន កំពុងត្រូវបានការពារយ៉ាងដាច់ខាត ហើយការធ្វើទំនើបកម្មនេះទៀតសោត ពុំមែនជាការគម្រាមកំហែងដល់សន្តិសុខរបស់ប្រទេសណាមួយ ដូចការចោទប្រកាន់ទាំងនោះទាល់តែសោះ។
ក្រសួងការពារជាតិ បានអះអាងថា ខ្លួនតែងតែបង្ហាញនូវសុឆន្ទៈ គោរពអធិបតេយ្យរបស់ប្រទេសដទៃ ដោយចាត់ទុកថា គឺជាការគោរពផលប្រយោជន៍គ្នាទៅវិញ ទៅមក និងមិនចង់ឲ្យមានអរិភាពរវាងគ្នា។ ផ្ទុយទៅវិញ អាមេរិកតែងតែបំពានមកលើកម្ពុជាជានិច្ចកាល ដើម្បីតែផលប្រយោជន៍របស់ខ្លួន និងការកេងចំណេញនៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។
ក្រសួងការពារជាតិ ប្រកាសប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើអមិត្តរបស់អាមេរិក ហើយចាត់ទុកថា ការប៉ុនប៉ងប្រកបដោយមហិច្ឆតាឈ្នានីស និងទម្លាប់រំលោភលើអធិបតេយ្យរបស់អ្នកដទៃនេះ នឹងមិនបានទទួលជោគជ័យជាដាច់ខាត នៅក្នុងការធ្វើឲ្យកម្ពុជាត្រឡប់ទៅរកសោកនាដកម្ម ដែលបង្កឡើងដោយការជ្រៀតជ្រែកពីខាងក្រៅ សាជាថ្មីទៀត នោះឡើយ។
ទោះជាក្នុងតម្លៃណាក៏ដោយ ក្រសួងការពារជាតិ ប្រកាសប្រកាន់ជំហររឹងមាំ នៅក្នុងការការពារផលប្រយោជន៍របស់កម្ពុជា និងខិតខំកសាងទំនាក់ទំនងល្អ ជាមួយបណ្តាមិត្តភ័ក្រ្តទាំងឡាយ ដែលប្រកាន់យកសុឆន្ទៈ គោរពផលប្រយោជន៍គ្នាទៅវិញទៅមក៕
អត្ថបទ៖ កោះកែវ





-
សន្តិសុខសង្គម៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់