ព័ត៌មានជាតិ
អភិបាលរាជធានីស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កសាងរោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសណ្តរស្ទឹងព្រែកត្នោត
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកសាងរោងចក្រផលិតទឹកស្អាតថ្មី មួយកន្លែងទៀត នៅសណ្តរស្ទឹងព្រែកត្នោតភាគខាងលិចរាជធានីភ្នំពេញ ដោយយកទឹកពីស្ទឹងព្រែកត្នោតមកផលិតជាទឹកស្អាត ដើម្បីចែកជូនទៅប្រជាពលរដ្ឋ ចំនួន៣ខណ្ឌនៅជាយរាជធានីភ្នំពេញ ខណៈដែរ ការផ្តល់ទឹកស្អាត នៅក្នុងរាជធានីភ្នំពេញមិនទាន់គ្រប់គ្រាន់នៅឡើយនោះ។

ការស្នើបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើង នារសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១នេះខណៈដែលលោក អនុញ្ញាតឱ្យលោកឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចូលសំដែងការសួរសមនិងជំរាបរាយការណ៍ជូនពីបច្ចុប្បន្នភាពការងារនៃការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា លោកមិនមែនជាជំនាញពាក់ព័ន្ធនឹងការងារផលិតទឹកស្អាតនោះទេ ប៉ុន្តែអ្វីដែលលោកមើលឃើញនោះគឺ លោកចង់អោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបង្កើតរោងចក្រផលិតទឹកស្អាតមួយថ្មីទៀត នៅសណ្តរស្ទឹងព្រែកត្នោត ពោលគឺយកទឹកពីស្ទឹងព្រែកត្នោត មកផលិតជាទឹកស្អាត ដើម្បីផ្គត់ផ្គង់ទឹកស្អាតទៅឲ្យ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខណ្ឌ៣នៅជាយក្រុង ក្នុងនោះមានខណ្ឌកំបូលខណ្ឌ ខណ្ឌដង្កោនិងខណ្ឌពោធិ៍សែនជ័យ។ ការងារនេះលោកឃួង ស្រេង ស្នើឲ្យខាងរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញសហការជាមួយនឹងក្រសួងធនធានទឹក ដើម្បីសិក្សា។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេងក៏បានណែនាំដល់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ពិសេសលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ត្រូវណែនាំអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យពីការយកតម្លៃទឹកស្អាតពីបងប្អូនកម្មករ កម្មការិនី នៅតាមផ្ទះជួល ដោយលោកស្នើឲ្យអាជ្ញាធរធ្វើយ៉ាងណាសម្របសម្រួលជាមួយ ម្ចាស់ផ្ទះជួល ដើម្បីកុំឲ្យពួកគាត់យកតម្លៃទឹកស្អាតថ្លៃហួសហេតុពេក គឺត្រឹមតែយកតម្លៃផ្ទះជួលបានហើយ កុំយកចំណេញពីទឹកប្រើប្រាស់ថែមទៀត។

លោកឃួង ស្រេង បានបញ្ជាក់ទៀតថា មានកម្មករកម្មការិនីរោងចក្រប្រមាណជាង៦០ម៉ឺននាក់បាននិងកំពុងបំពេញការងារនៅតាមបណ្តារោងចក្រនានា នៅក្នុងរាជធានីភ្នំពេញ ហើយពួកគាត់ភាគច្រើន មកជួលផ្ទះគេស្នាក់នៅ។ ក្នុងនាមជាអាជ្ញាធរយើងត្រូវគិតពីសុខទុក្ខរបស់ពួកគាត់។
ពាក់ព័ន្ធទៅនឹងការជីកកកាយទ្រូងផ្លូវដើម្បីដាក់បំពង់ទុយោទឹកស្អាត លោកឃួង ស្រេង ក៏បានជំរុញឲ្យជំនាញពាក់ព័ន្ធ ត្រូវធ្វើការជួសជុលឡើងវិញឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចទទួលយកបាន ក្រោយពីការជីកដាក់បំពង់ទុយោទឹកស្អាតរួចរាល់។
ក្រោយជំនួបនោះដែរ លោកឃួង ស្រេង ក៏បានទទួលអំណោយពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះផងដែរ ដើម្បីយកទៅឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋនិងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះ បានឧបត្ថម្ភមករដ្ឋបាលរាជធានីភ្នំពេញ នូវអង្ករចំនួន២០តោន អាកុល២០កាននិងម៉ាស់ចំនួន២០០០០ម៉ាស់៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?