ព័ត៌មានជាតិ
លោក Wang Wentian ៖ ការព្រួយបារម្ភពីប្រសិទ្ធភាពវ៉ាក់សាំងចិន គ្រាន់តែជាការគិតច្រើនតែប៉ុណ្ណោះ
លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការព្រួយបារម្ភអំពីប្រសិទ្ធ ភាព និងសមត្ថភាព នៃវ៉ាក់សាំងចិន គ្រាន់តែជាការគិតច្រើនតែប៉ុណ្ណោះ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីប្រគល់ និងទទួលជំនួយវ៉ាក់សាំងពីរដ្ឋាភិបាល និងប្រជាជនចិនចំនួន ២លានដូស នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ នៅឯព្រលានយន្ដហោះអន្តរជាតិភ្នំពេញ។
ថ្លែងនៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក Wang Wentian បានលើកឡើងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ចិន មកដល់ប្រទេសកម្ពុជាលើកទី ១ គឺជាវ៉ាក់សាំងស៊ីណូហ្វាម។ នៅពេលនោះ ទោះបីជាប្រសិទ្ធភាព និងសមត្ថភាព នៃវ៉ាក់សាំង ត្រូវបានទទួលស្គាល់ ដោយឆ្លងកាត់ធ្វើការតេស្តសាកល្បង និងតេស្តពិសោធន៍ក៏ដោយ។ ប៉ុន្តែដោយសារតែការយល់ដឹងពីវាក់សាំង និងវីរុស មិនទាន់គ្រប់គ្រាន់ ការព្រួយបារម្ភពីប្រសិទ្ធភាព និងសមត្ថភាព នៃវ៉ាក់សាំងតែងតែមាន ហើយរូបលោកផ្ទាល់ក៏ដូច្នេះដែរ។

ប៉ុន្តែមកដល់ពេលនេះ ភាពជាក់ស្ដែងបានបង្ហាញច្បាស់ហើយថា «ការព្រួយបារម្ភទាំងនេះ សុទ្ធសឹងតែជាការគិតច្រើនតែប៉ុណ្ណោះ» ដែលរហូតមកដល់ពេលនេះ ភាគីចិនបានផ្ដល់វ៉ាក់សាំងមកដល់កម្ពុជាជិត ៣៩លានដូសហើយ ស្មើនិងជាង ៩០ភាគរយនៃវ៉ាក់សាំង ដែលកម្ពុជាទទួលបាន។
លោកឯកអគ្គរដ្ឋទូត បានអះអាងទៀតថា លោករីករាយ ដោយបានមើលឃើញថា អត្រានៃការចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជា មានចំនួនច្រើនលើសលប់ ហើយឈានមុខគេនៅលើពិភពលោក ហើយចំនួននៃការឆ្លងមេរោគ ក៏បានធ្លាក់ចុះនៅត្រឹមតែពីរខ្ទង់ ហើយអ្នកឆ្លងភាគច្រើនមានសភាពស្រាល។ ដោយឡែកថ្មីៗនេះ សកម្មភាពមមារញឹកមួយចំនួន នៅរាជធានីភ្នំពេញ បានវិលត្រឡប់មកវិញ ហើយប្រជាជនកម្ពុជា ចាប់ផ្តើមមានស្នាមញញឹមដ៏ស្រស់ស្អាត។ ចំណែកការវិវត្តន៍ នៃសង្គមសេដ្ឋកិច្ចនៅកម្ពុជា ក៏កំពុងកំរើកឡើងវិញ ជាបន្តបន្ទាប់ផងដែរ។
លោក Wang Wentian បានបញ្ជាក់ដែរថា ប្រឈមមុខ ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានទប់ស្កាត់ប្រកបដោយជោគជ័យ និងមានការទទួលស្គាល់ពីមហាជន។ លោកថា ទាំងនេះហាក់ដូចជាចៃដន្យ តែមិនមែនទេ វាមានមូលហេតុជាច្រើនគឺ៖ ទី១, កម្ពុជាមានការដឹកនាំដ៏រឹងមាំពីរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ជានាយករដ្ឋមន្ត្រី មានគោលនយោបាយទប់ស្កាត់ការរីករាលដាល និងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ យកប្រជាជនជាធំ។

លោកថា ដើម្បីជួយសម្រាលបន្ទុកប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការណ៍ចត្តាឡីស័កដោយឥតគិតថ្លៃ ព្យាបាលដោយឥតគិតថ្លៃ និងចាក់សាំងដោយឥតគិតថ្លៃ ហើយរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការចំគោលដៅ ដោយកាត់បន្ថយការរំខាន ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ អ្វីដែលសំខាន់ទៀតនោះ គឺរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការចាក់វ៉ាក់សាំង វាជាមធ្យោបាយដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ និងបានកំណត់គោលដៅចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ នេះសបញ្ជាក់ឲ្យឃើញថា ជាការសម្រេចចិត្តដល់ឈ្លាសវៃ ប្រកបដោយវិទ្យាសាស្រ្ត និងប្រកបដោយយុទ្ធសាស្ត្រ ដែលធ្វើឲ្យប្រទេសកម្ពុជា ទទួលបានជោគជ័យ។
ទី២, កម្ពុជាមានការគាំទ្រជាយុទ្ធសាស្ត្រ នៃសហគមន៍វាសនារួម រវាងចិន និងកម្ពុជា ហើយចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩មក ប្រជាជនប្រទេសទាំងពីរ បានរួមសុខរួមទុក្ខជាមួយគ្នា គឺខណៈដែលវីរុសកូវីដ-១៩ កំពុងរីករាលដាលនៅប្រទេសចិន ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រមទាំងសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ការគាំទ្រយ៉ាងខ្លាំង ចំពោះប្រទេសចិន ហើយនៅពេលដែលកម្ពុជារីករាលដាល ចិនក៏បានតបស្នងសងគុណវិញ ដោយផ្ដល់ការគាំទ្រ ដើម្បីទប់ស្កាត់ជំងឺនេះ តាមគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ដែលមានការផ្តល់សាំង និងសម្ភារៈទប់ស្កាត់ជាដើម។

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ប្រទេសចិន និងកម្ពុជា គឺជាបងប្អូន ដែលប្រៀបដូចជាដៃ និងជើង ស្គាល់ចិត្តគ្នាទៅវិញទៅមក ហើយដរាបណាការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា នៅមិនទាន់បញ្ចប់ ការផ្ដល់ជំនួយរបស់ចិន មកដល់ប្រទេសកម្ពុជា ក៏មិនអាចមួយបញ្ឈប់បានដែរ។ ប្រជាជនចិន នៅតែឈរជាមួយប្រជាជនកម្ពុជា ជានិច្ច។
សូមបញ្ជាក់ថា វ៉ាក់សាំងប្រភេទ Sinovac ចំនួន ២លានដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន បានមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ហើយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញប្រគល់ និងទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត