ព័ត៌មានជាតិ
កម្ពុជា-ចិន ឯកភាពគ្នាជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យកើនឡើងដល់ ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ
ការឯកភាពគ្នាជំរុញពាណិជ្ជកម្មនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាមួយរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់អ្នកព័ត៌មាននៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ និងឯកឧត្តម Li Keqiang បានពិភាក្សាគ្នាទាក់ទងទៅនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិផងដែរ។

នៅក្នុងក្របខណ្ឌទ្វេភាគី ភាគីទាំងពីរបានពិភាក្សាគ្នាលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម បញ្ហាកសិកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ទាក់ទងករណីនេះ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម Li Keqiang បានជំរុញពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់១០ពាន់លានដុល្លារក្នុងមួយឆ្នាំ និងបានឯកភាពគ្នាដាក់ឲ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នៅខែមករា ឆ្នាំ២០២២ខាងមុខ។

លើវិស័យកសិកម្ម ឯកឧត្តម Li Keqiang បានយល់ស្របឲ្យធ្វើការរួមគ្នារវាងភាគីទាំងពីរ ដើម្បីពិភាក្សាគ្នា ចរចាគ្នាលើការនាំអង្ករចូលទៅប្រទេសចិន និងកសិផលមួយចំនួនទៀតទៅចិនដោយផ្ទាល់ តាមរយៈការបង្កើតយន្តការរួមគ្នាមួយ ដើម្បីពិនិត្យមើលលទ្ធផលទាំងឡាយណា ដែលត្រូវនាំចេញពីកម្ពុជា ទៅប្រទេសចិន ដើម្បីធ្វើឲ្យការនាំចេញនេះ ជាការនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន។
ទាក់ទងទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកឧត្តម Li Keqiang អះអាងថា ចិននឹងបន្តជួយដល់កម្ពុជា និងផ្ដល់ជូននូវវ៉ាក់សាំង ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ហើយនឹងមកដល់កម្ពុជានៅពេលឆាប់ៗខាងមុខ រួមទាំងជំនួយមួយចំនួនទៀតពាក់ព័ន្ធទៅនឹងវិស័យសុខាភិបាល។

លើវិស័យអប់រំ ភាគីចិននឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជា សម្រាប់ឆ្នាំ២០២២ និង២០២៣ ចំនួន៥៥០០ អាហារូបករណ៍រយៈពេល៥ ឆ្នាំ ហើយក៏កំពុងតែគិតពិចារណាផងដែរ ដើម្បីបើកឲ្យនិស្សិតកម្ពុជាបានត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញនាពេលឆាប់ខាងមុខ។
ជាមួយគ្នានោះ ឯកឧត្តម Li Keqiang បានអះអាងថា នឹងផ្ដល់ជំនួយដល់កម្ពុជា នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខផងដែរ។
សូមបញ្ជាក់ថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តម លី ខឺឈាង ហើយសម្ដេចក៏បានផ្តាំផ្ញើសួរសុខទុក្ខដល់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ សម្តេចតេជោបានថ្លែងអំណរគុណដល់មិត្តចិន ដែលតែងតែថ្វាយបដិសណ្ឋារកិច្ចយ៉ាងកក់ក្តីចំពោះព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ដែលយាងព្រះរាជទស្សនកិច្ចពិនិត្យសុខភាពនៅប្រទេសចិន ហើយសម្ដេចក៏បានអបអរសាទរខួបលើកទី១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិន ដែលបានធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០២១កន្លងទៅ។

សម្តេចតេជោ បានកោតសរសើរចំពោះរដ្ឋាភិបាល នៃប្រជាជនចិនដែលបានលុបបំបាត់ទាំងស្រុងនូវភាពទីទាល់ក្រនៅក្នុងសង្គមចិន និងបានអបអរសាទរផងដែរ ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន ដែលបានកើនឡើងដល់៩,៨ ភាគរយ សម្រាប់៩ខែដំបូងនៃឆ្នាំ២០២១នេះ ហើយសម្ដេចសង្ឃឹមថា ក្រោមការដឹកនាំរបស់ឯកឧត្តមស៊ីជីងពីង ប្រទេសចិននឹងបន្តរីកចម្រើនខ្លាំងក្លាឡើងថែមទៀត៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ