ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាជាង៣លាន៨សែនដុល្លារ បន្ថែមសម្រាប់សាងសង់ចំណតរថយន្តនិង តភ្ជាប់បណ្តាញលូ នៅក្រុងសៀមរាប
កាលពីចុងសប្តាហ៍ថ្ងៃ អាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសាលសន្និសីទ សុខា សៀមរាប ស្តីពីវឌ្ឍនភាពការងារនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប រហូតមកដល់ពេលនេះសម្រេច បាន៩០%ហើយ នៅ១០%ទៀតនឹងធ្វើឲ្យរួចរាល់ត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ហើយគ្រប់ផ្លូវ ទាំងអស់ត្រូវតែរៀបចំឲ្យស្អាត មាន របៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយបរិស្ថានល្អ។

សម្តេចបានបន្តទៀតថា ជាមួយគ្នានេះយើងក៏បានជួបបញ្ហាមួយ ចំនួន ដូចជាការឲ្យប្រជាពលរដ្ឋស្នើសុំភ្ជាប់ប្រព័ន្ធលូ ទឹកភ្លៀង និងទឹកកខ្វក់ពី លំនៅឋានចូលក្នុងបណ្តាញរបស់រដ្ឋ ដោយតម្រូវឲ្យ ប្រជាពលរដ្ឋត្រូវបង់ប្រាក់ និង បញ្ហាមួយទៀត គឺចំណតរថយន្ត។ ដោយករណីបញ្ហាទាំងនេះហើយ ពេលនេះត្រូវដោះស្រាយ បានរួចរាល់ហើយ។ សម្ដេចពិជ័យសេនាបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន សម្រេចផ្តល់ថវិកាចំនួនជាង៣លាន៨សែន ដុល្លារអាមេរិក សម្រាប់សាងសង់ចំណតរថយន្តតាមបណ្តោយផ្លូវជាតិលេខ៦ ដែលមានប្រវែងជាង២ពាន់ម៉ែត្រ និង តភ្ជាប់បណ្តាញលូ ទឹកភ្លៀង និងទឹកកខ្វក់ពីលំនៅឋានប្រជាពលរដ្ឋចូលក្នុងបណ្តាញរដ្ឋ ដែលមាន ប្រមាណជាង១២ពាន់ ២៩៩តំណរ ដែលស្ថិតក្នុងគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ ដែលជាចំណងដៃថ្មីមួយទៀត ដែលសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ឥឡូវនេះផ្លូវទាំង៣៨ខ្សែត្រូវបាន ស្ថាបនាស្អាតជាបន្តបន្ទាប់ រីឯនៅតាមបណ្ដោយដងស្ទឹងខេត្តសៀមរាបក៏ចាប់ផ្តើមមានសោភ័ណភាព ស្អាតជាបណ្តើៗ ហើយផងដែរ។ សម្តេចក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគ្នាថែរក្សាទ្រព្យសម្បត្តិ ដែលជាសមិទ្ធផលក្រោមដំបូលសន្តិភាព ឲ្យបានគង់វង្ស ជាពិសេសត្រូវចូលរួមសម្អាត នៅតាមមុខគេហដ្ឋានរៀងៗខ្លួនឲ្យបានស្អាត ដើម្បីទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ នៅពេលខាងមុខនេះ។ សម្តេចក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុង សៀមរាប សូមកុំមានការភ័ន្តច្រឡំ ចំពោះការស្ថាបនាផ្លូវក្នុងក្រុងសៀមរាប ទាំង៣៨ខ្សែ គឺត្រូវបានស្ថាបនាបានរួចរាល់ ជាបន្តបន្ទាប់ តែចំពោះផ្លូវមួយចំនួនដែលកំពុងបានស្ថាបនាមានការយឺតយ៉ាវ ស្របទៅនឹងគម្រោងផ្លូវ៣៨ខ្សែនោះ គឺផ្លូវទាំងនោះជាគម្រោងរបស់រដ្ឋបាលខេត្ត និង គម្រោងផ្សេងៗទៀតផងដែរ។
សូមបញ្ជាក់ថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅ ប្រែក្លាយក្រុងប្រវត្តិសាស្ត្រ សៀមរាប.អង្គរ ឲ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញទៅដោយសោភ័ណភាពបរិស្ថានល្អ សម្រាប់ការរស់នៅឲ្យសក្ដិសមជាទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនា កម្សាន្តបានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានការរីកចម្រើន។

សម្តេចពិជ័យសេនា បានឲ្យដឹងទៀតថា នៅដើមឆ្នាំ២០២២ខាងមុខនេះ ផែនការរបស់រដ្ឋាភិបាល និង បើកឲ្យភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួច ចូលមកកម្សាន្ត សំខាន់នៅថ្ងៃទី១០ មករា ២០២២ខាងមុខនេះ នឹងបើកការហោះហើរជាលើកដំបូងឡើងវិញមកកាន់ខេត្តសៀមរាប ។ សម្តេចបានបញ្ជាក់ថា សមិទ្ធផលថ្មីៗទាំង៣៨ខ្សែនៅលើទឹកដីក្រុងបុរាណ និង ធ្វើឲ្យភ្ញៀវទេសចរកាន់តែមានការពេញចិត្ត បានមកម្តងហើយចង់មកម្តងទៀត៕
ដោយ ៖ គឿនវេត


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង